ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​ឯកជន ​”​បូរ៉ា​”​ ឆែក​ដក​ហូត​យក​ទូរស័ព្ទ​សិស្ស​ផ្អើល​ពេញ​សាលា​

​បាត់ដំបង ៖ មានការ​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​មាតា បិតា​សិស្ស​ដែល​បាន​ឲ្យ​កូន​ចូលរៀន នៅក្នុង​សាលារៀន​ចំណេះ​ទូទៅ​ឯកជន”​បូរ៉ា” ដែល​ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់​ដំបង ដោយសារតែ​សាលា​បាន​រៀបចំ​ផែនការ​ដាក់​កម្លាំង​ឲ្យ​ឈរ​នៅ​ច្រក​ទ្វារ​ចូល​ដើម្បី​ឆែកឆេរ​ដក​ហូត​យក​ទូរស័ព្ទ​ដៃ​ពី​សិស្សសាលា​ទាំងអស់​ដែល​មាន​នៅ​ជាប់​នឹង​ខ្លួន និង​កំពុង​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សាលា​។​

ថ្មីៗ​នេះ​គឺ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៧ ខែ​មេសា​នេះ គឺ​លោកនាយក​សាលា​បាន​បញ្ជា​ឲ្យ​លោក​​គ្រូ​ដែល​ជា​ជំនួយ​ការ​ដាក់​កម្លាំង​នៅ​ច្រក​ទ្វារ​ចូល​សាលា​ដើម្បី​ធ្វើការ​ឆែកឆេរ និង​ដក​ហូត​យក​នូវ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ​ឲ្យ​តែ​មាននៅ​ជាប់​នឹង​ខ្លួន​របស់​សិស្ស​ដោយ​យក​ទៅ​រក្សាទុក​នៅ​ទីចាត់ការ​បន្ទាប់ពី​សាលា​បាន​ប្រជុំ​ប្រកាសប្រាប់​មួយ​លើក​ជា​ពីរ​លើក​រួច​មក​ហើយ​។​រាល់​បញ្ហា​នេះ​ខណៈដែល​សិស្ស​មួយចំនួន​បាន​វិលត្រឡប់​ទៅដល់​ផ្ទះ​ដោយ​មិន​មាន​ទូរស័ព្ទ​​នៅ​នឹង​ខ្លួន​បាន​ធ្វើ​ឲ្យ​មាតា បិតា​សិស្ស​មួយចំនួន​បញ្ចេញ​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​ពួកគាត់​បាន​លើក​ហេតុផល​មួយចំនួន​ដូចជា មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​កូន​ពេល​ទៅ​សាលា​ ដោយ​សារ​តែ​ទូរស័ព្ទ​ខ្លះ​តេ​មិន​ចូល ឯ​ខ្លះទៀត​តេ​ចូល​ហើយ​គ្មាន​អ្នក​លើក ម្យ៉ាងទៀត​បើ​ដល់ពេល​វេលា​ដែល​កូន​ត្រូវ​ចេញពី​សាលា​ហើយ​តែ​មិនឃើញ​មកដល់​ផ្ទះ​ តើ​ឲ្យ​ពួកគាត់​ទាក់ទង​ទៅ​អ្នកណា​បើ​ទូរស័ព្ទ​វា​ត្រូវ​លោកគ្រូ​ជំនួយ​ការ​ដក​ល​យក​ទៅ​បាត់​បែបនេះ​?

