ព័ត៍មានទាន់​ហេតុការណ៏
Search
1

សមាជិកភាព​កាយរឹទ្ធិ​កម្ពុជា កំពុងស្ថិត​ក្នុង​ជំហាន​នៃ​ការលូតលាស់​

សៀមរាប ៖ ថ្នាក់ដឹកនាំ​កាយ​រឹទ្ធ​  សិក្ខាកាម​ជាតិ និង​អន្តរជាតិ ព្រមជាមួយ​នឹង​គ្រូ​ឧទ្ទេសនាម​បរទេស សរុប​ប្រមាណ​ជា ៨០​រូប បាន​ជួបជុំគ្នា​នៅ​ក្រុង​សៀមរាប​  ដើម្បី​ចូលរួម​ដំណើរការ វគ្គ​បណ្តុះបណ្តាល​  ជំនួយការ មេដឹកនាំ​កាយរឹទ្ធិ​  ប័ណ្ណ​សញ្ញា​ឈើ ៣​កំណាត់​  ។​  ​នេះ​គឺជា​ការបើក​វគ្គ​បណ្តុះបណ្តាល​លើក​ទី​១​នៅ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​សំណាក់​អង្គការ​ពិភពលោក នៃ​ចលនា​កាយរឹទ្ធិ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។​  វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​៧​ថ្ងៃ​។ ក្រោម​អធិបតី​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន​កាយ​រឹទ្ធ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​  នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥  ។

​ ​គួរ​បញ្ជាក់ដែរថា គ្រូឧទ្ទេស​នាម​បរទេស តំណាង​មកពី​អង្គការ​ពិភពលោក​នៃ​ចលនា​កាយរឹទ្ធិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក  ​និង​សិក្ខាកាម​អន្តរជាតិ ដែលមាន​វត្តមាន​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ រួមមាន​មកពី​ប្រទេស​ហ្វីលីពីន​  ម៉ាឡេស៊ី​  ឥណ្ឌា និង​មាន​មកពី​ក្រុង​ហុងកុង ផងដែរ​  ។​

​ ​នៅក្នុង​សេចក្តី​ថ្លែង​សន្ទរកថា របស់លោក ជុច ភឿន បានបង្ហាញ​ឲ្យ​ដឹងថា​  វគ្គ​បណ្តុះបណ្តាល ជំនួយការ​មេដឹកនាំ​កាយ​រឹទ្ធ​លើក​ទី​១​នេះ​  គឺ​ស្ថិតក្នុង​គោលបំណង​ពង្រឹង​ធនធានមនុស្ស​   ជាមួយនឹង​ការអប់រំ​ក្នុង​ចលនា​កាយរឹទ្ធិ​  ឲ្យ​មានការ​ទទួលស្គាល់​ពី​ថ្នាក់​តំបន់ និង​អន្តរជាតិ ។ សម្រាប់​កម្ពុជា គឺ​ស្របតាម​កំណើន​សមាជិកភាព និង​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ ២០១០-២០២០ របស់​កាយ​រិ​ទ្ធិ​កម្ពុជា ។​   ឯកឧត្តម បាន​លើក​បង្ហាញ​ឲ្យ​ដឹងថា​  បើតាម​ការមើលឃើញ​នៅក្នុង​ជំរឿន​ឆ្នាំ ២០១៣  សមាជិកភាព​កាយរឹទ្ធិ​កម្ពុជា មាន​ចំនួន ១១,៨៨៧​នាក់ ។​  ឯកឧត្តម បាន​វាយតម្លៃថា​   នេះ​គឺជា​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​   ក្នុង​ការកសាង​ធនធានមនុស្ស​  បើ​ធៀប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ឆ្នាំ ២០១០-២០២០ ដែល​បាន​ចង្អុល​គោលដៅ​  កសាង​និង​ពង្រីក​សមាជិកភាព​កាយ​រឺ​ទ្ធិ​កម្ពុជា ក្នុង​ចំនួន​កំណត់ ១៥០,០០០ នាក់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684