Connect with us

សុខភាព

ការ​វះកាត់ និង​ត​សរសៃឈាម​បេះដូង ​មាន​សារៈសំខាន់​យ៉ាងណា​ចំពោះ​អ្នកជំងឺ​ស្ទះ​សរសៃឈាម​បេះដូង

បានផុស

នៅ

គោលបំណង​ នៃ​ការវះកាត់​ត​សរសៃឈាម​បេះដូង (CABG=Coronary Artery Bypass Grafting) គឺ​ដើម្បី​បង្កើន​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​ដែល​ខូចខាត​ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​(Coronary artery Desease)​។ គ្រូពេទ្យ​វះកាត់​ប្រើប្រាស់​ផ្នែក​ខ្លះ ​នៃ​សរសៃ​ឈាមខ្មៅ​នៅ​ជើង​(Internal saphenous vein) ឬ​សរសៃ​ឈាម​ក្រហម​ នៃ​ដៃ​(Radial artery) ឬ​សរសៃ​ឈាម​ក្រហម​ទៅ​ចិញ្ចឹម​សាច់ដុំ​ទ្រូង​(Internal mammary artery) ដើម្បី​ឲ្យ​មាន​ចរន្ត​ឈាម​ឆ្លងកាត់​ទៅដល់​ផ្នែក​តូចៗ​ នៃ​សរសៃឈាម​បេះដូង​។ ការវះកាត់​ត​សរសៃឈាម​បេះដូង គឺជា​ការវះកាត់​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ដែល​ស្ទះ​សរសៃឈាម​បេះដូង​ដោយសារ​ខ្លាញ់ ហើយ​មិន​អាច​ធ្វើការ​ព្យាបាល​ដោយ​បាញ់​ពង្រីក​ដោយ​រ៉ឺស័រ​បា​ន​។​

​ក​) តើ​សរសៃឈាម​បេះដូង​(Coronary artery)​ត្រូវ​បាន​រួម​ត្បៀត​ដោយ​របៀប​ណា​?
​ដោយ​កត្តា​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា​ ៖
– ជំងឺលើសឈាម​
– ជំងឺ​ទឹកនោមផ្អែម​
– ជំងឺ​លើស​ខ្លាញ់​
– ការ​ពិសា​បារី​
– លើស​ទម្ងន់ និង​អ្នកជំងឺ​ដែល​មិនសូវ​បញ្ចេញ​ពលកម្ម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កត្តា​ទាំងនេះ ​អាច​បណ្តាលឲ្យ​ជញ្ជាំង​សរសៃឈាម​បេះដូង​ឡើង​រឹង ក្រិន និង​បង្ក​ ទៅជា​កំណក​កំបោរ​ ដែល​រំខាន​ដល់​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​។ កំណក​ទាំងនេះ​ អាច​បណ្តាល​ឲ្យ​មាន​ជា​រោគសញ្ញា​ឈឺ​ដើមទ្រូង​(angina) ឬ​បើសិនជា​ធ្ងន់ធ្ងរ​អាច​បណ្តាលឲ្យ​គាំងបេះដូង​តែម្ដង​។​

​ខ​) អត្ថប្រយោជន៍ ​នៃ​ការវះកាត់​ត​សរសៃឈាម​បេះដូង CABG ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។ គ្រូពេទ្យ​វះកាត់​របស់​អ្នក​នឹង​ពិភាក្សា​ពី​ផលប្រយោជន៍​ដែល​រំពឹង​ទុក​ជាមួយ​អ្នក​។​
CABG អាច​:
– កាត់បន្ថយ​ការឈឺចាប់​របស់​អ្នកជំងឺ​
– បន្ថយ​បរិមាណ​ឱសថ​ដែល​អ្នក​កំពុង​ប្រើ​
– បង្កើន​ឱកាស​រស់នៅ​បាន​យូរ​

​ម្យ៉ាង​វិញទៀត ​អ្នកជំងឺ​ត្រូវតែ​ ៖
– បញ្ឈប់​ការជក់បារី​
– ប្រើប្រាស់​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​តាម​គ្រូពេទ្យ​ណែនាំ​
– ទទួល​អាហារ​ដែល​មិន​សូវមាន​ជាតិ​ខ្លាញ់ និង​ប្រៃ​ហួសហេតុ​
-ជាពិសេស​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​។​

​គ​) បន្ទាប់ពី​ការវះកាត់ ​៖
– អ្នក​ជំងឺ ​នឹងត្រូវ​ស្នាក់​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​រយៈពេល​ប្រហែល​៤៨​ម៉ោង បន្ទាប់មក​គាត់​នឹង​វិល​មក​សម្រាក​ក្នុង​បន្ទប់​ថែទាំ​ទូទៅ​ដោយមាន​ការតាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ការធ្វើ​អេកូ​ពិនិត្យ​បេះដូង​ជាប្រចាំ​។ ប្រសិនបើ​មិនមាន​សញ្ញា​អ្វី​គួរ​បារម្ភ​ អ្នកជំងឺ​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈ​ពេល​ប្រហែល​១០​ថ្ងៃ​។​
– បន្ទាប់ពី​ការវះកាត់​បាន​ជោគជ័យ និង​ចេញពី​មន្ទីរពេទ្យ អ្នកជំងឺ​គួរ​មក​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​ទៅតាម​ការ​ណាត់​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ពិសា​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​វេជ្ជបញ្ជា​គ្រូពេទ្យ​។​

ជា​រួម​ការវះកាត់​ត​សរសៃឈាម​បេះដូង​ គឺជា​ការវះកាត់​មួយ​ដ៏​សំខាន់​មិនអាច​អត់​បាន​នៅក្នុង​ការធ្វើ​ការព្យាបាល​អ្នកជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​។ ការវះកាត់​ប្រភេទ​នេះ​ មាន​ធ្វើឡើង​ក្នុង​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​ក្រុមការងារ​វេជ្ជបណ្ឌិត​វះកាត់​ឯកទេស និង​គិលានុបដ្ឋាក​ដែល​មាន​បទពិសោធន៍​ខ្ពស់​។​

‘​ស្វែងរក​ការ​ប្រឹក្សា​ព្យាបាល​អំពី​ជំងឺ​បេះដូង​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា គឺ​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​៕
អត្ថបទ ៖ ​រស្មី

ចុចអាន៖បាយ​ និង​ មី-គុយទាវ​ មាន​ការ​ពន្យល់​ច្រើន ​មុន​ញ៉ាំ! មួយណាល្អជាង?

ចុចអាន៖​ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម