ព័ត៍មានទាន់​ហេតុការណ៏
Search
4931

តម្លៃ​នៃ​អ្នក​នយោបាយ

ការ​គិត​ដែល​ឋិត​ក្នុង​ចិត្ត​ប្រជា​ពលរដ្ឋ​យ៉ាង​ស្ងាត់​ស្ងៀម រាល់ថ្ងៃ​នេះ​ក៏​មាន​រូប​ភាព​នៃ​ការ​ផ្តល់​តម្លៃ​ទៅ​អ្នក​នយោបាយ​ផង​ដែរ។ គេ​យល់​ថា​ចំពោះ​សម្ភារៈ​ ប្រើប្រាស់​ក៏​មាន​តម្លៃ​ខ្ពស់​និង​ក៏​មាន​តម្លៃ​ទាប​ល្អ​ឬ​អាក្រក់​…។ ដោយ​ឡែក​ចំពោះ​អ្នក​នយោបាយ​ក៏​មានតម្លៃ​ខ្ពស់​ដ៏​ប្រសើរ​និង​ក៏មាន​តម្លៃ​ទាប​គួរ​ឲ្យ​ធុញ​ទ្រាន់…។

ជាការ​ពិតណាស់​ផ្ទាំង​នៃ​ឆាក​នយោបាយ​ក្នុង​ការសំដែង​ឡើង​នោះ ដើម្បី​បង្ហាញ​ទស្សនិកជន​ដែលគេ​បាន​សម្លឹង​មើល​គ្រប់​សព្វ​ទាំងអស់​នៃ​បុគ្គលិក​លក្ខ​ណសម្បតិ្ត​របស់​តួ​អង្គ​នីមួយៗ។ ការ​វិភាគ​ពី​ទស្សនិកជន​​​ទៅ​តាមសកម្មភាព​តួ​អង្គ​ដែល​បាន​សម្ដែង​នោះ​ហើយ​ដែល​ជាការ​វាយ​តម្លៃ​ថា តើតួ​អង្គណា​មានគុណ​សម្បត្តិ​ខ្ពស់​ និង​តួ​អង្គ​ណា មានគុណ​វិបត្តិ​ដ៏​ទន់ទាប​នោះ ជា​ស្រេចទៅ​ហើយ។ បាន​សេចក្តីថា ឆាក​ល្ខោន​ក៏​ប្រៀបដូចជា​ឆាក​នយោបាយ​ដែរពោល​គឺ​ពុំមាន​អ្វី​ដែល​ជាការ​លាក់លៀម​នោះទេ ព្រោះ​សកម្មភាព​និងការ​សម្ដែង​ទាំង​អម្បាលម៉ាន​តែង​បាន​បង្ហាញ​ដល់​ទស្សនិកជន​ ក៏​ដូចជា​ដើម្បី​បំពេញ​បំណង​របស់​ប្រជា​ពលរដ្ឋ​ដែរ។ ដូចនេះ​គេតែ​មានការ​ផ្តល់​តម្លៃ​អ្នក​នយោបាយ​ទៅតាម​សកម្មភាពបង្កើតនូវ​ផល​ប្រយោជន៍​ជូន​ជាតិតែម្តង។

