បន្ទាប់ពិការសួរដេញដោល ចៅក្រមត្រូវបើកត្រូវបើកឲ្យមានសេចក្ដីសន្និដ្ឋានចោទឆ្លើយរវាងតំណាងអយ្យការនិងមេធាវី។
តំណាងអយ្យការត្រូវផ្ទៀងផ្ទាត់គ្រប់ភស្តុតាងទាំងអស់ដែលលេចចេញពីការ សួរដេញដោល ដើម្បីការពារនូវបណ្ដឹងរបស់ខ្លួន។ មានករណីរឿងខ្លះក្រោយពេលសួរដេញដោយអាចលេចឡើងនៅបទល្មើសថ្មី ឬជនល្មើសថ្មីផ្សេងទៀត ករណីនេះតំណាងអយ្យការត្រូវស្នើសុំឲ្យតុលាការចាត់របៀប ដើម្បីធ្វើការចោទប្រកាន់បន្ថែមទៅលើជនល្មើសថ្មី ឬទៅលើបទល្មើសថ្មី។
មានប្រភេទរឿងក្ដីខ្លះក្រោយពេលសួរដេញដោលពិនិត្យឃើញថា គ្មានភស្តុតាងបន្ទុកគ្រប់គ្រាន់ដើម្បីដាក់បន្ទុកឲ្យជនជាប់ចោទទេ គឺយើងពុំបានឃើញនូវបញ្ញត្តិច្បាប់ណាដែលឲ្យសិទ្ធិទៅតំណាងអយ្យការ អាចលុបចោលនូវបទចោទរបស់ខ្លួនបាន ឬមិនបាននោះទេ។ ករណីបែបនេះតាមគោលការណ៍ តំណាងអយ្យការមិនត្រូវលុបចោលនូវបទចោទរបស់ខ្លួនទេ តែអាចធ្វើសេចក្ដីសន្និដ្ឋានមួយបញ្ជាក់អំពីភស្តុតាងគ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់ ហើយទុកសិទ្ធិឲ្យចៅក្រមជំនុំជំរះជាអ្នកសម្រេចសេចក្ដី។
នៅក្នុងរឿងក្ដីព្រហ្មទណ្ឌមេធាវីអាចមាន២ប្រភេទ គឺមេធាវីការពារជនរងគ្រោះ ឬដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីការពារជនជាប់ចោទ។
-តាមមាត្រា៥៧នៃច្បាប់ស្ដីពី នីតិវិធីជំនុំជំរះព្រហ្មទណ្ឌលំដាប់លំដោយនៃការធ្វើសេចក្ដី សន្និដ្ឋានបានកំណត់ឲ្យមេធាវីនៃជនរងគ្រោះធ្វើសេចក្ដីសន្និដ្ឋានមុនគេ បន្ទាប់សេចក្ដីសន្និដ្ឋានរបស់តំណាងអយ្យការ និងចុងក្រោយសេចក្ដីសន្និដ្ឋានរបស់មេធាវីជនជាប់ចោទ។ សេចក្ដីសន្និដ្ឋានរបស់មេធាវីជនរងគ្រោះ គឺជាសេចក្ដីសន្និដ្ឋានបង្ហាញនូវភស្តុតាងបន្ទុក ដាក់ឲ្យជនជាប់ចោទ និងទាមទារសំណងជម្ងឺចិត្ត។
សេចក្ដីសន្និដ្ឋានរបស់មេធាវីជនជាប់ចោទគឺជាសេចក្ដីសន្និដ្ឋានមួយដែល បង្ហាញហេតុផលថាមានពិរុទ្ធភាព ឬបញ្ជាក់ពិរុទ្ធភាព ដោយសំអាងហេតុផ្សេងៗដែលលេចឡើងពេលសវនាការ។
សំណូមពររបស់មេធាវីជនជាប់ចោទទៅចៅក្រមជំនុំជំរះយើងកត់សំគាល់ឃើញថាមាន២បែប ៖
១-សេចក្ដីសន្និដ្ឋានការពារជនជាប់ចោទ ឲ្យរួចខ្លួនពីការចោទប្រកាន់របស់តំណាងអយ្យការដោយសំអាងហេតុផ្សេងៗ។
២- បើយល់ឃើញថា មានភស្តុតាងបន្ទុកគ្រប់គ្រាន់ មិនអាចប្រកែកបានមេធាវីជនជាប់ចោទ មានសិទ្ធិសំណូមពរទៅចៅក្រមជំនុំជំរះ ឲ្យបន្ធូរបន្ថយទោសដល់កូនក្ដីរបស់ខ្លួន ដោយមានសំអាង ហេតុផ្សេងៗ។ បើមានសេចក្ដីសន្និដ្ឋានបន្ថែមនោះ នៅទីបញ្ចប់ត្រូវតែមានសេចក្ដីដោះសារបស់មេធាវីជនជាប់ចោទជានិច្ច។
ក្រោយពីសេចក្ដីសន្និដ្ឋានចោទឆ្លើយ រវាងតំណាងអយ្យការ និងមេធាវីជនជាប់ចោទ និងមេធាវីជនរងគ្រោះបានបញ្ចប់ចៅក្រមជំនុំជំរះ ត្រូវឲ្យសិទ្ធិទៅជនជាប់ចោទទាំងអស់និយាយសំដីចុងក្រោយបង្អស់ របស់ខ្លួន។ សំដីចុងក្រោយរបស់ជនជាប់ចោទ អាចលើកឡើងដោះសាដើម្បីឲ្យខ្លួនរួចផុតពីការចោទប្រកាន់ ឬក៏អាចស្នើសុំទៅចៅក្រមជំនុំជំរះ ឲ្យបន្ធូរបន្ថយទោសឲ្យខ្លួន៕
អង្គកុលបុត្រ