ព័ត៍មានទាន់​ហេតុការណ៏
Search
079

ពលរដ្ឋ​មកពី​ខេត្តកោះកុង​តវ៉ា​នៅមុខ​ក្រសួង​រ៉ែ និង​រដ្ឋសភាជាតិ សុំ​​អន្តរាគមន៍បញ្ឈប់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​តំណាង​ប្រជាពលរដ្ឋ​៣០០​គ្រួសារ មកពី​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បាន​លើកគ្នា​មក​តវ៉ា​នៅមុខ​ក្រសួង​រ៉ែ​និង​ថាម​ពល​និង​រដ្ឋសភាជាតិ ដើម្បី​រក​កិច្ច​អន្តរាគមន៍ ​សុំឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ International Ren​bowCo.Ltd​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់ ដោយ​ពួកគាត់​ចោទថា ការ​បូ​ប​ខ្សាច់​បាន​ធ្វើ​ឲ្យ​បាត់បង់​ធន​ធានធម្មជាតិ និង​បង្ក​ឲ្យ​បាត់បង់​មុខរបរ​នេសាទ​របស់​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​។​

លោក ជា រតនា តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ International RenbowCo.Ltd​បានធ្វើ​អាជីវកម្ម​បូម​ខ្សាច់ នៅក្នុង​ភូមិ កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្ត​កោះកុង បានធ្វើ​សកម្មភាព​រាប់​ឆ្នាំ​មកហើយ​ធ្វើ​ឲ្យ​បាត់បង់​ធនធានធម្មជាតិ​និង​បង្ក​ឲ្យ​បាត់បង់​មុខរបរ​នេសាទ​របស់​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ម្យ៉ាងទៀត​ធ្វើអោយ​បាក់​ឆ្នេរ បាក់ ព្រៃកោងកាង នៅ​តំបន់​នោះ ចំណែក អាជ្ញាធរ​គ្មាន​ការទប់ស្កាត់​អ្វី​ឡើយ​។ លោក​បន្តថា​តាម​លោក​ដឹង ក្រុមហ៊ុន​វៀតណាម​ឈ្មោះ International RenbowCo.Ltd មាន​អាជ្ញាប័ណ្ណ​ចេញពី​ក្រសួង​រ៉ែ​និង​ថាមពល ប៉ុន្តែ​ក្រុមហ៊ុន​ធ្វើ​សកម្ម​ភាព​ខុស​ទីតាំង មិនមែន​ទីតាំង​ដែល​ក្រសួង​អនុញាតិ​ឲ្យ​នោះឡើយ​។ ចំណែក ក្រសួង​រ៉ែ​និង​ថាមពល ដែល​ជា​អ្នកចេញ​អាជ្ញាប័ណ្ណ ឲ្យ​ក្រុមហ៊ុន មិនបាន​គិត​គួរ​ពី​ផលប៉ះពាល់​ដល់​ពួកគាត់​ឡើយ គឺ​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ដើរ​បូ​ប​ស្រេច​តែ​អំ​ពើត​ចិត បន្ទាប់ពី​បាន​អាជ្ញាប័ណ្ណ។ ក្នុង​ញត្តិ​របស់​អ្នកភូមិ​ដែល​ដាក់​ជូន​ក្រសួង​រ៉ែ​និង​ថាមពល​ព្រមទាំង​រដ្ឋសភា​ផង​នោះ​បញ្ជាក់​ថា​ ក្រុមហ៊ុន​វៀតណាម​នោះ​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ដោយ​ប្រើ​សា​ឡង់​យ៉ាងតិច​១៨​គ្រឿងក្នុង​១​ថ្ងៃៗ​ ហើយ​ដឹក​ខ្សាច់​ទៅ​លក់​នៅ​ប្រទេស​សិង្ហ​បុរី​។ ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម​នោះ បាន​បំផ្លាញ​ព្រៃកោង​កាង​ដែល​ដុះ​តាម​មាត់​ព្រែក​ជីវចម្រុះ​ក្នុង​ទឹក​ និង​មច្ឆជាតិ​ជា​ប្រភព​ស្បៀង​របស់​ពលរដ្ឋ​ដែល​ប្រកប​មុខរប​នេសាទ និង​ធ្វើ​ឲ្យ​បំពុល​ទឹកបាក់​ឆ្នេរ​ និង​បាត់​កោះ​តូចៗ​ដូចជា​កោះ​កា​បុង​ជាដើម​។​

