ព័ត៍មានទាន់​ហេតុការណ៏
Search
4931

ទូកធំ ក្តោង​ធំ

ចំពោះ​អ្នក​ក្រ​តែង​មានបំណង​ចង់​បាន​ប្រាក់​មាស​និង​ទ្រព្យសម្បតិ្ត ប៉ុន្តែ​សម្រាប់​អ្នក​មាន​មាស​ប្រាក់​និង​ទ្រព្យ​សម្បតិ្ត​ ច្រើន​ហើយ​ក៏​នៅ​តែមាន​ចិត្ត​ត្រេក​ត្រអាល​និង​​ស្រេកឃ្លាន​ចង់​បាន​បន្ថែ​ម​ទៀត​ដោយ​មិនចេះ​ចប់​ឡើយ។​ រវាង​ អ្នក​មាននិង​អ្នក​ក្រ​ដែល​មាន​តម្រូវការ​ដើ​ម្បី​អោយ​ជីវិត​មាន ដំណើរ​ការទៅ​បាន ក្នុង​លោក​នេះ​ ពាក្យ​ចាស់​បាន​និយាយថាៈ “​ទូកធំ ក្តោងធំ” និង​គេអាច​បន្ត​ថាៈ “​បើទូក​តូច​ ដាក់​ក្តោង​តូច”។ តើ​សុភាសិត​នេះ​មានអត្ថន័យ​យ៉ាង​ណា?

ការ​ពិត​សេចក្តី​ប្រាថ្នា​របស់​មនុស្ស​ពុំមាន​ទីបញ្ចប់​នោះ​ទេ គ្រាន់​តែអ្វី​ដែល​គេ​ចង់​បាន​នោះ មាន​លក្ខណៈ​ខុសគ្នា​ទៅ​តាម​ទំហំ។ ជាក់​ស្តែង​ ពាក្យ​ចាស់​បាន​លើក​បង្ហាញ អំពី​បញ្ហា​ទូក ដែល​បានឆ្លង​កាត់​ផ្ទៃ​ជលសា គឺ​មានទាំង​ទូក​តូច​និង​មានទាំង​ទូកធំ ។ នៅ​ពេល​ដែល​ ដំណើរ​ទៅមុខ​របស់​ទូក​ទៅ​តាម​បណ្តោយ​ខ្យល់​ ហើយ​ដើម្បី​អោយ​ទូក​នោះ​ស្ទុះ​លឿន​ទៅមុខ​ ឆាប់​រហ័ស​ គេ​ត្រូវ​ដាក់ក្តោង​អោយ​រនាំង​​នៃ​ក្តោង​ ត្រូវ​កម្លាំង​ខ្យល់​ជួយ​រុញច្រាន ដោយ​មានជំនួយ​នៃ​ការ​អុំ​ឬ​ ចែវ​គឺ​គ្រាន់​តែ​ ទប់​ចង្កូត​អោយ​ត្រង់​ទៅមុខ​ប៉ុណ្ណោះ។​

ក្នុងការ​បើក​ក្តោង​ដែល​ប្រព្រឹត្ត​ទៅបាន​ល្អ​នោះ​ជាទម្លាប់​នៃអ្នកប្រើ​ប្រាស់​ទូក គេ​តែង​គិត​ថា បើ​ទូក​តូច ត្រូវ​ដាក់​ក្តោង​តូច​ តែ​បើ​ទូក​ធំ​ ត្រូវ​ដាក់​ក្តោង​ធំ​។ ផ្ទុយ​ទៅវិញ​បើទូក​តូច​ ដាក់ក្តោង​ធំ​នោះ​ វាអាច​បណ្តាល​អោយ សន្ទុះ​ខ្យល់​បក់​បានរុញ​ច្រាន​ទូក​នោះ​អោយ ក្រឡាប់​លិច​លង់​ បង្កនូវ​ភាព​វិនាស​អន្តរាយ ដែល​មិនអាច​ទៅដល់​ត្រើយ​នាយ​នោះឡើយ។ រីឯ​ទូកធំ​បើ​ដាក់​ក្តោង​តូច​នោះ​ក៏ មិនអាច​មានសន្ទុះ​នៃ​កម្លាំង​ខ្យល់​រុញ​ទៅមុខ​​បាន​នោះ​ទេ​ ព្រោះ​ទូក​មានទំហំ​ធំ និង​ធ្ងន់​ដែល​មិន​ធួនល្មម​ នឹង​ ក្តោង​។ ដើម្បី​មាន​សុវត្ថិ​ភាព​ ក្នុង​ដំណើរ​ការ​របស់​ទូក​នោះ​ទើប​ពាក្យ​ចាស់​បាន​ផ្តែផ្តាំ​ថាៈ “​ទូក​ធំ​ ក្តោង​ធំ និង​ទូកតូច​ក្តោង​តូច​” ទុកអោយ​ម្ចាស់​ទូក​ បន្ត​គ្រប់​ជំនាន់​បានចងចាំ​ទុក​ជាមេរៀន។

