ព័ត៍មានទាន់​ហេតុការណ៏
Search
0111

នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​

ភ្នំពេញ ​៖ ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ករណី​គាស់​ទម្លុះ​ទម្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យសម្បត្តិ​។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់ ទី​១​-ឈ្មោះ វ៉ាង រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ និង​ទី​២​-ឈ្មោះ ឌួង វុទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។ ចំណែក​ជនរងគ្រោះ​នៅក្នុង​ករណីនេះ​មានឈ្មោះ ផុន សុខ​ឃី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​ចាក់សោ​ផ្ទះ​ទុកចោល ហើយ​បាន​ចេញទៅ​លក់ដូរ​នៅ​ផ្សារ​ទួលសំបូរ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ងូតទឹក ស្រាប់តែ​ឃើញ​ទ្វា​ផ្ទះ​របើក ជនរងគ្រោះ​ក៏បាន​ដើរ​ចូល​ទៅ​មើលឃើញ​បាត់​ទ្រព្យសម្បត្តិ​មួយចំនួន រួមមាន អំភ្លី​ចំនួន​០១ ឧបករណ៍​ចាក់​ឌី​ស​ចំនួន​០១ ទូរទស្សន៍​ចំនួន​០១​គ្រឿង កង្ហារ​ចំនួន ០១​គ្រឿង ធុង​ហ្គាស៍​ចំនួន​០១ កៅអី​ផ្តេក​ចំនួន​០១ ធុងបាស​ចំនួន​០១​គូរ ហឹប​សន្សំ​លុយ​ចំនួន​០១ មិន​ដឹង​ចំនួន​លុយ និង​លិខិត​ផ្ទេរ​កម្ម​សិទ្ធ​ដីធ្លី​ចំនួន​០២​សន្លឹក​។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​​ឲ្យ​ដឹង​ថា ក្រោយពី​កើត​មាន​ករណី​ខាងលើ ជន​រង​គ្រោះ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ឲ្យ​ចុះ​មក​ពិនិត្យ ព្រមទាំង​ធ្វើការ​បំភ្លឺ​ពី​ជនរងគ្រោះ និង​សាក្សី​ដែល​ឃើញ​ហេតុការណ៍ ទើប​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​រហូត​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ ឃាត់​បាន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​យក​មក​ធ្វើការ​សាកសួរ​ជំ​ហ៊ាន​ដំបូង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង និង​បញ្ជូន​បន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សួរនាំ​បន្ថែម​ទៀត​។ ក្រោយពី​ធ្វើការ​សាកសួរ​ជន​សង្ស័យ​ទាំង​០២​នាក់​បាន​ឆ្លើយ​សារភាព​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៥ ពួកគេ​ទាំង​០២​នាក់ រួម​ជា​មួយ​បក្ខពួក​០៣​នាក់​ទៀត ទី​០១​-ឈ្មោះ ចាន់ សៅ​រឿន ទី​២​-ឈ្មោះ ផាន់ មុន្នី ហៅ មី និង​ទី​៣​-ឈ្មោះ ជួន គា ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ជនរងគ្រោះ ដើម្បី​លួច​ទ្រព្យសម្បត្តិ​ប្រាកដ​មែន​។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ខាងលើ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​មក​ធ្វើ​ពាក្យ​ស្នើសុំ​យក​សម្ភារៈ​ទៅ​ប្រើប្រាស់​វិញ​។ ​ចំណែក​ជនសង្ស័យ​ទាំង​០២​នាក់​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684