ជាក់ស្តែង​ចំពោះ​ការ​ផ្តល់​តម្លៃ​ជា​សាធារណៈ​ទៅលើអ្នក​នយោបាយ​គេ​ពិនិត្យ​មើល​ទៅ​លើ​ទិដ្ឋភាព​៣ យ៉ាង​គឺ បញ្ហា​អតីតកាល, បញ្ហា​បច្ចុប្បន្ន​កាល​ និងការ​សន្និដ្ឋាន​ទៅ​អនាគតកាល។ ចំពោះ​បញ្ហា​អតីតកាល​ ឬពេល​កន្លង​មកគេ​សួរ​ថា តើ​អ្នក​នយោបាយ​បានបំពេញ​ការងារ​សំខាន់​ណាខ្លះ​ក្នុងការ​ជួយ​ជាតិ​និងប្រជាពលរដ្ឋ​? ឬគេ​សួរថា អ្នក​នយោបាយ​បាន​ផ្តល់​ផលប្រយោជន៍​អ្វី​ខ្លះ​ជូន​សង្គម​ជាតិ​? បន្ទាប់​មកចូល​ក្នុង​បញ្ហា​បច្ចុប្បន្ន​នេះ ឬ​សព្វថ្ងៃ​នេះអ្នក​នយោបាយ​មាន​សមត្ថភាព​អ្វីខ្លះ​ក្នុងការ​កសាង​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ប្រែមុខ​មាត់​ថ្មី? កាលណា​គេបាន​សម្លឹង​មើល​ឃើញ​ និង​នឹក​ឃើញ​អំពី​គុណ​សម្បតិ្ត​របស់​អ្នក​នយោបាយ​ នាគ្រា​កន្លង​មក និង​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​នាំឲ្យ​គេ​សន្និដ្ឋាន​ និងវាយ​តម្លៃ​ទៅ​អនាគត​កាល តាមរយៈ​ការ​ដាក់​ពិន្ទុថា តើ​គួរ​ឲ្យ​ជឿ​ជាក់​ ឬគួរឲ្យ​ចៀសវាង។ នេះ​ហើយ​ដែលជា​តម្លៃ​ខ្ពស់​ និង​ជាតម្លៃ​ទាបរបស់​អ្នក​នយោបាយ​ តាមរយៈ​ការគិត​ក្នុង​ចិត្ត​របស់​សាធារណជន​រួច​ជាស្រេច​ទៅ​ហើយ។

ផ្តើម​ចេញពី​ការ​ គិត​និងការ​វាយ​តម្លៃ​ដូចនេះ​វា​ជារឿង​ប្រាកដ​និយម​ដែល​មានការ​ងាយ​ស្រួល​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​ឲ្យបាន​សមហេតុ​ផល​ដោយ​ចៀសវាង​ការបោះ​បង់​របស់​ដែល​មានតម្លៃ​ខ្ពស់​ហើយ​ទៅយក​របស់​អន់​ខ្សោយ​មកវិញ​ដូចពាក្យ​ចាស់​ពោលថា ៈ “ចាក់អង្ករចោលទៅយក​អង្កាម” នោះ។ បើ​យើង​ធ្វើ​ការ​រំលឹក​ឡើង​វិញ​ចំពោះ​គណបក្ស​នយោបាយ​ដែល​មានច្រើន​ក្រុម​ក្នុង​ស្រុក​យើងនេះ ក៏​ប្រជាពលរដ្ឋ​ ឬ​សាធារណមតិ​បាន​ពិនិត្យ​ យ៉ាង​ច្បាស់​រួច​ជាស្រេច​ទៅ​ហើយ​តាមរយៈ​ការវាយ​តម្លៃ​អំពី​ស្នាដៃ​ ឬ​សកម្ម​ភាព​នៃគណបក្ស​ក្នុង​ការ​ជួយជាតិ​ ទាំង​ពេល​កន្លង​មក​និងក្នុង​ពេល​បច្ចុប្បន្ន​។ ក្នុង​គណបក្ស​នយោបាយដែល​បានជួយ​ជាតិ​ បានរីក​ចម្រើន​នោះ​គឺ​ត្រូវ​ទទួល​តម្លៃ​ខ្ពស់​លើស​គេ។ នេះ​ជារឿង​ពិត​ ឬហៅថា ប្រាកដ​និយម ព្រោះ​គេ​មិនដែលផ្តល់​តម្លៃ​ទៅ​គណបក្ស​ណា ឬ​អ្នក​ណាដែល​អត់​បានធ្វើ​អ្វី​សោះ​នោះទេ។

សរុប​មក​អ្នក​ដែល​ធ្លាប់​ជួយ​ពីមុខ​មកនិងបាន​ជួយ​បន្ត​មកក្នុង​បច្ចុប្បន្ន​នេះ​គេតែង​សន្និដ្ឋាន​ថា ទៅអនាគត​ក៏អ្នក​នោះជួយ​ទៀតដែរ។ ឯអ្នក​ធ្លាប់​តែរត់​ចោល​ស្រុក​កន្លង​មក​និងពេល​នេះ​ក៏មិន​បានជួយ​ទេ​នោះក៏​គេ​សន្និដ្ឋាន​ថា អ្នក​នោះនឹង​មានតម្លៃ​ទាប​ដែល​ធ្វើ​ឲ្យ​គេ​ដកសេចក្តី​ទុកចិត្ត​ពិត​ប្រាកដ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684