ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​ខ្យល់​កន្ត្រាក់​បាក់​ដំបូល​អគារ​រាជ​បណ្ឌិតសភា​កម្ពុជា​ សង្កត់​ឡាន​ពីរ​គ្រឿង

ភ្នំពេញ ៖ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ចាស់ដៃ​ រួចមក​បណ្ដាល​ឲ្យ​ដំបូល​នៃ​អគារ​​នៃ​សាលា​រាជ​បណ្ឌិតសភា​កម្ពុជា​ ដែល​ធ្វើ​អំពី​ឆ្អឹង​ដែក​ប្រក់​ក្បឿង​បាន​រលំ​បាក់​ធ្លាក់​​សង្កត់​រថយន្ដ​របស់​បុគ្គលិក​ដែល​បំរើ​ការងារ​នៅក្នុង​នោះ​អស់​ចំនួន​ពីរ​គ្រឿង​ តែមិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។​

បើ​តាម​នគរបាល​ប៉ុស្តិ៍​កា​កាប​បាន​ឲ្យ​ដឹង​ថា​ ការ​រលំ​បាក់​នេះ​វា​បាន​កើតឡើង​តាំងពី​វេលា​យប់​ម្ល៉េះ ​ពោល​​គឺ​ខណៈពេល​មេឃ​ភ្លៀង​លាយឡំ​ និង​ខ្យល់​កន្ត្រាក់​កាលពី​ព្រលប់​ថ្ងៃទី​២២​ ខែមេសា​ ឆ្នាំ​២០១៥ ដែល​អគារ​​រាជ​បណ្ឌិត​សភា​នេះ​ ស្ថិតនៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា រថយន្ដ​ពីរ​គ្រឿង​ដែល​ត្រូវ​ដំបូល​អគារ​រលំបាក់​សង្កត់​លើ​នោះ​ទី​១​-រថយន្ដ​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​RX300​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2K-6343 ​ដែល​មាន​ម្ចាស់​ឈ្មោះ​មុត សុ​ម៉េ​ត ​ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​និង​ទី​២-​រថយន្ដ​ម៉ាក​តូយ៉ូតា​វី​ហ្គោ​ ពណ៌ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-6694 ​ដែល​មាន​ម្ចាស់​ឈ្មោះ​សួន ឱសថ ដែល​ម្ចាស់​ឡាន​ទាំងពីរ​គ្រឿង​នេះ​ជា​បុគ្គលិក​បម្រើការ​ងារ​នៅក្នុង​រាជ​បណ្ឌិត​សភា​កម្ពុជា​​។​

ប្រភព​បន្ដ​ថា ដំបូល​អគារ​នេះ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​ និង​២៦​ម៉ែត្រ​ធ្វើ​អំពី​ឆ្អឹង​ដែក​ប្រក់​ក្បឿង ដែល​មូលហេតុ​ នៃ​ការ​រលំ​បាក់​នេះ​ បណ្ដាលមកពី​មាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច ដែល​ជា​ធម្មតា​រថយន្ដ​របស់​បុគ្គលិក​ទាំង​ពីរ​នាក់​នោះ​បាន​ទុក​នៅ​ទីនោះ​ហើយក៏គេ​មិន​ដឹងថា វារ​លំបាក់​តាំងពី​ពេលណា​ដែរ​។ រហូតមកដល់​ព្រឹក​ឡើង ខណៈ​ពេល​ដែល​គេ​ចូល​ធ្វើការ​វិញ​ក៏​ឃើញ​ដំបូល​អគារ​នោះ​រលំបាក់​សង្កត់​លើ​ឡាន​បាត់​ទៅហើយ​ បណ្ដាល​ឲ្យ​រថយន្ដ​ទាំងពីរ​គ្រឿង​នោះ​រង​ការខូចខាត​យ៉ាងដំណំ​។​

គួរ​រំលឹក​ថា ដើមរដូវ​វស្សា​ឆ្នាំនេះ​គ្រាន់តែ​ចាប់ផ្ដើម​មាន​ភ្លៀង​ធ្លាក់​ភ្លាម ​ក៏​មាន​ខ្យល់​បក់បោក​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន ​នៅតាម​បណ្ដា​ខេត្ត​ក្រុង​នានា​រង​ការ​ខូច​ខាត​ជា​បន្តបន្ទាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684