ព័ត៍មានទាន់​ហេតុការណ៏
Search
T-07-17-16-eee-full

ប៊ែ​ល​ធី​សហការ​រៀបចំ​ការតាំង​ពិព័រណ៍​អប់រំ លើក​ទី​២ ជាមួយ​សាកលវិទ្យាល័យ​២៥ មកពី​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​សហការ​រៀបចំ​កា​រ​តាំង​ពិព័រណ៍​អប់រំ​ខេត្ត​ក្វាង​ស៊ី លើក​ទី​២ (The 2nd Guangxi Education Exhibition in Cambodia) ជាមួយ​សាកលវិទ្យាល័យ​ចំនួន​២៥ មកពី​ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឡាន ធាន​លី​អភិបាលរង​តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​លោកជំទាវ​ប៊ូ ជៀន​ហ៊្គូ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៦។

លោក លី ឆេង អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​ជា​សកលវិទ្យាធិការ សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្ដរជាតិ បាន​ឲ្យ​ដឹង​ថា ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្ដរជាតិ បាន​សហការ​ជាមួយ មន្ទីរអប់រំ​ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹកនាំ​ដោយ​លោក ឡាន ធាន​លី​អភិបាលរង​ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ​ចំនួន​៥៥​នាក់ មកពី​២៥ សាកលវិទ្យាល័យ បាន​រៀប​ចំ​ការ​តាំង​ពិព័រណ៍​អប់រំ ជា​លើក​ទី​២ ក្នុង​គោលបំណង​បង្កើន និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ជាមួយ​សាកលវិទ្យាល័យ​មកពី​ខេត្ត​ក្វាង​ស៊ី ក៏ដូចជា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​កម្មវិធីសិក្សា វគ្គ​សិក្សា ទីតាំង ឈ្មោះ​សាកលវិទ្យាល័យ ស្ថានភាព​រស់នៅ ការ​ចំណាយ​ផ្សេងៗ​និង​សេចក្តី​លម្អិត​ដទៃទៀត ជូន​ចំពោះ​សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ទាំងអស់​ដែលមាន​បំណង​បញ្ជូន​បុត្រ​ធីតា​របស់ខ្លួន​ទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ។

លោក បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា កន្លងមក ប៊ែ​ល​ធី​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​អង្គការ​និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ដូច​ជា ទី​១.​ចក្រភព​អង់គ្លេស ចំនួន​៥៖ -​សាកលវិទ្យាល័យ Regent’s University London-​សាកលវិទ្យាល័យ York Saint John University-​មហាវិទ្យាល័យ Cambridge Tutors College -Springboard4Cambodia-​និង​មជ្ឈមណ្ឌល IELTS ពី​British Council UK, ទី​២.​សហរដ្ឋអាមេរិក ចំនួន​៣ ៖ -​មហាវិទ្យាល័យ Shoreline Community College -TOEFL iBT ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ETS-McGraw Hill Education, ទី​៣.​ប្រទេស​សិង្ហ​បុរី ចំនួន​១៖ -​វិទ្យាស្ថាន East Asia Institute of Management (EASB), ទី​៤.​ប្រទេស​ចិន ចំនួន​៨៖​ ​-​សាកលវិទ្យាល័យ Youjiang Medical University-​សាកលវិទ្យាល័យ Guilin University of Technology-​សាកលវិទ្យាល័យ Guilin Medical University-​សាកលវិទ្យាល័យ Guangxi University of Foreign Language-​សាកលវិទ្យាល័យ Guangxi University of Nationalities-​សាកលវិទ្យាល័យ Guizhou Medical University-​សាកលវិទ្យាល័យ WUHAN University-​និង​សាកលវិទ្យាល័យ Guilin University of Aerospace Technology​ទី​៥.​ប្រទេស​កូរ៉េ ចំនួន​២៖-​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ IYF-​និង​សាកលវិទ្យាល័យ Sangmyung University​ទី​៦.​ប្រទេស​ជប៉ុន ចំនួន​១៖-​សាកលវិទ្យាល័យ HOSEI University និង​ទី​៧.​ប្រទេស​ម៉ាឡេស៊ី ចំនួន​២៖-​សាកលវិទ្យាល័យ Kuala Lumpur University-​និង​សាកលវិទ្យាល័យ Taylor University​។

ប៊ែ​ល​ធី ក៏​មាន​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ ២​គឺ​ ទី​១- TOEFL iBT ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ETS សហរដ្ឋអាមេរិក និង​ទី​២-​មជ្ឈមណ្ឌល IELTS ពី​British Council UK​។ ជា​លទ្ធផល ប៊ែ​ល​ធី បាន​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​តាមរយៈ​កម្មវិធី​”​អាហារូបករណ៍​ឧកញ៉ា​លី ឆេង​”​សរុប​ចំនួន ៤១​នាក់ ថ្នាក់​បរិញ្ញាបត្រ​ចំនួន៣៨​នាក់ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​០៣​នាក់ ក្នុង​នោះ​ទៅ​ចក្រភព​អង់គ្លេស​ចំនួន ១១​នាក់ សិង្ហ​បុរី ចំនួន ២៩​នាក់ និង​ប្រទេស​ចិន ចំនួន ០១​នាក់។

