ព័ត៍មានទាន់​ហេតុការណ៏
Search
4931

អ្នកក្លាហាន​គង់ហ៊ាន

ក្នុង​គ្រា​កម្សត់ លំបាក​ទេវ​នា មនុស្ស​មិន​ចង់ ជួបប្រទះ​នោះ​ទេ គឺ​គេ​រមែង​គេចខ្លួន​ប្រាស​ប្រែ បែរ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​និង​យករួចខ្លួន ទៅវិញ​។ ប៉ុន្តែ​សម្រាប់​ទីណា​ដែល​មាន​ភាព​សុខ សាន្ត​ហើយ​ស្រាប់ៗ​នោះ ទើប​គេ​ឃើញ​មនុស្ស មក​ចោមរោម​ទទួល​ផល​ជាមួយ​ផង​ដែរ។ ដូច សុភាសិត​បរទេសមួយ​ឃ្លា​ពោលថា​៖ ពេល​យើង សើច គឺមាន​គេ​សើច​ជាមួយ​យើង ប៉ុន្តែ​នៅពេល យើង​យំ​នោះ ជា​ពេលដែល​យើង​យំ​តែម្នាក់ឯង នោះទេ​។ ដោយឡែក ចំពោះ​រឿង គង់​ហ៊ាន ក៏ អ្នកនិពន្ធ​បានបង្ហាញ​អំពី​អ្នកក្លាហាន​ដែល​ឆក់ យកជ័យ​ជំនះ​ពី​គេ​ប្រកបដោយ​ការ​អួត​ក្អេងក្អាង ក្រៅបញ្ជី​គួរអោយ​អស់សំណើច​បំផុត​។​

ការងារ​ក្នុង​លោក​ដែល​មនុស្ស​ត្រូវ​ប្រឈម មុខ​ដោះស្រាយ​នោះ តែងមាន​ស្រាល​ធ្ងន់​មាន ការងាយស្រួល​និង​មានការ​លំបាក​ទាំង​ការងារ បុគ្គល​ក៏ដូចជា​ការងារ​ក្នុងសង្គម​ដែរ​។ ធម្មជាតិ​នៃ​មនុស្ស​ភាគច្រើន​មានការ​ស្រវា​យកតែ ការងារ​ណា​មាន​ភាពងាយស្រួល​ប៉ុណ្ណោះ​។ ឯ សម្រាប់​ការងារ​លំបាក​នោះគេ​គេចកែ​ប្រែ​ខ្នង​ធ្វើ ព្រងើយកន្តើយ​ឬ​រហូតដល់​មានការ​រត់ចោល​ទៀតផង​។ នេះហើយ​ដែលជា​មូលហេតុ​នៃ​ការ ពិចារណា​ដើម្បី​បាន​ស្គាល់​ចរិត​របស់​មនុស្ស​។ យ៉ាងនេះ​ហើយ​ទើប​ពាក្យចាស់​បាន​ទុកជា​បណ្ដាំ ថា​៖ មនុស្ស​ល្អ​ឬ​មិត្ត​ល្អ​ស្គាល់គ្នា​ក្នុង​គ្រា​មាន​ទុក្ខព្រួយ​លំបាក​វេទនា​នោះ គឺជា​មិ​ត្ដ​ដ៏​ល្អ​ដែល មិនអាច​បំភ្លេច​បានឡើយ​។​

បន្ទាប់ទៅនេះ​យើង​លើក​រឿងព្រេង​និទាន អំពី​គង់​ហ៊ាន​ដែល​បានទទួល​ជោគជ័យ​ដោយ សារ​ប្រពន្ធ​ទាំងពីរ​ប្រយុទ្ធ​តទល់​នឹង​ការលំបាក ជំនួស​ប្តី​រហូត​បានទទួល​ជោគជ័យ​ជា​ស្ថាពរ​។ មានអី​! ចំពោះ​ប្រពន្ធ​ទាំងពីរ​ដែលជា​អ្នក​ចូល ប្រឡូក​ដោះស្រាយ​ក្នុង​គ្រា​មាន​អាសន្ន​រហូត បានទទួល​ជ័យជំនះ​លើ​ឧបសគ្គ​ទាំងអស់នោះ តែង​នៅ​ស្ងៀម​ទៅវិញ​។ ប៉ុន្តែ​បែរជា​ប្ដី​ឈ្មោះ គង់ ឯណោះ​ទេតើ​ដែល​បាន​បញ្ចេញវាចា​អួត​ក្អេង ក្អាង បញ្ចេញ​ក្បាច់គុន​ក្រៅ​សង្វៀន​តាមបែប ក្លាហាន​អស់ទាស់ ឬ​តាមរយៈ​ការតាំង​ខ្លួន​ជា អ្នកក្លាហាន​ទាំង​វាយ​សម្លាប់​ខ្លា និង​ទាំង​ចុះ​ចាប់ ក្រពើ​ជាដើម​។ មែន​! ចំពោះ​អ្នកដទៃ​ក្រៅពី​នាង ជា​ប្រពន្ធ​ទាំងពីរ​នោះ គេ​ចេះតែ​ជឿថា ពិតជា គង់​ក្លាហាន​មែន​។ តែ​តាមពិត​គង់​ជា​អ្នក​ដណ្តើម យក​ជោគជ័យ​ស្រាប់ៗ​ពី​ប្រពន្ធ​ខ្លួនឯង​នោះទេ​។