ដូន​តា​ខ្មែរ​ បាន​បញ្ជាក់​អំពី​ទូក​និងក្តោង​មែន​ប៉ុន្តែ​លោក​បាន​ធ្វើ​ការ​តម្រង់​ទិស​ ម្យ៉ាង​ទៀត​ នៃ​ពាក្យ​សុភាសិត​នេះ​អោយ​ត្រូវ​ នឹង​ ការរស់​នៅ​របស់មនុស្ស​ ក្នុង​សង្គម​ទៅវិញ។ មានន័យ​ថា​ចំពោះ​ទូក​តូច​នោះ​ប្រៀ​បដូច​ អ្នក​តូចតាច​ឬ អ្នក​ទីទ័លក្រ ដែល​មានបំណង​តិច​តែ​បញ្ហា​ដោះ​ស្រាយ​ជុំវិញ​ខ្លួន ក៏មាន​តម្រូវការ​លើការ​ងារ​តូច​តាច​ទៅ​តាម​លទ្ធ​ភាព​ និង​សមត្ថ​ភាព​របស់​ខ្លួន ជុំវិញ​ជីវភាព​រស់នៅ​រាល់​ថ្ងៃ​។ ជាក់​ស្តែង​យើង​ធ្លាប់​បានរស់​នៅ​ឆ្លងកាត់​ ក្នុង​ជីវភាព​ទីទ័ល​ក្រ​កក្នុង​សម័យ ប្រល័យ​ពូជសាសន៍ ដែល​មានការ​សន្សំ​សំចៃ​ដល់​ កម្រិត​ទាប់​បំផុត​ គឺ​តាំង​ពី​អំពី​អំបិល មួយ​គ្រាប់​ចេស​មួយ​សរសៃ​ បាយ​មួយ​គ្រា​ប់​…។ ជាពិ​សេស​អ្វី​ដែល​យើង​មានបំណង​ប្រាថ្នា​នោះ​ មាន​ត្រឹម​តែ​កម្ម​សិទ្ធិ​គឺ​ ស្បោង​មួយ​តូច​ ដែល​មានន័យថា​ ជាការ​ចំ​អែត​ក្រពះ​ប៉ុណ្ណោះ។ ជា​បន្ត​ទៅ​ទៀត​​ គឺ​យើង​មានតម្រូវការ​អោយ​ជីវិត​បានរស់​ទោះ ជាជួប​នូវ​ទុក្ខ​លំបាកវេទនា​អ្វី​ក៏​ដោយ​ ឬ​យ៉ាង​ណា​ក៏​ដោយ។​ ប៉ុន្តែ​បើ​ យើង​មានបំណង​ប្រាថ្នាលើស​ ពីហ្នឹង​នោះ​ក៏​ទៅ​មិនរួច​ដែរ​ ព្រោះ​ជីវិត​មនុស្ស​នាពេល​នោះកំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​សេចក្តី​ស្លាប់​រាល់ថ្ងៃ​។ ដូច​នេះ​ទាំង​បំណង​ប្រាថ្នា​និង​មានទំ​នាក់ទំនង​ក៏មាន​លក្ខណៈ​តូច​តាច​ អោយ​បាន​ត្រឹម​តែ​រក្សា​ជីវិត​អោយ​បាន​គង់​វង្សនោះ​ វា​មិន​ខុស​ពី ទូក​តូច​ដាក់ក្តោង​តូចនោះ​ដែរ។​

ប៉ុន្តែ​ចំពោះ​បច្ចុប្បន្ន​នេះ​យើង​មានបំណង​ប្រាថ្នា​ច្រើន​ និង​មាន​ទំនាក់​ទំនង​ ការងារ​ច្រើន​ជុំវិញ​ខ្លួន​ ដូច​ពាក្យ​ចាស់​ពោល​ថាៈ “ខ្លែង​ហើរ​ដោយ​សារ​ខ្យល់​” , “សំ​ពៅ​ពឹង​សំប៉ាន” “អ្នក​មានរក្សាខ្សត់​”…។ ការ​រកស៊ី​ធំត្រូវ​ចំណាយ​លុយ​ច្រើន ។ អ្នក​មានទ្រព្យ​ និង​អ្នក​មានយស​សក្តិ​និងមាន​មុខ​មាត់​ធំ គឺ​ប្រៀបដូច​ជា​ទូកធំ​ដែ​ល​មានតម្រូវការ​ ដាក់ក្តោង​ធំទើប អូស​ទៅរួច។

សរុប​សេចក្តី​មក ទាំង​ទូកតូច​ក្តោង​តូច​និងទាំង​​ទូកធំក្តោង​ធំ​បានសម្រចបំណង ចុង​ក្រោយ​ស្មើគ្នា​ គឺ​បានទៅ​ដល់​ត្រើយ​នាយ ដែល​គ្រាន់​តែ​មុន និង​ក្រោយ​ ឬ​ យូរ​ និង​ ឆាប់​ប៉ុណ្ណោះ។ ឯអ្វី​ដែល​រឹត​តែ​ស្មើ​គ្នា​ទៅទៀត​នោះ គឺ​ពុំមាន​យក​អ្វី​ទៅ​ជា​មួយ​ខ្លួន​នៅ​ពេល​ដែល​ចាក​ចោល​លោក​ពោរពេញ​ដោយ តណ្ហា​នេះ​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684