ព័ត៍មានទាន់​ហេតុការណ៏
Search
M17-07-16-e

មេ​ប៉ុស្តិ៍​ឃុំ​ទ្រៀល ​រង​ការ​ចោទ​ប្រកាន់​​ថា ​វ៉ៃ​ខ្នោះ​ធ្វើ​ទារុណកម្ម​មក​លើ​ពលរដ្ឋ​ម្នាក់​ដូច​សត្វ​ធាតុ

កំពង់ធំ​ ៖ ​ប្រជាពលរដ្ឋ​ និង​សាច់ញាតិ ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ បាន​ចោទ​​លោក គ្រី​សារិទ្ធ មេ​ប៉ុស្តិ៍​ឃុំ​ទ្រៀល​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ថា ​ចាប់​ក្មេង​ឈ្លោះ​គ្នា ​១​ក្រុម មាន​គ្នា​៤​នាក់​ នៅ​star mart មួយ​កន្លែង ក្នុង​ភូមិ​រលង​ថ្មី ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ហើយ​ធ្វើ​ទារុណកម្ម​វាយដំ​បង្ក​ស្នាមរបួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ចូល​​​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។

ជនរងគ្រោះ ​មាន​ឈ្មោះ​ លោក​ឌឹ​ម វ​ណ្ណៈ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ​​ត្រូវ​បាន​លោក ប៉ូលិស​ប៉ុស្តិ៍ វាយដំ​រហូត​ជាំ​ពេញ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ដាច់ពោះ​វៀន​២​កំណាត់​ ក្រោយពី​ពេទ្យ​កេតុមាលា នៅ​ឯ​ក្រុងភ្នំពេញ​បាន​ពិនិត្យ​រួច និង​២​នាក់​ទៀត​ ឈ្មោះ ផល ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ រង​របួស​ស្រាល និង​ឈ្មោះ ​អុច ធី​ម ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ របួស​គ្រាំ​ក្នុង ​ពី​បទ (​ស្រវឹង​ស្រា​ជេរ​ឡូឡា​) កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦​កន្លងមក។

តាម​ការ​ឲ្យ​ដឹង​ពី​បងប្រុស​ជនរងគ្រោះ​បាន​ប្រាប់​ថា ​កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ប្អូន​របស់​ខ្លួន​ឈ្មោះ ឌឹ​ម វ​ណ្ណៈ​ អាយុ​២៧​ឆ្នាំ និង​ឈ្មោះ ផល អាយុ​២៤​ឆ្នាំ​ជា​មិត្តភក្តិ បាន​ជិះ​ម៉ូតូ​ទៅរក​បង្អែម​ញ៉ាំ ហើយក៏​ចូលទៅ​Star Mart ​​​​ប្រទះ​ក្មេង​ស្ទាវ​១​ក្រុម​ឈ្លោះ​គ្នា​រហូត​វ៉ៃ​តប់​គ្នា។ ពេល​នោះ ពួកគេ​ទាំង​២​ក៏បាន​រត់ចេញ​ក្រៅ​star Mart តែ​កាមេរ៉ា​សុវត្ថិភាព​​​ចាប់​រូបភាព​បាន លុះ​ស្អែក មេ​ប៉ុស្តិ៍​ឃុំ​ទ្រៀល ក៏​មក​ចាប់​ប្អូន​របស់​លោក ​និង​មិត្ត​ភ​ក្កិ​ យក​ទៅ​វ៉ៃ​ដំ​ច្រំ​ធាក់​តាម​អំពើ​ចិត្ត​ ថែមទាំង​បញ្ជូន​ទៅ​វ៉ៃ​នៅ​ប៉ុស្តិ៍​ថែមទៀត រហូត​ប្អូន របួស​គ្រាំ​ពេញ​ខ្លួន។ ក្រោយមក​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ព្រះកេតុមាលា នៅ​ក្រុង​ភ្នំពេញ ​ដោយ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា ​ដាច់​ពោះវៀន ជា​ពីរ​កំណាត់ និង​គ្រាំ​ក្នុង​សព្វ​ពេញ​ខ្លួន​ និង​លលាដ៍​ខួរក្បាល។ ជនរងគ្រោះ​បញ្ជាក់​ថា ​ខ្លួន​មិនបាន​ពាក់ព័ន្ធ​ក្នុង​រឿង​វ៉ៃ​តប់​គ្នា​ទេ ​ ​ហើយ​ក្នុង​ថ្ងៃ​ចាប់​នោះ​ សមត្ថកិច្ច​បាន​យក ​អត្តសញ្ញាណប័ណ្ណ ១​សន្លឹក ទូរស័ព្ទ ចុច​ពិល​១ ​ទូរស័ព្ទ ម៉ាក​សាម​សុង ១​គ្រឿង លុយ បាត​២០០០​បាត ​តែ​មិន​ឃើញ​ប្រគល់​ឲ្យ​ខ្លួន​​​វិញ​ទេ។

លោក គ្រី សារិទ្ធ មេ​ប៉ុស្តិ៍​ឃុំ​ទ្រៀល មិនបាន​ធ្វើការ​បកស្រាយ​ឲ្យ​យើង​បាន​ដឹង​នោះ​ទេ គ្រាន់តែ​ប្រាប់​ឲ្យ​តេ​ទៅ​សួរ លោក កែ​កញ្ញា​នា អធិការរង ​​ហើយ​លោក​​អធិការ​រង​បាន​ប្រាប់​ថា ឈ្មោះ ឌឹ​ម វ​ណ្ណៈ ​និង ឈ្មោះ​ផល នេះ​បាន​យក ផ្លែ​ដែក ឆាប​ទៅ​ចាក់​ជនរងគ្រោះ​ម្ខាង​ទៀត របួសធ្ងន់ ​កំពុង​ដេក​នៅ​មន្ទីរពេទ្យ​មិនទាន់​ចេញ​នៅឡើយ​ទេ ហើយ​ការ​ចុះ​ចាប់​ជនល្មើស​ទាំង​២​នាក់​នេះ​គឺ​ចាប់​តាម​ដីកា ព្រះរាជអាជ្ញា​និង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ ព្រមទាំង​តាម​​កាមេរ៉ា​​សុវត្ថិភាព​ នៅ​នឹង​កន្លែង​កើតហេតុ។ ចំណែក​រឿង លោក គ្រី​សារិទ្ធ មេ​ប៉ុស្តិ៍​ទ្រៀល វ៉ៃ​ដំ​លើ​រូប ឌឹ​ម វ​ណ្ណៈ និង ផល នោះ លោក​ពុំ​បានដឹង​ទេ។

ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​លោក ជូ​សំអាន ស្នងការ​ខេត្ត​កំពង់ធំ​ពិនិត្យ​លើ ករណី​លោក​មេ​ប៉ុស្តិ៍​ឃុំ​ទ្រៀល​ ​​ធ្វើ​ទារុណកម្ម​វ៉ៃ​ដំ​លើ​រូប ​ជនរងគ្រោះ​ឌឹ​ម វ​ណ្ណៈ​ រហូត​ដាច់​ពោះវៀន​ជា​២​កំណាត់ និង​គ្រាំ​ក្នុង​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ផង ​​ព្រម​ទាំង​សុំ​ឲ្យ​ដក​លោក មេ​ប៉ុស្តិ៍​ទ្រៀល​នេះ​ចេញពី​ស្រុក​បារាយណ៍ បើ​ទុក​ទៅ​ទៀត ប្រជាពលរដ្ឋ​មិន​គាំទ្រ​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684