រឿងនេះ​បាន​បង្កប់​នូវ​ឧ​ត្ត​ម​គតិ​ក្នុងការ​បង្ហាញ ឬ​ចង់​អប់រំ​ដល់​សាធារណជន​ដែល​បាន​គាំទ្រ​គង់​ថា​ជា​អ្នកក្លាហាន​នោះ វា​មិន​ពិត​នោះទេ គឺគង់​បានតែ​ត្រឹម​អួត​ក្អេងក្អាង​បញ្ឆោត​បោកប្រាស់​គេ​ដោយ​តាំងខ្លួន​ជា​អ្នកក្លាហាន​ក្នុងពេល​ដែលមាន​សន្តិភាព​និង​សុវត្ថិភាព​ប៉ុណ្ណោះ​។ បើ​គេ​តាម ដាន​អោយបាន​ដិតដល់​ទៅ គឺ​គង់ នៅ​សំងំ​ក្នុង​រូងឈើ​យករួចខ្លួន​ក្នុងពេលដែល ប្រពន្ធ​របស់ខ្លួន​ប្រយុទ្ធ​ប្រឈមមុខ​ជាមួយ​ខ្លា សាហាវ​ទេតើ​។ នេះហើយ​ដែលជា​រឿង​កំសាក របស់​គង់​។​

បើ​គេ​ធ្វើការ​រំលឹក​និង​ពិចារណា​អំពី​បញ្ហា អ្នកនយោបាយ​ក្នុងសង្គម​ខ្មែរ​យើង​កន្លងមកនេះ​ក៏មាន​លក្ខណៈ​មិន​ខុសពី​គង់​ហ៊ាន​នោះដែរ​។ បានសេចក្តីថា នៅពេល​ជាតិ​មានទុក្ខ​ព្រួយ យ៉ាង​វេទនា​ខ្លោចផ្សា​នោះ មាន​អ្នកក្លាហាន​មួយ ក្តាប់​តូច​បាន​លាក់​ខ្លួន​ពួន​សំងំ​យកសុខ​និង យករួចខ្លួន​ឯ​ស្រុក​ក្រៅ​។ ប៉ុន្តែ​នៅពេល​ជាតិ បាន​សុខសាន្តត្រាណ​អស់​ទុក្ខ និង​អស់​ភ័យព្រួយ ហើយ​ទើប​លេចមុខ​អ្នកក្លាហាន​យ៉ាង​ច្រូងច្រាង បង្អួត​មុខរាស្ត្រ​តាមរយៈ​ការ​អួតខ្លួន​ជា​អ្នក​ស្នេហា ជាតិ​លើសពី​អ្នកស្នេហាជាតិ​ទៅទៀត​។ អ្នកក្លាហាន​ប្រភេទ​នេះ​ក៏​មិន​ខុសពី​អ្នកក្លាហាន​គង់ ហ៊ាន​នោះដែរ ព្រោះ​បានបង្ហាញ​អំពី​ក្បាច់គុន ដ៏​ខ្លាំងពូកែ​នៅក្រៅ​សង្វៀន​ពិតប្រាកដ​។​

សរុបសេចក្តី​មក ចំពោះ​អ្នកក្លាហាន​ប្រភេទ គង់​ហ៊ាន​នេះ មនុស្ស​ចូលចិត្ត​ត្រងត្រាប់​ណាស់ ពីព្រោះ​វា​ជាការ​ឆក់យក​ការ​ចំណេញ​បាន​ខ្លះៗ មកលើ​ខ្លួន​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ការគិត ឃើញច្បាស់​នោះ គឺ​គេ​យល់​ទៅតាម​ពាក្យចាស់ ពោលថា​៖ “​ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់​ភ្លាត់ កុំ​យក​ខ្លួន​បៀត​” ដែល​មានន័យថា គេ​មិន​សេព គប់​ឡើយ​។ ជាមួយនេះដែរ​បើ​សេពគប់​នឹង​ជន ពាល អ្នកប្រាជ្ញ​បាន​ពោលថា​៖ ដូច​កាន់​រងើក ភ្លើង​វារ​លាក​ដៃ​ឬ​បើ​កាន់​ធ្យូង​ក៏​វា​ប្រឡាក់​ដៃ ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684