ព័ត៍មានទាន់​ហេតុការណ៏
Search
4931

តើ​គួរ​បន្ទោស​អ្នក​បោក​គេ ឬ​អ្នក​ត្រូវ​គេ​បោក​?

បច្ចុប្បន្ន​នេះ​ ព្រះពុទ្ធសាសនា​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន យក​មក​ធ្វើជា​កន្លែង​រកស៊ី ឬ​ជា​អាជីវកម្ម​សម្រាប់​ចិញ្ចឹម​គ្រួសារ​គេ​ទៅវិញ​។ បុគ្គល​ខ្លះ​ទៀត ស្លៀក​ស្បង់​ ដើរ​បិណ្ឌ​បាត្រ ដែល​មើលទៅ​ដូចជា​ព្រះសង្ឃ​មែនទែន ប៉ុន្តែ​ធាតុពិត​ពួកគេ​គ្រាន់តែ​ជា​ចោរ​សម័យថ្មី​តែប៉ុណ្ណោះ ពោល​គឺជា​ចោរ ដែល​ឆាប​ឆក់​យក​ជំនឿ​ទុកចិត្ត​របស់​អ្នក​គោរព​ព្រះពុទ្ធសាសនា​ខ្មែរ មក​ធ្វើជា​ជំនួញ ឬ​ដើរ​បោកប្រាស់​ពុទ្ធបរិស័ទ​។

ថ្មីៗ​នេះ​ផងដែរ ក៏មាន​បុគ្គល​ខ្លះ បាន​តាំងខ្លួន​ជា​ព្រះ ហើយ​បោកប្រាស់​ពុទ្ធបរិសទ្យ ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​យ៉ាង​មុតមាំ​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​មនុស្ស​ជាច្រើន​ភ្លូកទឹកភ្លូកដី នាំគ្នា​ទៅ​គោរព​បុគ្គល​នោះ ដោយ​យល់ថា​គេ​ជា​ព្រះសិអាមេត្រិយ ដែល​ត្រាស់ដឹង​ក្នុង​វត្ត​ទួល​រាជា​។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ជំនឿ​បែបៗ​នេះ តែងតែ​ចូលមក​រក​ប្រជាជន​ខ្មែរ ដែលមាន​ចំណេះដឹង​តិចតួច ឬ​មិន​ទទួលបាន​ព័ត៌មាន​ពី​សង្គម​ច្រើន​។ តើ​យើង​គួរតែ​បន្ទោស​អ្នកបោក​គេ ឬ​អ្នក​ដែល​ត្រូវគេ​បោក​?

ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ស្ទើរតែ​៩៥​ភាគរយ​បាន​គោរពបូជា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​មាន​ជំនឿ​ទៅលើ​វត្ថុ​ផ្សេងៗ ក៏​មិន​ត្រូវ​បាន​បោះបង់ចោល​ផងដែរ​។ ដោយសារតែ​ជំនឿ លើ​រឿង ដែល​មិន​សម​ហេតុផល​មួយ​ចំនួន​នោះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​បោកប្រាស់​តាមរយៈ​អប្បិយជំនឿ​ផ្សេងៗ ដោយ​មិន​ដឹង​ខ្លួន​។ ការ​ចាញ់បោក​ទៅលើ​រឿង ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​មាសប្រាក់ និង​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។

កន្លងមក​មាន​ជន​អន្ធពាល​មួយ​ចំនួន​បាន​យក​ព្រះពុទ្ធសាសនា ទៅ​ធ្វើជា​ល្បែង ឬ​ជា​ជីវកម្ម​របស់ខ្លួន​។ ជាក់ស្តែង​មាន​ជនខិលខូច​មួយ​ចំនួន​បាន​យក​ស្បង់​ដូចជា​ព្រះសង្ឃ ហើយ​ដើរ​បិណ្ឌ​បាត្រ ​ថវិកា​ពី​ប្រជាពលរដ្ឋ ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដែល​រហូតមក​ដល់​ពេល​នេះ​ ជន​ទាំងនោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​មួយ​ចំនួន​ដែរ​។ ទង្វើ​ទាំង​អស់​នេះ គឺជា​ល្បែង​រក​លាភ​របស់​ជនខិលខូច​ទាំងអស់នោះ ដោយ​គ្មាន​គិត​ពី​សាសនា​អ្វី​ទេ ពោល​គឺ​ឲ្យ​តែ​ពួកគេ​បាន​លុយ​។​

ថ្មីៗ​នេះ ក្នុង​ខេត្តកណ្តាល​មាន​បុគ្គល​មួយ​បាន​ព្យាយាម​តាំងខ្លួន​ជា​ព្រះ​សិ​អារ្យ​មេ​ត្រិ​យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន នាំគ្នា​គោរពបូជា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សូម្បីតែ​ព្រះសង្ឃ ដែលជា​សាវក​របស់​ព្រះសម្មាសម្ពុទ្ធ ក៏បាន​ថ្វាយបង្គំ​បុគ្គល​ស្លៀកពាក់​ស​នេះដែរ​។ ផ្ទុយទៅវិញ តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចែកចាយ​នោះ បាន​ឲ្យ​ដឹងថា​បុគ្គល​នេះ បែរជា​អង្គុយ​រាប់​លុយ​ទៅវិញ ខណៈ​មនុស្ស​មួយចំនួន​កំពុង​ក្រាបថ្វាយបង្គំ​។ ដូច្នេះ តើ​តួអង្គ​ព្រះ ដែលជា​បុគ្គល​លះបង់​គ្រប់បែប​យ៉ាងនោះ​អាច​អង្គុយ​រាប់​លុយ​បានដែរ ឬទេ​?

