ព័ត៍មានទាន់​ហេតុការណ៏
Search
5202

ឧបករណ៍​ប្រើប្រាស់​ប្រចាំថ្ងៃ​ទាំង​បួន​របស់​ប្រជាពលរដ្ឋ​ បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​

សៀមរាប ៖ ឧបករណ៍​ប្រើប្រាស់​ទាំង​បួន​ប្រចាំថ្ងៃ​របស់​ប្រជាជាតិ​ខ្មែរ ​មាន​អង្រុត​យក្ស កន្ត្រង​ប្រហុក​យក្ស មួក​ស្លឹក ត្នោត​យក្ស និង​បំពង់​ទឹកត្នោត​យក្ស បាន​ត្រូវ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រកាស​ទទួលស្គាល់​កំណត់ត្រា ឯកត្តកម្ម​ជាតិ ក្នុង​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣​ឆ្នាំ​២០១៥។​

តាម​ការ​រៀប​រាប​របស់​លោក សុខ សង្វារ ប្រធាន​គម្រោង​ភូមិ​ខ្ញុំ​បាន​ឲ្យដឹងពី​គោលបំណង​នៃ​ការ បង្កើត​មួក​យក្ស អំពី​ស្លឹកត្នោត កន្ត្រងប្រហុក​យក្ស អង្រុត​យក្ស និង បំពង់​ទឹកត្នោត​យក្ស​នេះ​ឡើយ សំដៅ​បង្ហាញ​ពី​ការប្រើប្រាស់​ឧបករណ៍​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង និង​ជៀសវាង​កុំ​ឲ្យ​បាត់បង់​នូវ ឧបករណ៍​ទាំងនោះ ។ លោក សុខ សង្វារ បន្ត​រថាៈ ឧបករណ៍​ទាំងនេះ​បាន​បង្ហាញ​ឲ្យ​យុវជន​យើង​ជំនាន់ ក្រោយ​បានដឹង​ស្វែងយល់​នូវ​ស្នាដៃ​អ្នកភូមិ​ប្រដាក ជិត​អង្គរ​នេះ​ផងដែរ។ យោងតាម​របាយ​ការណ៍​បច្ចេក​ទេស ផលិត​មួក​ស្លឹកត្នោត​យក្ស បានអោយ​ឃើញ​ដំបូង​ពី​ការ​ហាល​ស្លឹក​ត្នោត​ឲ្យ​ស្ងួត​រួច​យក​ទៅ​ដេរ ដោយ​អំបោះ បន្ថែម​ទៅ​ដោយ​​ការ​ដេរ​ដាក់​ហាម​រចនា​ដោយ​ក្រណាត់​ជុំវិញ​មួក ដោយ​ចំណាយ​អ្នក​ផលិត​១០​នាក់​ប្រើប្រាស់ ពេលវេលា រយៈពេល​៧​ថ្ងៃ ជា​ស្នាដៃ​របស់​អ្នកស្រុក​ភូមិ​ក្រដាក និង​មាន​ទំហំ​មួក​យក្ស​ធំ​ជាង​ពួក​ធម្មតា​១៥០​ដង។

ដោយឡែក​កន្ត្រងប្រហុក​យក្ស​ក៏​ដូច្នោះ​ដែរ​ផលិត​ដោយ​បន្ទះ​ឫស្សី​ប្រើប្រាស់​កម្លាំង​ផលិត​ចំនួន​១១​នាក់ ក្នុងភូមិ​ប្រដាក​ដូចគ្នា​ប្រើ​រយៈពេល​៧​ថ្ងៃ និង​មាន​ទំហំ​ធំ​ជាង​កន្ត្រងប្រហុក​ធម្មតា​ចំនួន​១៥២​ដង។ ក្នុង​នោះ អង្រុត​យក្ស​ធ្វើឡើង​អំពី​ឫស្សី និង​រពាក់​មាន​កំពស់​ជិត​៣​ម៉ែត្រ​ប្រើប្រាស់​កម្លាំង​ផលិត​ចំនួន​១១​នាក់​ប្រើ​រយៈពេល ៧​ថ្ងៃ​ដូចគ្នា។ ចំពោះ​បំពង់​ទឹកត្នោត​យក្ស​ក៏​ធ្វើឡើង​អំពី​បំពង់​ឫស្សី​ធំ​ដែល​ធម្មតា អាច​ដាក់​បានតែ​១​លី​តទៅ ៤​លីត្រ តែ​ចំពោះ​បំពង់​ទឹកត្នោត​យក្ស​នេះ​វិញ​អាចដាក់​ទឹកត្នោត​បាន​ចំនួន​៣៤​លីត្រ មាន​ទំហំ​ធំ​ជាង​២៤​ដង ផលិត​ប្រើ​រយៈពេល ៧​ថ្ងៃ។ មានប្រសាសន៍​ក្នុង​ឱកាស​នោះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វ​ចិត្រ​សិល្បៈ បាន​មាន​ប្រ​សាសន៍​ថា ឧបករណ៍​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន​លើក​មកបង្ហាញ ឲ្យ​សាធារណៈ​ជន និង​ភ្ញៀវ​អន្តរជាតិ​បានឃើញ​នូវ​ព្រលឹង​ខ្មែរ​ដែល​ម្តាយ​យើង​ប្រើប្រាស់​រាល់ថ្ងៃ ។

លោកស្រី បន្ត​រថា ឧបករណ៍​ទាំងនេះ ជា​ឧបករណ៍​កែច្នៃ​ពី​ស្នាដៃ​មនុស្ស​ដែល​បាន​ភ្ជាប់​ទៅ​នឹង​រឿងនិទាន​រវាង​ទេវៈ​និង មនុស្ស​លោក គឺ​ដោយសារតែ​មនុស្ស​នេះហើយ​ដែល​ធ្វើអោយ​ទេវតា​ច្រណែន​ឃើញ​មនុស្ស​ធ្វើ​អ្វីៗ​ក៏បាន ក៏​ទៅ ប្រាប់​ដល់​ព្រហ្ម​អោយ​ដក​កម្លាំង​ឫទ្ធិ​ពី​មនុស្ស​ឲ្យអស់ ហើយ​យក​ទៅ​លាក់​ឲ្យ​បាត​តែ​ព្រហ្ម​ពុំ​ដឹង​ជា​យក ទៅ​លាក់​ឯណា​ក៏​យកទៅ​លាក់​ក្នុង​ខ្លួន​មនុស្ស​វិញ ហើយ​កម្លាំង​ឫទ្ធិ​ទាំងនោះ​ហើយ​ ដែល​ជា​កម្លាំង​កែច្នៃ​របស់ មនុស្ស​រហូតមកដល់​បច្ចុប្បន្ន​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684