ព័ត៍មានទាន់​ហេតុការណ៏
Search
4358

អ្នក​ខ្ចីបុល​នៅ​អាស៊ីអាគ្នេយ៍​ស្រៀវ​នឹង​បរិត្តផរណា

 

សារព័ត៌មាន​តំបន់​ឲ្យដឹង​ថា កម្ចី​សម្រាប់​ធុរកិច្ច និង​គ្រួសារ នៅ​អាស៊ីអាគ្នេយ៍ កំពុងតែ​រីក ក្នុង​ល្បឿន​យឺត​បំផុត ក្នុង​រយៈពេល​៥ ឆ្នាំ​។ ដោយសារតែ​បរិត្តផរណា ​ក្រុម​អ្នក​ខ្ចីបុល កំពុងតែ​ប្រឈម​ហានិភ័យ នៃ​ការ​រែក​ពន់​បន្ទុក​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ នៅ​ប្រទេស​ថៃ កំណើន​កម្ចី មាន​ទាប​ជាង​អត្រា ដែល​ឃើញ​មាននៅ​ក្នុង​ឆ្នាំ​វិបត្តិ​សកល ២០០៨ ពេល ដែល​អាជ្ញាធរ​នានា​បាន​ព្រលែង​សាច់ប្រាក់​ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ជវភាព​ឡើងវិញ។ នៅ​សិង្ហ​បុរី​កម្ចី​ពី​ធនាគារ ​រីក​ធំ​បាន​៣,២៦% ក្នុង​ខែ​កុម្ភៈ ធៀប​ទៅ​មួយ​ឆ្នាំមុន (តាម​ការ​បង្ហាញ​ទិន្នន័យ​ផ្លូវការ ដែល​ជា​ល្បឿន​មួយ​យឺត​បំផុត គិត​តាំងពី​ខែ វិច្ឆិកា ២០០៩)

បំណុល​មិនទាន់​សង នៅតែ​មិនទាន់​ស្រាយ​ចេញ។ ធនាគារ​អភិវឌ្ឍ​អាស៊ី និយាយថា បំណុល​នៅ​សិង្ហ​បុរី ថៃ និង​ម៉ាឡេស៊ី ពេលនេះ​ស្មើ​ទៅ​នឹង​យ៉ាងហោច​ណាស់​ពីរដង​នៃ​ទំហំ ផលិតផល​ក្នុងស្រុក​សរុប ជំរុញ​បន្ថែម​ដោយ​លំហូរ​ទុន ដែល​ធ្វើ​មូលនិធិ​ទុន​ទៅ​ធនាគារ និង​ការ​លក់​ប័ណ្ណ​បំណុល។ លទ្ធភាព​អ្នក​ខ្ចី បង់​សងបំណុល នឹង​ត្រូវបាន​ពិនិត្យ បើសិនជា​បរិត្តផរណា ដែល​រាលដាល​ក្នុង​តំបន់​កាលពី​បួន​ខែ​មុន ដាក់​សម្ពាធ។ ការអូសបន្លាយ​នៃ​ការ​ធ្លាក់​ថ្លៃ នឹង​កាត់បន្ថយ​ចំណូល​សាជីវកម្ម រុញ​ធុរកិច្ច​ទៅ​កាន់​ប្រាក់កម្រៃ​ទាប និង​ជាន់​ប្រាំង​កំណើន​សេដ្ឋកិច្ច​។​

ធនាគារ​កណ្តាល ក៏​ស្ថិតក្នុង​ស្ថានភាព​អល់អែក​។ ដោយសារតែ​បំណុល​ខ្ពស់ ពួកគេ​ញញើត​នឹង​បន្ទាប​ការប្រាក់ ហើយ​លើកទឹកចិត្ត​ឲ្យ​មានការ​ខ្ចីបុល​។ តែបើ​មិនមាន​អត្រា​ការប្រាក់​ទាប សេដ្ឋកិច្ច​នឹង​ត្រូវ​ជាប់​គាំង ក្នុង​កម្លាច​បរិត្តផរណា នៃ​កំណើន​ទាប និង​បំណុល​ឡើង​ខ្ពស់​។ ថៃ បាន​បន្ថយ​គោលនយោបាយ​រូបិយវត្ថុ កាលពី​ខែមីនា​។ សិង្ហ​បុរី ធ្វើ​ដូចគ្នា កាលពី​ខែ​មករា​។ ប្រទេស​ទាំងពីរ​បាន​ធ្លាក់ចូល​ស្ថានភាព មាន​បរិត្តផរណា​តិចតួច សំខាន់​ដោយសារ​ការ​ថយ​ថ្លៃ​ថាមពល​សកល​។ ម៉ាឡេស៊ី ដែល​ថ្លៃ​ប្រើប្រាស់ បាន​ឡើង ០,% កាលពី​ខែកុម្ភៈ បាន​ប្រកាន់ខ្ជាប់​លើ​អត្រា​ការប្រាក់​ដដែល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684