​នេះ​មិន​ខុស​ពី​ការ​បោកប្រាស់​អ្នក​កាន់​ព្រះពុទ្ធសាសនា​នោះទេ ហើយ​មិន​ខុសពី​សង្ឃ​ក្លែងក្លាយ ដែល​យក​ព្រះពុទ្ធសាសនា​មករក​ស៊ី ពោល​គឺ​បោកប្រាស់​ពុទ្ធបរិស័ទ ដែលមាន​ជំនឿ​យ៉ាង​មុតមាំ​នឹង​ព្រះពុទ្ធសាសនា​នោះ។ តើ​បុគ្គល​នេះ មាន​អ្វី​អស្ចារ្យ​ម៉្លេះ​បានជា​មនុស្ស​មួយចំនួន លង់​ជឿ​រហូតដល់​ឱន​ក្រាប​ដល់​បាតជើង​នោះ​?

ការយក​សាសនា​មក​បោកប្រាស់​ប្រជាពលរដ្ឋ​បែបនេះ មិន​ខុស​អ្វី​ពី​ការ​ជាន់ឈ្លី​ព្រះពុទ្ធសាសនា​ទេ​។ ដូច​អ្វីដែល​យើង​បានដឹងហើយថា ព្រះពុទ្ធសាសនា គឺជា​សាសនា​រដ្ឋ​។ ដូច្នេះ សាសនា ជា​វិស័យ​មួយ ដែល​មិនមាន​អ្នកណា​អាចមក​ជ្រៀតជ្រែក​រំលោភបំពាន​បានឡើយ​។ នៅក្នុង​សាសនា បាន​បង្កប់​នូវ​វប្បធម៌ ប្រពៃណី ផ្សេងៗ​ជាច្រើន ដែល​បន្សល់ទុក​តាំងពី​សម័យបុរាណ​។ ដូច្នេះ បើ​សាសនា​ត្រូវ​បាន​ជន​មួយ​ចំនួន​តួយ៉ាង​ដូចជា​បុគ្គល​ធាន វុទ្ធី​នេះ ជាដើម យក​សាសនា ដែល​មនុស្ស​គ្រប់​គោរព​មក​ធ្វើបែបនេះ មានន័យថា​គេ​កំពុងតែ​បំផ្លាញ​នូវ​ការ​គោរព​បូជា​លើ​ព្រះពុទ្ធសាសនា​ហើយ។ សរុប​មក​បុគ្គល​ធាន វុទ្ធី​នេះ គឺជា​បុគ្គល ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោម​រូបភាព​ជា​ព្រះ​សិរ​អារ្យ​មេត្រី​យ។

ម្យ៉ាងវិញទៀត វា​ក៏​ជា​សារ​មួយ​សម្រាប់​មនុស្ស​មួយចំនួន ដែល​តែងតែ​មាន​ជំនឿ​លើ​អ្វីមួយ​ដោយ​គ្មាន​ហេតុផល​ដែរ​។ តួយ៉ាង​ដូចជា ​ការទិញ​ចេក​មួយ​ស្និត​តម្លៃ​ជាង​៤​ម៉ឺន​រៀល ដែល​បាន​កើតឡើង​ក្រោយពី​ព្រឹត្តិការណ៍​មនុស្ស​ជាន់គ្នា​ស្លាប់​នៅលើ​ស្ពាន​កោះ​ពេ​ជ្យ​ជាដើម​។ តើ​នេះ​ជា​ជំនឿ ដែល​សម​ហេតុផល​ដែរ ឬទេ​?

ភាពទន់ខ្សោយ​នៃ​ចំណេះដឹង និង​ការទទួលបាន​ព័ត៌មាន​ពី​ប្រភព ដែល​មិនគួរ​ឲ្យ​ទុកចិត្តបាន​ក៏​ជា​មូលហេតុ​ចម្បង​មួយ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន មាន​ជំនឿ​លើ​រឿង​មួយចំនួន​ដោយ​ហ៊ាន​ចំណាយ​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​អត់​ប្រយោជន៍​។ ក្នុងន័យនេះ មិនមែន​មិន​ឲ្យ​ប្រជាជន​ខ្មែរ​យើង​មិន​ជឿ​លើ​រឿង​មួយចំនួន​នោះទេ ប៉ុន្តែ​បើ​មុននឹង​ជឿ​អ្វីមួយ​គួរ​ណាស់​តែពិចារណា ឲ្យ​បាន​វែងឆ្ងាយ និង​ស្វែងរក​ព័ត៌មាន​ពី​ប្រភព ដែល​ទុក​ចិត្តបាន​សឹម​សម្រេចចិត្ត​។

ទោះបីជា​រឿងរ៉ាវ​បោកប្រាស់​តាមរយៈ​អ​បី​ជំនឿ​មួយចំនួន មិនត្រូវ​បានរ​ក​ឫស​គល់​ឃើញ​ក្តី ប៉ុន្តែ​សម្រាប់​ករណី​ថ្មីៗ​នេះ ដែល​កើតឡើង​នៅ​វត្ត​ទួល​រាជា​នោះ ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​ចាប់​វិធានការ​លើ​បុគ្គល រូបនេះ​ហើយ​។ ។ ដូច្នេះ ការ​តាម​ចាប់ខ្លួន​បុគ្គល​នេះ គឺជា​គំរូ​មួយ​សម្រាប់​មនុស្ស​មួយចំនួន ដែល​ចូលចិត្ត​យក​សាសនា​ជា​សាសនា​របស់​រដ្ឋ​មក​ធ្វើជា​របរ​រកស៊ី បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន​ជាបន្ទាន់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684