ព័ត៍មានទាន់​ហេតុការណ៏
Search
M17-07-16-f2

YRDP​​ សហការ​ រៀបចំ​វេទិកា​យុវជន​ស្ដីពី​ «​ពរជ័យ​កំណប់​ធនធាន​» នៅ​សៀមរាប

សៀមរាប​ ៖ ​ តាមរយៈ​នៃ​វេទិកា​យុវជន ​ស្តីពី​ ( ពរជ័យ​កំណប់​ធនធាន ) គេ​រំពឹង​ទុក​ថា គឺជា​ការ​ផ្តល់​ឱកាស ដើម្បី​ឲ្យ​យុវជន ទទួលបាន​នូវ​ចំណេះដឹង ពី​ការ​វិវត្ត​នៃ​វិស័យ​រ៉ែ ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា ព្រមទាំង​ទទួល​បាន ការ​យល់ដឹង​អំពី​យន្តការ យុទ្ធសាស្ត្រ​នានា ក្នុង​ការ​គ្រប់គ្រង​ចំណូល ពី​វិស័យ​នេះ ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព។

នេះ ​ជា​ការ​លើកឡើង​ដោយ​លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦ នៅក្នុង​សន្ទរកថា បើក​វេទិកា​យុវជន​ក្រោម​ប្រធានបទ ស្តីពី ( ពរជ័យ​កំណប់​ធនធាន ) ដែល​សហការ​រៀបចំឡើង​ដោយ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(YRDP) និង យុវជន​ស្ម័គ្រចិត្ត​របស់ YRDP ។ វេទិកា​នេះ បើក​ដំណើរការ​ក្រោម​វត្តមាន​ចូលរួម​ដោយ​វាគ្មិន​សំខាន់ៗ មកពី​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​សម្បទាន​ប្រេងកាត របស់​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​​ឋាមពល​ អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ អគ្គនាយកដ្ឋាន​ពន្ធដារ​​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​មកពី​ស្ថាប័ន សម្ពន្ធភាព​កម្ពុជា ដើម្បី​តម្លាភាព​ និង​ចំណូល​ធនធាន។

លោក ជាង សុខា នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(YRDP) បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​YRDP បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ និស្សារណកម្ម ទៅដល់​យុវជន​នៅ​ក្រុង​សៀមរាប។ លើក​មុនៗ មាន​យុវជន​ប្រមាណ​ជា ៧០០​នាក់ មកពី​សាកលវិទ្យាល័យ និង​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​ផង​ដែរ ក្នុង​នោះ​មាន​យុវនារី​ប្រមាណ​ជា ៣៧% បាន​ចូលរួម។ សម្រាប់​លើក​នេះ មាន​យុវជន​ជា​និស្សិត ប្រមាណ​ជា ៣០០​នាក់​បាន​ចូលរួម ក្នុង​នោះ​រួមមាន​ទាំង​ព្រះសង្ឃ មន្ត្រី​តំណាង​មកពី​មន្ទីរ​-​អង្គភាព​ដែល​ពាក់ព័ន្ធ និង​មាន​វត្តមាន​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ផងដែរ។

លោក ជាង សុខា បាន​លើកឡើងថា វិស័យ​ប្រេងកាត ឧស្ម័ន និង​រ៉ែ ដែល​ភាសា​បច្ចេកទេស​ហៅថា ( ឧស្សាហកម្ម​និស្សារណកម្ម ) និង​មានន័យ​ជា​សាមញ្ញ​ថា ការ​ដកហូត​វត្ថុធាតុដើម តាមរយៈ​ប្រតិបត្តិ​ការ​ទាញយក​ប្រេងកាត ឧស្ម័ន និង​រ៉ែ​ក្រោម​ដី គឺ​វា​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​គ្រប់គ្រង ហើយ​វា​គឺជា​វិស័យ​មួយ ដែល​អាច​នឹង​ផ្តល់​ពរជ័យ​ពី​ភោគទ្រព្យ​ធនធានធម្មជាតិ​ទាំងនោះ​ផងដែរ បើសិនជា​ប្រទេស​នោះ មាន​យន្តការ​ច្បាប់​ក្នុង​ការ​គ្រប់គ្រង ការ​ធ្វើ​អាជីវកម្ម​បានល្អ​ប្រសើរ ក៏ប៉ុន្តែ​បណ្តា​ប្រទេស​ខ្លះ បែរជា​ត្រូវ​ទទួល​សារបណ្ណ​ទៅវិញ ឧទាហរណ៍ ដូចជា​ប្រទេស​កុ​ហ្គោ អង់​ហ្គោ​ឡា និង​ប្រទេស​ស៊ូដង់ ជាដើម ត្រូវ​ហែកហួរ​ដោយ​សង្គ្រាមស៊ីវិល ចំណែក​ឯ​ប្រទេស នី​ហ្សេ​រី​យ៉ា ត្រូវបាន​ទទួលរង​គ្រោះ​ដោយ​ការរីក​រាល​នៃ​អំពើ​​ពុករលួយ។

លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើងថា កម្ពុ​ជាមាន​ធនធានធម្មជាតិ​ជាច្រើន ក្នុងនេះ​រាជរដ្ឋាភិបាល បាននិងកំពុង​ព្យាយាម​ជំរុញ​ការ​វិនិយោគ​លើ​ធនធាន​ប្រេងកាត និង​ឧស្ម័ន ក្នុង​គោលបំណង​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ។

បើ​យោង​តាម​របាយការណ៍​ប៉ាន់ស្មាន​របស់​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​២០០៦ បាន​បង្ហាញ​ថា កម្ពុជា​នឹង​អាច​ទទួល​បាន​ប្រហែល ២​ពាន់​លាន​បារ៉ែល​នៃ​ប្រេងកាត និង ១០​ពាន់​លាន​គូប​នៃ​ឧស្ម័ន។ នៅ​ក្នុង ប្លុក​A ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន​ចំនួន​ប្រហែលជា ២ ០០០ បារ៉ែល ក្នុង​មួយថ្ងៃ។ ចំណែក​ឯ​នៅ​តំបន់​ត្រួតស៊ីគ្នា (OCA) រវាង​កម្ពុជា​និង​ថៃ ដែល​លាតសន្ធឹង​ប្រហែល ២៧ ០០០ គីឡូម៉ែត​ក្រឡា គេ​ប៉ាន់ប្រមាណ​ថា តំបន់​នោះ​មាន​សក្ដានុពល​ឧស្ម័ន រហូត​ទៅដល់ ១១​ពាន់​លាន ហ្វី​ត​គូប និង​មិន​ទាន់​បាន​បូក​បញ្ចូល បរិមាណ​ប្រេង​នៅឡើយ​នោះ​ទេ។

លោក គឹម ឆៃ​ហៀ​ង បាន​គូសបញ្ជាក់ថា លើ​ការងារ​គ្រប់គ្រង​ធនធាន​ទាំងនេះ វា​គឺជា​វិញ្ញាសា​ថ្មី​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ហេតុ​ដូច្នេះ​ហើយ ទើប​ការរៀបចំ​ច្បាប់​ដែល​ពាក់ព័ន្ធ នឹង បទប្បញ្ញត្តិ​ផ្សេងៗ ត្រូវបាន​ជំរុញ​ធ្វើ​ឲ្យ​បានសម្រេច​ទាន់ពេលវេលា ដោយមាន​ការប្រឹក្សា​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​ត្រូវ​បាន​យកចិត្តទុកដាក់​ដល់​ការអភិវឌ្ឍ​​ធនធានមនុស្ស ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ និង​ការ​បង្កើត​ផែនការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សម្រាប់​មនុស្ស​ជំនាន់​នេះ​ និង​កូនចៅ​ជំនាន់​ក្រោយៗ នៃ​ចំណូល​ដែល​បាន​មកពី​វិស័យ​នេះ។ លោក​បាន​សង្កត់​ធ្ងន់​ថា ទាំងអស់​នេះ គឺ​ប្រការ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជា​ចម្បង ក្នុង​ការធានា ទទួលយក ពរជ័យ ចេញពី​វិស័យ​នេះ៕

M17-07-16-f3

M17-07-16-f1

M17-07-16-f



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684