យុវ​សិស្ស​មួយ​រូប​ដែល​រៀន​នៅក្នុង​”​សាលារៀន​ចំណេះ​ទូទៅ​ឯកជន​បូរ៉ា​”​បាន​និយាយ​ថា​ ការ​ប្រជុំ​ផ្សព្វផ្សាយ​របស់​សាលា​គឺ​គេ​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​ប្អូន​បាន​សុំច្បាប់​ដោយ​មិន​បាន​ទៅ​រៀន​ទេ​ព្រោះ​មាន​ធុរៈ លុះ​ពេល​ចូល​ទៅ​រៀន​នៅ​ថ្ងៃ​ច័ន្ទ​ក៏បាន​ជួបនឹង​ហេតុការណ៍​បែបនេះ​​តែម្តង​ ដោយ​ប្អូន​មិនបាន​ដឹង​អ្វី​បន្តិច​ទាល់តែសោះ ហើយ​ពេល​នោះ​ដែរ​ប្អូន​បាន​សួរ​ទៅ​លោកគ្រូ​ដែរ​​ថា ​តើ​លោកគ្រូ​ប្រគល់​ទូរស័ព្ទ​មកវិញ​នៅ​ថ្ងៃ​ណា ចំលើយ​គឺ​បាន​និយាយ​យ៉ាង​ស្រួល​ថា​ពីរ​បី​ខែ​ទៀត​​ទើបបាន​ប្រគល់​ឲ្យ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ក៏​មាន​ប្រភព​ជាច្រើន​បាន​រិះគន់​ថា កុំថាឡើយ​ត្រឹម​សាលា​ឯកជន​”បូរ៉ា​” គឺ​មាន​សាលា​ជាច្រើន ឬក៏​ដល់​មហាវិទ្យាល័យ​ខ្ពស់ៗ​នៅ​ឯ​ទីក្រុង​ភ្នំពេញ​ក៏​គេ​មិនទាន់​ប្រើ​វិធានការ​បែប​ព្រៃ ឬក៏​បែប​ដាច់​អហង្ការ​យ៉ាង​នេះ​ដែរ គឺ​សាលា​គេ​មាន​វិធានការ​យ៉ាង​ស្រាល​ជា​ទី​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​សិស្ស​អាច​ទទួល​យក​បាន​ដូចជា ក្នុង​ថ្នាក់រៀន​សិស្ស​ទាំងអស់​ត្រូវ​បិត​សំឡេង​ទូរស័ព្ទ​ដាច់ខាត​ មិន​ឲ្យ​មាន​សំឡេង​ទូរស័ព្ទ​រោទ៍ ហើយ​នៅក្នុង​ម៉ោង​សិក្សា ​ប៉ុន្តែ​មិនមែន​នៅក្នុង​បន្ទប់​រៀន ​គឺ​សិស្ស​មាន​សិទ្ធិ​ប្រើ​ទូរស័ព្ទ​បាន​ដោយ​សេរី ដូចជា​ម៉ោង​ចេញលេង​ជាដើម​។​ល​។​ជា​លទ្ធផល ទូរស័ព្ទ​មួយចំនួន​ត្រូវ​បាន​ប្រគល់​ឲ្យ​នៅពេល​ចប់​ម៉ោង​សិក្សា ហើយ​មួយចំនួន​ទៀត​ក៏បាន​ប្រគល់​នៅពេល​ល្ងាច ហើយ​ខ្លះទៀត​គឺ​ឈាន​ដល់​ថ្ងៃ​អង្គារ​ទើប​ប្រគល់​ឲ្យ​សិស្ស​វិញ​​ប៉ុន្តែ​ការ​ដកហូត​ទូរស័ព្ទ​របស់​សិស្ស​ដោយ​មិន​មាន​ការ​សរសេរ​បញ្ជាក់​ឈ្មោះ​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​​ប្រភេទ​អ្វី ម៉ាក​អ្វី វា​ជា​ទង្វើ​មួយ​ប្រាសចាក​ពី​ផ្លូវច្បាប់​ទាំងស្រុង ព្រោះ​បើ​ចំ​សិស្ស​ដែល​មាន​គំនិត​មិនល្អ​អាច​ទៅ​បើក​យក​មុន​ដោយ​ប្រាប់​ថា​ទូរស័ព្ទ​របស់​គេ​ម៉ាក​អាយ​ហ្វូ​ន តើ​លោកគ្រូ​ដែល​ទទួល​បន្ទុក​លើ​កិច្ចការ​នេះ​មាន​ទូរស័ព្ទ​ឯណា ​ទៅ​សង​ឲ្យ​ម្ចាស់​ដើម​វិញ​? អ្វី​ក៏ដោយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី ​សូម​លោក​ នង អ៊ី​វ ដែល​ជា​នាយក​សាលា​មេត្តា​ពិចារណា​ឡើងវិញ ព្រោះ​វា​ជា​កិត្តិយស​របស់​សាលា ម្យ៉ាង​វា​គឺជា​សាលា​ឯកជន​ថែមទៀត​ប្រយ័ត្ន​អស់​សិស្ស​រៀន​។​

