ភ្នំពេញ ៖ សាសនាណា ក៏ដូចសាសនាណាដែរគឺ ពិតជាមិនអាចកាត់ផ្ដាច់ពីសង្គមបានទេ សាសនា ជាការគ្រប់គ្រងអារម្មណ៍ និងជំនឿ រីឯសង្គម គឺការគ្រប់គ្រងជីវិតរស់នៅ ហេតុនេះត្រឹមតែធម៌អាថ៌សាសនា ទោះបីល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើមនុស្សដែលដឹកនាំសង្គមនោះមិនបានប្រកប ដោយលក្ខណៈសម្បត្តិ គ្រប់គ្រាន់ទេនោះ។ អត្តន័យនេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចក្នុងពេល តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីជោហ៊ុន សែន ក្នុងឱកាសបិទពិធីសូត្រគម្ពីរអាល់គួរអាន នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ នៅព្រះវិហារបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកជំទាវម៉ែន សំអន បានបញ្ជាក់យ៉ាងច្បាស់ថា សាសនា បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដោយសាសនា បានរួមចំណែក ក្នុងការកសាងសង្គមជាតិប្រកប ដោយសីលធម៌ និងចរិយាធម៌ល្អ ។ ការដឹកនាំសាសនាទាំងនៅផ្នែកពុទ្ធចក្រក៏ដោយ ទាំងនៅផ្នែកអាណាចក្រក៏ដោយ និងនៅផ្នែកហាម៉ាត់ឥស្លាមក៏ដោយ គឺសុទ្ធតែបុគ្គលនោះគោរព្ធប្រតិបត្ដិតែអំពើល្អដូចគ្នា តែត្រង់ថា បុគ្គលនោះគោរពតាមគម្ពីរ ធម៌អាថ៌ក្បួនច្បាប់លិខិតបទដ្ឋានផ្សេងៗ ទោះបីល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់គ្រាប់គ្រាន់ដែរ សម្រាប់ទទួលបានជោគជ័យនៅក្នុងសហគមន៍។ ការពិត គឺវាទាមទារឲ្យមានមនុស្សជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌ ចរិយាធម៌ល្អទើបវាប្រសើរ។ ជាក់ស្តែង សាសនា ឥស្លាមយើងនាំគ្នា ប្រារព្ធពិធីសូត្រគម្ពីរអាល់គួរអាននោះមិនទាន់គ្រាប់គ្រាន់នៅឡើយទេ ពោលគឺយើងទាមទារឲ្យមានព្យាការីមហាម៉ាត់ ដែលជាអ្នកបកប្រែតាមរយៈការបង្ហាញ ជាសកម្មភាព ជាក់ស្តែង ដែលធ្វើឲ្យមនុស្សជំនាន់ នោះមើលឃើញ ពីការទទួលយកបាន ឲ្យក្លាយទៅជាសាវ័កជាឃោសនិកផ្សព្វផ្សាយ មានអ្នកជឿគោរពតាម និងក្លាយជាឃោសនិក បន្តបន្ទាប់ ធ្វើឲ្យសាសនានេះគង់វង្ស និងរីកសុះសាយមកទល់សព្វថ្ងៃ មាននៅគ្រប់ទីកន្លែង នៅលើពិភព លោក។
លោកជំទាវឧបនាយករដ្ឋមន្ត្រីបានបន្ដថា ប្រធានបទ ដែលបានដាក់ចេញ នៅក្នុងពិធីសូត្រគម្ពីអាល់គួរអានលើកទិ២៤ ស្តីទីឥស្លាម ជាសារសន្តិភាព និងសុខដុមរមនា នៅឆ្នាំនេះពិតជាបានបង្ហាញពីគុណធម៌ របស់គម្ពីរសាសនាឥស្លាម ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង និងរស់រវើកនៅក្នុងសហគមន៍ឥស្លាម សង្គមជាតិ និងអ្នកគាំទ្រ។ ជាមួយគ្នានោះដែរលោកសុះ កំរ៉ី ប្រធានគណៈកម្មការសូត្រគម្ពីរអាល់គួរអាន បានបញ្ជាក់ថា៖ ពិធីសូត្រគម្ពីរអាល់គួរអានថ្នាក់ជាតិលើកទី២៤នេះ ពុំមែនទើបតែកើតមាននៅពេលនេះទេ ពោលគឺកើតមានកាលពីសម័យព្រះរាជាណាចក្រកម្ពុជាទី១មកម្ល៉េះ។ លោកបន្តថា ដោយយោលទៅតាមស្ថានភាពនៃតំបន់ជាច្រើននៅលើពិភពលោក ដែលកំពុងតែកើតមានស្ថានភាពកាន់តែអាក្រក់ទៅៗ ដែលហៀបនិងមិនអាចផ្សះផ្សារបាននោះ គណៈកម្មការរៀបចំសូត្រគម្ពីរអាល់គួរអាន ថ្នាក់ជាតិទូទាំងប្រទេសលើកទី២៤ មកពីខេត្ដ រាជធានីបានរៀបចំឲ្យមានការជួបជុំគ្នារវាងថ្នាក់ដឹកនាំនៃឥស្លាមនិងសហគមន៍ ក្រោមប្រធានបទ សាសនាឥស្លាម ជាសារសន្តិភាព និងសុខដុមរមនា។
អត្ថន័យនេះក្នុងគោលបំណងផ្សព្វផ្សាយរបស់សាសនាឥស្លាម ដែលមានសារៈសំខាន់បំផុតនេះ ដើម្បីឲ្យសាសនិកឥស្លាមនៅទូទាំងប្រទេស និងនៅលើពិភពលោកទាំងមូល ចេះយោគយល់គ្នាអាធ្យាស្រ័យគ្នាចេះរួបរួមសាមគ្គីគ្នាទៅវិញទៅមកពិសេសដើម្បីញ៉ាំងឲ្យមនុស្សជាតិបានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក ឆ្ពោះទៅកាន់ការពង្រឹង និងពង្រីក សន្តិភាព និងភាពសុខដុមរមនាទៅថ្ងៃអនាគត់ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