ប្រជាពលរដ្ឋ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ជាបន្ទាន់​ ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ International RenbowCo.Ltd​បញ្ឈប់​សកម្មភាព ដើម្បី​រក្សា​ធនធានធម្មជាតិ​ក្នុង​សមុទ្រ​និង​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ប្រកបរបរ​នេសាទ​។ លោក​បន្តថា​មុនពេល​មាន​កាបូ​ខ្សាច់ ក្នុង​១​ថ្ងៃ​ពួកគាត់​ធ្លាប់ ប្រកប​រប​បាន​មួយថ្ងៃ​បាន​១​ពាន់​បាត ស្មើ ជាង​១០​ម៉ឺន​រៀល ប៉ុន្តែ​ចាប់តាំងពី​ក្រុម​ហ៊ុន​មក​បូម​ខ្សាច់ ពួកគេ​បាន​ត្រឹមតែ ថ្ងៃ​២​ម៉ឺន​១​ម៉ឺន​រៀល​ជាង​ប៉ុណ្ណោះ​។​

លោក​សាន់​ម៉ា​ឡា​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ដែល​តាមដាន​ករណីនេះ​អះអាងថា​ការ​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ នៅ​តំបន់​នោះ​ពិតជា​បង្ក​គ្រោះថ្នាក់​ដល់​អ្នកភូមិ​ជា​ម្ចាស់​ស្រុក​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​វៀតណាម​នេះ​ជា​បន្ទាន់​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​នេសាទ​ចិញ្ចឹមជីវិត​ឡើងវិញ​។ លោក​ថា «​សា​ឡង់​ដែល​កំពុងតែ​បូម​ខ្សាច់​ហ្នឹង​គឺ​គេ​ដឹក​ចេញ​យក​ទៅលក់​ នៅ​ប្រទេស​សិង្ហបូរី​។ អ៊ីចឹង​យើង​សង្កេតឃើញថា​អាជ្ញាធរ​កំពុងតែ​បណ្តែតបណ្តោយ​ និង​ឃុបឃិត​គ្នា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បូម​យក​ធនធានធម្មជាតិ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​យើង​ជាពិសេស​ជា​អាយុជីវិត​របស់​ប្រជាជន​ ដែល​រស់នៅ​ម្តុំ​កោះ​ស្រឡៅ​ដើម្បី​យកទៅលក់​ឲ្យ​ប្រទេស​សិង្ហបុរី​ពង្រីក​ដែន​កោះ​របស់ខ្លួន​»។​

ក្រោយពី​មានការ​តវ៉ា​នៅមុខ​ក្រសួង​រ៉ែ​ និង​ថាមពល លោក​កែវ​ទួត មាន​តួនាទី​ជា​នាយកដ្ឋាន​រដ្ឋបាល​នៃ ក្រសួង​រ៉ែ​ង​និង​ថាមពល​ដែល​ចេញ​មក​ទទួល​ញត្តិ​អ្នកភូមិ​ មិន​អត្ថាធិប្បាយ​ពី​ចំណាត់ការ​ចំពោះ​សំណើ​របស់​ក្រុម​អ្នក​តវ៉ា​ទេ​ប៉ុន្តែ​លោក​អះអាងថា និង​យក​ញាតិ​នេះ​ទៅ​ជួន​ថ្នាក់លើ ដើម្បី​ពិ​និត្យ​និង​សម្រេច។ បើតាម​ការ​ឲ្យដឹងពី​ប្រជាពលរដ្ឋ​យក​ញ្ញាត្តិ​ទៅ​ដាក់​ក្នុង​រដ្ឋសភា​បាន​ឲ្យ​ដឹងថា​ប្រ​ធាន​គណៈកម្មាធិការ​ទី​៣​នៃ​រដ្ឋសភា បាន​សន្យា​ចុះ​ត្រួតពិនិត្យ​និង​ចុះ​ដោះស្រាយ​ជួន​ប្រជាពលរដ្ឋ​។​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684