ជួប​ជាមួយ​កម្ពុ​ជាថ្មី​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ​ឆ្នាំ​២០១៥ លោកគ្រូ​ម្នាក់​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​ និង​មាន​នាទី​ជា​ជំនួយការ​បាន​និយាយ​ថា ការ​ធ្វើ​របៀប​នេះ​គឺជា​ការព្រមាន​ដល់​សិស្ស​ឲ្យ​មាន​ការ​រាងចាល​ ព្រោះ​សាលា​បាន​ប្រជុំ​ផ្សព្វផ្សាយ​រួចមក​ហើយដោយ​ហាម​មិន​ឲ្យ​នាំ​យក​ទូរស័ព្ទ​ចូល​ក្នុង​សាលារៀន​តែ​សិស្ស​នៅតែ​យក​មក​ដដែល​ទើប​ឈាន​ដល់​ការ​ដក​ហូត​បែបនេះ​។​

ចំពោះ​សំនួរ​ដែល​យើង​បាន​សួរ​ថា​ តើ​សាលា​អាច​មាន​វិធានការ​ផ្លាស់ប្ដូរ​ពី​ការ​ដកហូត​ទៅជា​ការ​ប្រកាស​ដាក់​កំហិត​ឲ្យ​បិត​សំឡេង​ទូរស័ព្ទ​វិញ​បាន​ដែរ​ឬ​ទេ​?​ លោក​បាន​ឆ្លើយតប​មកវិញ​ថា​ការងារ​នេះ​សាលា​មិន​ទាន់​មាន​ចំណាត់ការ​បែបនេះ​ឡើយ ដូច្នេះ​មានន័យថា​ការគ្រប់គ្រង​នៅ​មាន​កម្រិត​ទាប​ ព្រោះ​សម័យ​បច្ចុប្បន្ន​នេះ​វា​មានការ​ជឿនលឿន​ បើ​ទោះ​បី​ជា​លោកគ្រូ​ទាំងអស់​នៅក្នុង​សាលា​នាំគ្នា​កាន់​អាវុធ​គ្រប់​ដៃ​ដើម្បី​គំរាម​សិស្ស​មិន​ឲ្យ​យក​ទូរស័ព្ទ​ចូលក្នុង​សាលា​ក៏ដោយ ក៏​ប្រហែល​ជា​មិនអាច​ទប់​បាន​មួយ​រយ​ភាគរយ​ដែរ ព្រោះ​សិស្ស​សព្វថ្ងៃ​បើ​មានតែ​១០​នាក់​ ក៏​ប្រហែល​ជា​អាច​មាន​ទូរស័ព្ទ​រហូតដល់​២០​គ្រឿង​ទៅ​៣០​គ្រឿង​ឯណោះ​។​

ជួប​ជាមួយ​យើង​លោកគ្រូ​ដែល​ជា​ជំនួយ​ការ​មិន​ហ៊ាន​បញ្ចា​ញ​ឈ្មោះ​ខ្លួន​នោះ​ទេ ដោយ​លោក​បាន​និយាយ​ថា ​ដាក់ឈ្មោះ​លោក​នាយក ​នង អ៊ីវ ទៅ ​តែ​យើង​ក៏​ឆ្ងល់​ដែរ​ថា​ខ្លួន​អ្នកឆ្លើយ​ទៅ​នឹង​បទ​​សម្ភាសន៍​របស់​អ្នកសារព័ត៌មាន តែ​បែរជា​អោយ​ដាក់ឈ្មោះ​លោកនាយក​ទៅវិញ​ទំនង​ជា​មាន​បញ្ហា​អ្វី​មួយ​ដែល​យើង​ស្មាន​មិន​ដល់ ​ដូច្នេះ​គួរតែ​សាលា​រិះរក​វិធានការ​ណាមួយ​ដែល​អាច​សម​ហេតុផល​​នឹង​ការ​ទទួល​យក​បាន​របស់​សិស្ស​ប្រហែលជា​ប្រសើរ​ជាង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684