ព័ត៍មានទាន់​ហេតុការណ៏
Search
065

តុលាការ​ខេត្ត​កណ្ដាល​ឃុំ​ខ្លួន​​ជន​សង្ស័យ​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ

កណ្ដាល ​៖​ សាលាដំបូង​ខេត្ត​កណ្ដាល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥ ​បាន​សម្រេច​ធ្វើ​ការ​ឃុំ​ខ្លួន​ជន​​សង្ស័យ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ក្រោម​បទ​ចោទប្រកាន់​រំលោភ​សេពសន្ថវៈ ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្ត​កណ្តាល។

ជន​សង្ស័យ ​ដែល​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​លោក​ទី សំណាង បាន​ចេញ​ដីកា​​បង្កាប់​ឲ្យ​ឃុំខ្លួន​លេខ​៦២១ ដ​.​ក​.​ស​.​ឃ​.​ខ​ចុះ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥ ពី​បទ​រំលោភ​សេពសន្ថវៈ​ តាម​មាត្រា​លេខ​២៣៩ នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ​នោះ​គឺ​ឈ្មោះ​ចាន់ សំ​អូន​ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល។

សូម​រំលឹក​ផង​ដែរ​ថា ជា​រៀងរាល់យប់​ជនរងគ្រោះ តែងតែ​ដេក​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​ជាមួយ​ប្ដី​របស់​ខ្លួន​ដែល​មាន​ជំងឺ។ នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៥ វេលា​ម៉ោង​២០​និង​៣០​នាទី ជនរងគ្រោះ​បាន​ចូល​ទៅ​ដេក​ជាមួយ​ប្ដី​ដូច​សព្វដង។ លុះ​ដល់​វេលា​ម៉ោង​០០​និង​៣០​នាទី​ឆ្លង​ចូល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ ជនល្មើស​បាន​លប​ចូល​ទៅ​ដេក នៅ​ចន្លោះ​កណ្ដាល​រវាង​ជនរងគ្រោះ​និង​ប្ដី ពេលនោះ ជនល្មើស​បាន​ធ្វើ​សកម្មភាព​លាត់​សំពត់​ជនរងគ្រោះ​រំលោភ ​​រហូត​បាន​សម្រេច​តែ​ម្តង។ ពេលនោះ​ជនរងគ្រោះ​បាន​គិត​ថា ប្ដី​របស់​ខ្លួន​ឈឺ​​ ទើប​មាន​ការ​ចាប់អារម្មណ៍​ថា មិនមែនជា​ប្ដី របស់ខ្លួន​ក៏​យក​ពិល​ចុច​បំភ្លឺ​មើល​បាន​ឃើញ​មុខ​ជនល្មើស តែគេ​បាន​រត់​គេចខ្លួនបាត់​។ ភ្លាម​នោះ​ជនរងគ្រោះ​ដេញ​តាម​រក ​ហើយ​ក៏​បាន​ជួប​ឈ្មោះ​ស៊ិន សល់ ​និង​ឈ្មោះ​អៀង ប៉ាវ ទើប​ជនរងគ្រោះ​​​ប្រាប់​អ្នក​ទាំង​០២​ឲ្យ​ដឹង​ពី​ហេតុការណ៍​ខាងលើ និង​ពឹង​ឲ្យ​ឈ្មោះ​ស៊ិន សល់ និង​អៀង ប៉ាវ ជួយ​រក​ជនល្មើស រហូតដល់​ម៉ោង​០២​​រំលង​អធ្រាត្រ ថ្ងៃខែ​ឆ្នាំ​ដដែល ក៏​បានឃើញ​ជនល្មើស ហើយ​ក៏​នាំយកមក​ផ្ទះ​របស់ខ្លួន រួច​​​រាយការណ៍​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​​ចាប់​ខ្លួន​តែម្ដង​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច បាន​នាំខ្លួន​ជនល្មើស មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ទើប​ជនល្មើស ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ ជនរងគ្រោះ​ឈ្មោះ​យ៉ាន់ ទុំ ពិតប្រាកដ​មែន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684