ព័ត៍មានទាន់​ហេតុការណ៏
Search
5638

ក្រុមហ៊ុន​វាសនា​ញូ​លែ​ន​ផូ​វើ​ នៅ​តែ​បន្ត​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ខ្លួន​ដល់ទី​ជនបទ​ដាច់​ស្រយាល​

ភ្នំពេញ ៖ ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ក៏​ដូចជា​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ដែល​ចុះ​ទន់​រកស៊ី​លើ​បណ្ដាញ​អគ្គិសនី​ ត្រូវ​ខិតខំ​ធ្វើ​យ៉ាង​ណា​ពង្រីក​បណ្ដាញ​របស់​ខ្លួន​ឱ្យ​បាន​ឆ្ងាយៗ ជាពិសេស​ទៅដល់​ទី​ជនបទ​ចុងកាត់មាត់ញក​ ដើម្បី​បម្រើ​តម្រូវការ​របស់​ប្រជាជន​បាន​ប្រើប្រាស់​ភ្លើង​ទាំងអស់គ្នា ​ហើយ​មានតម្លៃ​ថោក​ដែល​ពួកគាត់​អាច​ទទួល​យក​បាន ជា​ប្រយោជន៍​ចូលរួម​កាត់បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

ដូច្នេះ​ ក្រុមហ៊ុន​វាសនា​ញូ​លែ​ន​ផូ​វើ (vasnaNewladpower)​ដែល​មាន​លោក​វាសនា​ជា​នាយក​ក្រុមហ៊ុន​បាន​ចូល​រួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ខិតខំ​ពង្រីក​បណ្ដាញ​របស់​ខ្លួន​ឥត​ឈប់ឈរ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​ឆ្ងាយៗ​ដែល​មិន​ធ្លាប់​មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​ការ​តភ្ជាប់​បណ្ដាញ​ថាមពល​អគ្គិសនី​នីមួយៗ​ត្រូវ​ចំណាយ​អស់​ដើមទុន​យ៉ាងច្រើន។​

ជាក់ស្តែង ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​ដាំ​ដំឡើង​បង្គោល​ភ្លើង​ថ្មី​ត.​ភ្ជាប់​ពី​ភូមិ​ពាម ទៅ​ភូមិ​ដងគោម ​ឃុំ​កំពង់​អុស ​ស្រុក​ពញាឮ​ ខេត្តកណ្តាល ដែល​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​។​

លោក វាសនា នាយក​ក្រុមហ៊ុន​វាសនា​ញូ​លែ​ន​ផូ​វើ​បានឱ្យ​កម្ពុជា​ថ្មី​ដឹង​ថា ដើម្បី​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​សមាហរណកម្ម​លើ​បណ្ដាញ​អគ្គិសនី​ឱ្យ​បាន​ដល់ទី​ជនបទ​ដាច់​ស្រយាល​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២០ ឱ្យ​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់ៗ​គ្នា​។ ដូច្នេះ​ក្រុមហ៊ុន​របស់​លោក បច្ចុប្បន្ន​បាន​និង​កំពុង​ត.​ភ្ជាប់​បណ្ដាញ​ពី​ភូមិ​ពាម​ទៅ​ភូមិ​ដងគោម ឃុំ​កំពង់​អុស ​ស្រុក​ពញាឮ​ ខេត្តកណ្តាល ដោយ​លោក​សន្យា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ពន្លឿន​ក្នុង​ការ​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឱ្យ​បងប្អូន​ប្រជាជន​បាន​ប្រើប្រាស់​មុន​រដូវវស្សា​ឆ្នាំនេះ ហើយ​ការ​ភ្ជាប់​បណ្ដាញ​ក្រុមហ៊ុន​យើង​ភ្ជាប់​ដោយ​តម្លៃថោក​សមរម្យ​ដែល​បងប្អូន​ទទួល​យក​បាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684