លោកស្រី​ប៊ូ ជៀន​ហ៊្គូ​ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ការអប់រំ​ជំរុញ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​ទៅមុខ​ថ្កុំថ្កើង ហើយ​ប្រទេស​ចិន ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ដែរ ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​ការ​បង្កើន​ល្បឿន​នៃ​វិស័យ​អប់រំ គឺជា​បេសកកម្ម​មួយ ដែល​ប្រទេស​យើង​ទាំងពីរ​រួមគ្នា​ពុះពារ និង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​។

លោកស្រី​បន្ត​ថា កន្លងមក​ប្រទេស​ចិន​បាន​ខិតខំ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន និង​កម្ពុជា​ក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ហើយ​ចិន​បាប​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ភាគី​កម្ពុជា ក្នុង​បុព្វហេតុ​អប់រំ​និង​បណ្តុះ​បណ​តា​ល ធនធានមនុស្ស​។​

ជាមួយគ្នា​នោះ​ដែរ លោក ឡាន ធាន​លី​អភិបាលរង​តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ថ្លែង​ថា ជំនួស​ឲ្យ​រដ្ឋាភិបាល​លោក​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការរៀបចំ​ពិព័រណ៍​អប់រំ​នេះ និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ដែល​បាន​ផ្តល់​ទីតាំង​សម្រាប់​ការ​តាំងពិព័រណ៍​នា​ពេល​នេះ​។

លោក​បញ្ជាក់​ថា ​ប្រទេស​ចិន និង​កម្ពុជា ជា​ប្រទេសជិតខាង​ល្អ​នឹង​គ្នា តាំងពី​យូរ​ណាស់​ហើយ ហើយ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា​ឈាន​ចូល​ដល់​ដំណាក់កាល​មួយ គឺ​ដៃគូ​សហការ​គ្រប់​ជ្រុងជ្រោយ។

លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន របស់ ប៊ែ​ល​ធី​គ្រុប ក៏ដូចជា​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​គុណភាព​អប់រំ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ។

លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា តាម​រយៈ​ការ​តាំង​ពិព័រណ៍​នេះ កិច្ច​សហ​ហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៃ​ប្រទេស​ទាំងពីរ ពិតជា​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ជា​លំដាប់​។ លោក​សង្ឃឹមថា ពិព័រណ៍​នេះ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រវាង គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៃ​ប្រទេស​ទាំងពីរ ក៏​ដូចជា​ការ​ផ្តល់​កាលានុវត្តនភាព​ដល់​និស្សិត​កម្ពុជា ក្នុង​ការ​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស ជាពិសេស​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែល​មាន​ប្រព័ន្ធ​អប់រំ​ប្រកបដោយ​គុណភាព​។

លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ឧ​ត្តម​សិក្សា​នៃ​ប្រទេស​ទាំងពីរ ឲ្យ​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា លើ​ទិដ្ឋភាព​មួយ​ចំនួន ដូចជា ១)​កម្មវិធី​ផ្លាស់ប្តូរ​សាស្ត្រាចារ្យ និង​និស្សិត ២) កម្មវិធី​ធ្វើការ​ស្រាវជ្រាវ​រួមគ្នា ៣) ការផ្ទេរ​ក្រេ​ឌី​ត និង​ទទួលស្គាល់​សញ្ញាបត្រ ៤) ការអភិវឌ្ឍ​កម្មវិធីសិក្សា និង ៥) ការ​ផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធន៍​លើ​ការធានា​គុណភាព​អប់រំ ក្នុង​ទិសដៅ​លើកកម្ពស់​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ ដើម្បី​ឆ្លើយតប​ទៅ​និង​និន្នាការ​ថ្មី នៃ​ការ​រីកចម្រើន​របស់​ពិភពលោក​ដោយ​ផ្អែកលើ​ពុទ្ធិ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី ប៊ូ ជៀន​ហ៊្គូ ឯកអគ្គរាជទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ឡាន ធាន​លី អភិបាលរង​ខេត្ត ក្វាង​ស៊ី និង​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​ចូលរួម​រៀបចំ​ការ​តាំងពិព័រណ៍​នា​ពេល​នេះ និង​បាន​ជូនពរ ដល់​គណៈ​ប្រតិភូ​ទាំងអស់ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំពេញបេសកកម្ម​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

T-07-17-16-eee-full T-07-17-16-ee-full T-07-17-16-e-full T-07-17-16-eeee-full T-07-17-16-eeeee-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684