ព័ត៍មានទាន់​ហេតុការណ៏
Search
1

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អាហ្វ្រិក​បាន​បើកជា​ផ្លូវ​ការ​​ក្រោម​ប្រធានបទ​ «កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង»

​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អាហ្វ្រិក​បាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២២​ ខែ​មេសា ឆ្នាំ​២០១៥ នៅ​សាលសន្និសីទ​អន្តរជាតិ​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​ក្រោម​ប្រធានបទ «កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង» ដែល​ព្រះ​ចៅ​ស៊ុ​លត​ង់ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ​មកពី​ជាង​១២០​ប្រទេស​ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក​បាន​យាង និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃ ជា​មួយ​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​នៃ​ការបង្កើត​សន្និសីទ​ទីក្រុង​បាន់​ឌុ​ង​ផង​ដែរ​។​

បេសកជន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ក៏​ជា​ការ​រំឭក​ពី​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​លើកដំបូង​នៅ​ឆ្នាំ​១៩៥៥ នៅ​ទីក្រុង​បាន់​ឌុ​ង​ដែល មាន​មេដឹកនាំ​ចំនួន​២៩​ប្រទេស​មកពី​ទ្វីបអាស៊ី និង​អាហ្វ្រិក ដែល​ទើបតែ​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បាន​មក​ជួបជុំគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នៃ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ព្រមទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ការសិក្សា និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​នៃ​ទ្វីប​ទាំងពីរ​។

កាលពី​កិច្ចប្រជុំ​លើកដំបូង​នៅ​ឆ្នាំ​១៩៥៥ អ​តី​តៈ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ កម្ពុជា ព្រះករុណា «​ព្រះ​បរម​រតន​កោដិ​» ក្នុង​ព្រះ​ឋានៈ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​មាន​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ក្នុង​អង្គ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នោះ ដែល​ក្នុង​គ្រានោះ​ព្រះអង្គ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ស្នូល​របស់​ព្រះអង្គ គឺ​ការគោរព​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​នីមួយៗ ក្នុង​ការ​ជ្រើស​រើស​យក​នូវ​របប​នយោបាយ​រៀងៗ​ខ្លួន ការគោរព​អធិប​តេយ្យភាព​គ្នា​ទៅវិញទៅមក ការ​មិន​ជ្រៀត​ចូលក្នុង​កិច្ចការ​ផ្ទៃ និង​ការ​ផ្តោត​អាទិភាព​ទៅលើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជា​សំខាន់ តាមរយៈ​ការ​ដាក់​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួម​មួយ ដែល​ជា​មូលដ្ឋាន​នៃ​ចលនា​មិន​ចូលបក្ស សម្ព័ន្ធ​ក្រោម​ឥទ្ធិពល​នៃ​សង្គ្រាមត្រជាក់​។​

ក្នុង​សុន្ទរកថា​គន្លឹះ​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អាហ្វ្រិក ឯកឧត្តម ចូ​កូ វី​ដូ​ដូ ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី អាហ្វ្រិក​ឆ្នាំ​២០១៥​បាន​មានប្រសាសន៍ថា រយៈពេល​៦០​ឆ្នាំ​ក្រោយមក អ្វីៗ​វា​មានការ​ប្រែប្រួល​ខ្លាំង បញ្ហា​អាណានិគម​បាន​ត្រូវ​បញ្ចប់ ប៉ុន្តែ​ភាព​យុត្តិធម៌​នៅក្នុង​ពិភពលោក​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​នោះ​ទេ តួយ៉ាង​ដូចជា​មានការ​កើតឡើង​នូវ​អំពើ​ហិង្សា បញ្ហា​ភាព​ក្រីក្រ និង​បញ្ហា​មិន​ស្មើភាព​គ្នា​។ ឯកឧត្តម​ប្រធានា​ធិបតី​មានប្រសាសន៍​បន្ត​ថា ប្រជាជន​១.២០០​លាន​នាក់​នៃ​ទ្វីប​ទាំងពីរ​កំពុង​រស់នៅ​ក្រោម​ភាព​ក្រីក្រ ប៉ុន្តែ​ប្រទេស​អ្នកមាន​គេ​អាច​និយាយ​ថា ពួកគេ​អាច​ប្រែក្លាយ​ពិភពលោក​បាន​ផ្ទុយ​ទៅ​វិញ ​​វា​មិន​ពិត​ដូច​នោះ​ទេ ពិសេស​ទៅទៀត​នោះ អង្គការសហប្រជាជាតិ​មិន​មាន​អំណាច​ទាល់តែសោះ ជាមួយគ្នា នេះ​ក្រុម​ប្រទេស​មួយចំនួន​នៅតែ​មិន​ទទួលស្គាល់​ពី​សិទ្ធិ​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ​។

ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​បន្ត​ថា ដូចនេះ​កិច្ចប្រជុំ​ថ្ងៃនេះ ត្រូវតែ​ជំរុញ​ឱ្យ​មាន​ការ​កែទម្រង់​អង្គការសហប្រជាជាតិ ពិសេស​ទៅទៀត​នោះ​អង្គការ​កំពូល​របស់​ពិភពលោក​មួយ​នេះ ត្រូវ​តែ​លើកតម្កើង​នូវ​ភាព​យុត្តិធម៌​សម្រាប់​ប្រទេស​ទាំងអស់​។ ឯកឧត្តម​ប្រធានាធិបតី​សង្កត់​ធ្ងន់​ថា ស្មារតី​នៃ​សន្និសីទ​ទីក្រុង​បាន់​ឌុ​ង គឺ​ការ​ទាមទារ​នូវ​ឯករាជ្យ​ភាព​សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​ទ្វីប​អាស៊ី និង​អាហ្វ្រិក ដូចនេះ​យើង​ទាំង​អស់​គ្នា​នៅ​ជំពាក់​ប្រទេស​ប៉ាឡេស្ទីន ដែល​មិនទាន់​ទទួល​បាន​ឯករាជ្យ និង​ក្លាយជា​ប្រទេស​ពេញ​សិទ្ធិ​របស់​អង្គការសហប្រជាជាតិ ពិសេស​ទៅទៀត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​កំពុង​រស់នៅ ដោយ​ភាព​ភ័យខ្លាច តាមរយៈ​នេះ​យើង​ត្រូវតែ​ខិតខំ​ជំរុញ និង​គាំទ្រ​ដល់​ប្រទេស និង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ក្នុង​ការ​ទទួល​បាន​ឯករាជ្យ​ភាព​ពេញលេញ​។​

ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍ថា បើ​ទោះ​បី​ជា​មាន​បញ្ហា​អ្វី​កើតឡើង​ក៏​ពិត​មែន ប៉ុន្តែ​ពេលនេះ​យើង​ត្រូវតែ​ទាមទារ​ឱ្យ​មាន​ការ​កសាង​នូវ​ពិភពលោក​មួយ​ដ៏​រឹងមាំ​នៅ​ក្នុង​សេដ្ឋកិច្ច​ថ្មី​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ប្រទេស​អ្នកមាន​មួយចំនួន បន្ត​គ្រប់​ដណ្ដប់​ពិភពលោក​នោះ​ទេ​។ ឯកឧត្តម​ប្រធា​នាធិបតី​ថ្លែង​បន្ត​ថា រយៈពេល​២​ថ្ងៃ​នៃ​កិច្ចពិភាក្សា​របស់​ខ្លួន យើង​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​មតិ​គ្នា​ជុំវិញ​បញ្ហា​ប្រឈម នៃ​យុត្តិធម៌​ពិភពលោក និង​ភាព​មិន​ស្មើ​គ្នា ហើយ​គំនិត​ថ្មី​របស់​យើង​គឺ​ទី​១-​វិបុលភាព ការកាត់បន្ថយ​ភាព​ក្រីក្រ ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ទី​២​-យើង​ត្រូវតែ​ពង្រឹង​នូវ​សាមគ្គីភាព ភាព​រីកចម្រើន និង​ការ​អភិវឌ្ឍ​ទៅ​មុខ​រួមគ្នា ពិសេស​ការ​តភ្ជាប់​គ្នា​ទៅវិញទៅមក និង​ទី​៣-យើង​ត្រូវតែ​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះ​អស្ថិរភាព ភាព​ជ្រុលនិយម​ទាំង​ក្នុង និង​ក្រៅ រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ពិសេស​យើង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​លំហ​សមុទ្រ​របស់​យើង​មាន​សុវត្ថិភាព និង​រួមគ្នា​ដោះស្រាយ​ទំនាស់​ដោយ​មិន​ប្រើប្រាស់​កម្លាំង​ទ័ព ពោល​គឺ​អនាគត​របស់​យើង​ត្រូវ​តែ​នៅក្នុង​ដៃ និង​ក្នុង​ប្រទេស ​នៅក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក​។

បន្ទាប់ពី​ការ​ថ្លែង​នូវ​សន្ទរកថា​គន្លឹះ​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អាហ្វ្រិក ឆ្នាំ​២០១៥ រួច​មក បណ្ដា​មេដឹកនាំ​ទាំងអស់​បាន​អញ្ជើញ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​១​របស់​ខ្លួន ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ចូ​កូ វី​ដូ​ដូ និង​ឯកឧត្តម​ប្រធានាធិបតី នៃ​ប្រទេស​ស៊ីម​បា​វ៉េ​។ សម័យប្រជុំ​ពេញអង្គ​លើក​ទី​១ បាន​តាមដាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​នូវ​សុន្ទរកថា​របស់​បណ្ដា​មេដឹកនាំ​ជាន់ខ្ពស់ នៃ​បណ្ដា​ប្រទេស​អាស៊ី និង​អាហ្វ្រិក ដែល​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អាហ្វ្រិក ឆ្នាំ​២០១៥​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684