ព័ត៍មានទាន់​ហេតុការណ៏
Search
1

ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី​អេ​ហ្ស៊ី​បទទួលបាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​

ភ្នំពេញ ៖ បេសកជន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ ២០១៥​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម អ៊ី​ប្រា ហ៊ីម ម៉ា​ហ​ឡេ​ប (Ibrahim Mahlah) នាយករដ្ឋមន្ត្រី​អេ​ហ្ស៊ី​ប ដោយ​ទទួល​បាន​លទ្ធផល យ៉ាង​ត្រចះត្រចង់។

ក្នុង​ជំនួប​ពិភាក្សា​ដែល​ធ្វើឡើង​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​អាហ្វ្រិក ប្រមុខ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​អេ​ហ្ស៊ី​ប បាន​ឯកភាព​គ្នា​ក្នុងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ឲ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត។ ក្នុងជំនួប​ពិភាក្សា​គ្នា​នេះ​ដែរ​ប្រមុខ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ ជុំវិញ​ការ​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ទីក្រុង​កៃរ៉ូ ប្រទេស​អេ​ហ្ស៊ី​ប ដើម្បី​ឲ្យ​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំងពីរ​កាន់តែ​វិវត្តន៍​រីកចម្រើន​ទៅមុខ​នោះ។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា ដោយសារ​មានដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប​នៅពេល​ខាងមុខ​នោះ ស្ថាន ឯកអគ្គរាជទូត​កម្ពុ​ជា​គ្រោង​នឹង​បើក​នៅ​ពេល​នោះ​ផង​ដែរ។ ឯកឧត្តម អ៊ីប្រាហ៊ីម មាន ប្រសាសន៍​ថា កន្លងមក​ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-​អេ​ហ្ស៊ី​ប​មាន​ទំនាក់ទំនង​ជាមួយគ្នា ល្អ​ណាស់ ហើយ​ចាប់ពីពេលនេះ​តទៅ​មុខ​គឺ​យើង​រួមគ្នា ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​នៃ ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាពល្អ​ប្រសើរឡើង​ថែមទៀត ពិសេស​ធ្វើយ៉ាងណា​ឲ្យមាន ទំនាក់ទំនង​ល្អ ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំងមូល​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សម្តេច​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​ភាពល្អ​ប្រសើរ​ឡើង។ សម្តេច​តេ​ជោ​បន្តថា សម្តេច និង ឯកឧត្តម​នាយករដ្ឋមន្ត្រី​គឺជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ជំនាន់​មុន​បាន​ផ្សារ ភ្ជាប់​នូវ​ទំនាក់ទំនង​កាលពី​អតីតកាល​ដ៏​ល្អ ដូចនេះ​យើង​ត្រូវតែ​រួមគ្នា និង​បេ្ត​ជ្ញា​រួមគ្នា ក្នុង​ការ​បង្កើន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ពិសេស​ការ​រួម​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការ​កែប្រែ​នូវ​គោលជំហរ​មួយចំនួន​ទាក់ទិន​ទៅនឹង​បញ្ហា​អន្តរជាតិ​មួយចំនួន ពិសេស ការ​ផ្លាស់ប្តូរ​នូវ​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក ។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សភាពការណ៍​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ដែល​បាន​វិល​មក​រក​ប្រក្រតី​ភាព​ឡើងវិញ។ សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា សម្តេច​តែងតែ​ធ្វើការ​តាមដាន​ចំពោះ​សភាពការណ៍ នៅ​អេ​ហ្ស៊ី​ប និង​បណ្តា​ប្រទេស​ក្នុង​តំបន់ ដោយសារ​តែមាន​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា នៅ​ទីនោះ និង​ដោយសារតែ​សភាពការណ៍​បាន​វិល​មក​រក​ប្រក្រតី​ភាព​ហើយ​នោះ សម្តេច ផ្ទាល់​មានការ​ត្រេកអរ​ខ្លាំង​ណាស់ ហើយ​និស្សិត​កម្ពុជា​មួយចំនួន​ក៏បាន​វិល​ទៅ​សិក្សា​នៅ ប្រទេស​អេ​ហ្ស៊ី​ប​វិញ​ដែរ។

ជាការ​ឆ្លើយតប​ទៅនឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ី ប្រា​ហ៊ីម មានប្រសាសន៍ថា ពេលនេះ​អេ​ហ្ស៊ី​ប​មាន​ប្រក្រតីភាព​ឡើងវិញ​ហើយ គឺ​មិន​ដូច​សភាពការណ៍​ក្នុង​បណ្តា​ប្រទេសជិតខាង​ខ្លួន​នោះទេ តាមរយៈ​នេះ​ប្រទេស​ទាំងពីរ​នឹង បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684