ព័ត៍មានទាន់​ហេតុការណ៏
Search
5716

ពលរដ្ឋ​ក្នុងភូមិ​គោក​លន់​ស្រុក​ព្រះនេត្រព្រះ ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពី​រដ្ឋាភិបាល​

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​លន់​ក្នុង​ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះ​នេ​ត្រះ​ ខេត្តបន្ទាយមាន​ជ័យ ​កាល​ព្រឹក​ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៥​ ក្រោម​អធិបតីភាព លោក គោ ស៊ុំ​សារឿ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​លើ​១.០៧៥​ក្បាលដី​ពី​រដ្ឋាភិបាល​តាម​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ថ្នាក់​ខេត្ត​។​

លោក លី សារី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ត្រូវ​ផ្តល់​ជូន​ពលរដ្ឋ​មាន​ចំនួន​១០៧៥​ក្បាលដី ​ស្ថិត​ក្នុងភូមិ​គោក​លន់​។ ​ការ​ផ្តល់​ប័ណ្ណ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​អនុវត្ត​គោល​នយោ​បាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល និង​ទៅតាម​កម្មវិធី​វិស័យ​រដ្ឋបាល​ដីធ្លី​ថ្នាក់​ខេត្ត​។​

លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចែក​ដី​ និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធី​លើ​ដី​ជា​បន្តបន្ទាប់​ជូន​ប្រជាពលរដ្ឋ​ ហើយ​ចំពោះ​ប័ណ្ណ​កម្មសិទ្ធិ​នេះ​វា​បាន​បញ្ជាក់​ពី​កម្មសិទ្ធិ​នៃ​ការ​កាន់កាប់​ និង​រស់នៅ​ស្របច្បាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ជា​វត្ថុ​ដ៏​មានតម្លៃ​ដែល​អាច​និយាយ​បាន​ថា​ជា​អាយុជីវិត ជា​មាសប្រាក់​ដែល​យើង​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្សេង​ទៀត​ក្រៅពី​ការ​សង់​លំនៅដ្ឋាន ​និង​ការ​បង្កបង្កើនផល ការ​យក​ទៅ​ដាក់បញ្ចាំ​ធានា​សម្រាប់​ការខ្ចី​ពី​ធនាគារ​ដើម្បី​ពង្រីក​មុខរបរ​លើកស្ទួយ​ជីវភាព​គ្រួសារ អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ទេរ លក់ ឬ​ធ្វើ​អំណោយ​ផ្សេងៗ​។​ លោក​បន្ត​ថា ការចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​អាច​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដែល​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ​និង​កាត់បន្ថយ​ទំនាស់​ដីធ្លី​។​

លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ពេល​ដែល​ក្រុមការងារ​ចុះ​វាស់វែង​ត្រូវ​កំណត់​ទីតាំង​ព្រំ​ដី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​ការ​មាន​ទំនាស់​ព្រំដី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684