ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-03-15-a-full

លោក​ហង់ ជួនណា​រ៉ុ​ន​ស្វាគមន៍​ប្រតិភូ​ប៉េតង់​អាស៊ាន

ប្រតិភូ​កីឡា​ប៉េតង់​អាស៊ាន​ដែល​មក​ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​២ នៅ​ភ្នំពេញ បាន​មកដល់​កម្ពុជា​ហើយ កាល​ថ្ងៃទី​០២​មេសា​២០១៥​លើកលែងតែ​ខាង​ប្រ៊ុយណេ​មួយ​ប៉ុណ្ណោះ​មិនទាន់​មកដល់។

ជាមួយនឹង​ការ​មក​ដល់​នេះ លោក​ហង់​ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា​កម្ពុជា បាន​ទទួល​ស្វាគមន៍​និង​អនុញ្ញាត​អោយ​ចូល ជួប​សំណេះសំណាល នា​ព្រលប់​ថ្ងៃទី ២​មេសា​ដដែល​នោះ នៅ​ទីស្តីការ​ក្រសួង។

ក្នុង​ជំនួប​សំណេះសំណាល​នោះ ខាង​កម្ពុជា​មាន​មាន​លោក​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​អ៊ុក សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា និង លោក​ឧ​ត្ត​ម​សេនីយ៍​ព្រហ្ម ឌិន អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង នៃ​ប្រទេស​កម្ពុជា។ ប្រតិភូ​កីឡា​ប៉េតង់​អាស៊ាន​ដែល​មក មាន​សឹង្ហ​បូរី ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម កម្ពុជា ឯ ប្រ ទេស​ប្រ៊ុយណេ​មក​មិនទាន់​ដល់ ប៉ុន្តែ​បាន​ផ្ញើ​ឈ្មោះ​មក​ហើយ។ ចំពោះ​ប្រទេស​ថៃ​មានតែ​មន្ត្រី​ប៉ុណ្ណោះ​ដែល​មក ឯ កីឡាករ​កីឡាការិនី​មិន​មាន​មក​ចូលរួម​ប្រកួត​ឡើយ។

លោក Khamla Vinlaythong ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អាស៊ាន ក៏បាន​អញ្ជើញ​មក​ដែរ ក្នុងនាម​ជា​អ្នកត្រួតពិនិត្យ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​២​នេះ។

ជាមួយនឹង​ការ​ជួប​សំណេះសំណាល​នេះ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​រៀប​ចំ​ពិធី​ជប់លៀង​មួយ​ដល់​ប្រតិភូ​នៃ​បណ្ដា​ប្រទេស​ដែល​មក​ចូលរួម​ប្រកួត​នេះ។

កម្ពុជា​បាន​ទទួល​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី ២ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ៣​ដល់ ៥ មេសា​នា​ពហុ​កីឡដ្ឋាន​ជាតិ។ ព្រឹត្តិការណ៍​នេះ មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៦៩​នាក់ ដែល​ក្នុង​នោះ​កីឡាករ​-​កីឡាការិនី​កម្ពុជា​ចំនួន ៣១ នាក់ ដែល​ត្រូវ​ចូលរួម​ប្រកួត លើ​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​៣​នាក់ បុរស នារី និង​យុវជន និង​វិញ្ញាសា​វាយ​យក​ពិន្ទុ បុរស នារី និង​យុវជន។

គួរ​បញ្ជាក់​ថា មន្ត្រី​បច្ចេកទេស​ដែល​មកពី​បណ្តា​ប្រទេស​អាស៊ាន គឺ​មាន​ចំនួន ២២​នាក់​៕

វិសិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684