ព័ត៍មានទាន់​ហេតុការណ៏
Search
098

ពលករ​ចំណាកស្រុក​ខ្មែរ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ដី​ថៃ​ស្លាប់​និង​របួស​ទៀតហើយ

​ប៉ោយប៉ែត ៖ ពលករ​ខ្មែរ ខុសច្បាប់​ជាច្រើន​នាក់ បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ដី​ថៃ បណ្តាលអោយ​ស្លាប់​មនុស្ស​៥​នាក់ ក្នុងនោះ​មាន​ក្មេង​តូចៗ​២​នាក់ និង​របួសធ្ងន់​ស្រាល​១៥​នាក់​ផ្សេងទៀត ដោយសារតែ​រថយន្តរ​បស់​ទាហាន និង​តម្រួត​ថៃ​ដេញចាប់​ពីមុខ​ពីក្រោយ ធ្វើអោយ​តៃកុង​រថយន្ត​ដឹក​ពលករ​ខ្មែរ​ទាំងនោះ ភ័យ​ស្លន់ស្លោ ហើយ​បើក​គេច​ចូលក្នុង​ភ្លឺស្រែ បណ្តាលអោយ​ក្រឡាប់​ស្លាប់​ជនរងគ្រោះ​តែម្តង ។​

​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​កើត​មាននៅ​ម៉ោង​២ ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ​មួយ​ក្នុងភូមិ​សាស្ត្រ ខេត្ត​ឈុន​បូរី នៃ​ប្រទេស​ថៃ​។ ជនរងគ្រោះ​នៅលើ​រថយន្ត​ទាំងនោះ សុទ្ធសឹង​ជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ប៉ុន្តែ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ថៃ បាន​ប្រមូល​សាកសព​ជនរងគ្រោះ​ខ្មែរ​ទុក​នៅក្នុង​ទី​អារាម​មួយ​ក្នុង​ខេត្ត​ឈុន​បូរី ឯ​ជន​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​អស់ហើយ ។​

​ ​សូម​បញ្ជាក់ដែរថា នៅក្នុង​ខែមេសា ឆ្នាំ​២០១៥​នេះ ពលករ​ខ្មែរ​យើង បាន​ជួប​ឧប្បត្តិហេតុ​៤​ករណី​រួចមកហើយ ក្នុងនោះ​លើក​ទី​១ គឺមាន​មនុស្ស​ស្លាប់​៨​នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ​ចំនួន​២​នាក់ ហើយ​រងរបួស​ធ្ងន់​ស្រាល​ជាង​១០​នាក់​។ លុះ​មកដល់​ថ្ងៃទី​២២ ខែមេសា ក៏មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​ទៀត បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី រងគ្រោះ​ធ្ងន់ធ្ងរ​ក្នុង​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​ដូចគ្នា បណ្តាលអោយ​រងរបួស​១១​នាក់​។

លុះ​មកដល់​ថ្ងៃទី​២៤ ខែមេសា ក៏មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៅលើ​ពលករ​ចំណាកស្រុក​ខ្មែរ​យើង​ចំនួន​១​ករណី​ទៀតផង បណ្តាលអោយ​មនុស្ស​ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​១៥​នាក់​ទៀត ចំពោះ​បញ្ហា​គ្រោះថ្នាក់​មួយ​ករណី​ផ្សេងទៀត​នោះ ក៏មាន​ពលរដ្ឋ​យើង​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ផងដែរ តែ​ពុំមាន​មនុស្ស​ស្លាប់​ទេ​។​
​ ​តាម​ប្រភពព័ត៌មាន​ពី​ប្រទេស​ថៃ បានអោយដឹង​​ថា ការគ្រោះថ្នាក់​ចរាច​ណ៍​ទៅលើ​ពលរដ្ឋ​ខ្មែរ​នោះ បណ្តាលមកពី​ទាហាន​និង​តម្រួត​ថៃ​ដេញចាប់ ទើប​ធ្វើអោយ​តៃកុង​បើកបរ​វី​ហ្គោ មួយ​បាំង​កន្លះ ភ័យ​ស្លន់ស្លោ​ទើប​ធ្វើអោយ​រេ​ចង្កូត​ធ្លាក់​ក្នុង​ស្រែ ក្រឡាប់​រថយន្ត​ហើយ​ធ្វើអោយ​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684