ព័ត៍មានទាន់​ហេតុការណ៏
Search
0124

អ្នក​បើករថយន្ត​ឡុ​ច​សីស​RX300​ ត្រូវ​តុលាការ​ឃុំខ្លួន ​បន្ទាប់ពី​កៀរ​ម៉ូតូ​អូស​សិស្ស​នារី​ម្នាក់​ក្រោម​រថយន្ត​២០​ម៉ែត្រ​រង​របួស​ធ្ងន់ធ្ងរ​​

កំពង់ឆ្នាំង ​៖​ អ្នក​បើក​រថយន្ត​ឡុ​ច​សីស​RX300​ម្នាក់​ ត្រូវ​តុលាការខេត្ត​កំពង់ឆ្នាំង​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ បន្ទាប់ពី​សម្របសម្រួល​មិន​ត្រូវ​គ្នា​ជាមួយ​គ្រួសារ​ជនរងគ្រោះ ក្រោយ​ពី​អ្នកបើកបរ​រថយន្ត​នោះ​បាន​បើករថយន្ត​កៀរ​ម៉ូតូ​យុវនារី​ជា​សិស្ស​ថ្នាក់​ទី​១០​ម្នាក់​ធ្វើ​ឲ្យ​នាង​ដួល​ចូល​ក្រោម​រថយន្ត ហើយ​ត្រូវ​រថយន្ត​ហាយ​ឡិន​ឌ័​របុក​គូថ​ឡុ​ច​សីស​ពីក្រោយ ធ្វើឲ្យ​រថយន្ត​ឡុ​ច​សីស​អូស​នារី​រងគ្រោះ​ក្រោយ​រថយន្ត​ជាង​២០​ម៉ែត្រ​រង​របួស​ធ្ងន់ ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​និយាយ​ឲ្យ​ដឹង​ថា យុវ​សិស្ស​រងគ្រោះ​មាន​ឈ្មោះ ឌឹ​ម មុនី​កែវ អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក្រុងភ្នំពេញ រស់នៅ​ក្នុងភូមិ​ជ័យជំនះ ខណ្ឌ​ដូនពេញ ក្រុងភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ស​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD-2022​។​ ចំណែក​រថយន្ត​បង្ក​ទី​១-​ម៉ាក​ឡុ​ច​ស៊ី​ស​ធន់​តូច ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-3934 បើកបរ​ដោយ​ឈ្មោះ ឆាយ រំភើយ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​កុយ​ដាំ​រាំ ឃុំ​ដាំ​រាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។ រថយន្ត​បង្ក​ទី​២​-ម៉ាក​ហាយ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z- 3442 បើកបរ​ដោយ​ឈ្មោះ វ៉ែន ឌឿ​ន អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

មុន​ពេល​កើតហេតុ ​យុវ​សិស្ស​រងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្នា​៣​នាក់ ជា​មួយ​នឹង​ម៉ូតូ​៣​គ្រឿង​ទៀត​ត្រូវជា​បងប្អូន​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់​ ​លុះ​មកដល់​កន្លែង​កើតហេតុ រថយន្ត​ឡុ​ច​ស៊ី​ស ដែល​បាន​បើក​ក្នុង​ទិស​បញ្ច្រាស​គ្នា បាន​បើក​ជែង​រថយន្ត​ធំ​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ស្របគ្នា ក្នុង​ពេល​ម៉ូតូ​ជនរងគ្រោះ​ក៏បាន​បើក​មកដល់​ទន្ទឹម​គ្នា​នេះ​ដែរ ហើយ​បាន​កៀរ​ម៉ូតូ​ដួល​នា​ចូល​ក្រោម​រថយន្ត ខណៈ​នោះ​ដែល​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​បាន​បុក​គូថ​រថយន្ត​ឡិច​ស៊ី​ស អូស​ជនរងគ្រោះ​ចម្ងាយ​ប្រមាណ​ជាង​២០​ម៉ែត្រ ទើប​រថយន្ត​ឈប់​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បោក​ត្រឡប់​ត្រឡិន និង​របួសធ្ងន់​។​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បន្ទាប់មក​បាន​ដឹក​យក​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ ក្រុង​ភ្នំពេញ​។ ​ចំណែក​រថយន្ត​បង្ក​ទាំង​២​គ្រឿង និង​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​រលាប្អៀរ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខេត្ត​នាំ​ខ្លួន​មក​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភាគី​អាណាព្យាបាល​យុវ​សិស្ស​រងគ្រោះ​បាន​ទាម​សំណង​ខូចខាត​ម៉ូតូ​ និង​ព្យាបាល​របួស​ចំនួន​៧​ពាន់​ដុល្លារ ក្រោយមក​ចុះ​ត្រឹម​៥​ពាន់​ដុល្លារ ចំណែក​ភាគី​រថយន្ត​ឡុ​ច​សីស​មានលទ្ធភាព​សង​ប្រមាណ​៥០០​ដុល្លារ​តែប៉ុណ្ណោះ​។​ ដោយ​ភាគី​ទាង​២​សម្របសម្រួល​មិន​ត្រូវរ៉ូវ​គ្នា សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥​។​

អ្នកបើកបរ​រថយន្ត​ឡុ​ច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3934 ឈ្មោះ ឆាយ រំភើយ អាយុ​៤៤​ឆ្នាំ ​រស់នៅ​ភូមិ​កុយ​ដាំ​រាំ ឃុំ​ដាំ​រាំ ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវ​តុលាការ​ខេត្ត​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៥​។​

ដោយឡែក​រថយន្ត​បង្ក​ទី​២​-ម៉ាក​ហាយ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z- 3442 ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ទុក​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំណែក​អ្នក​បើកបរ​ឈ្មោះ វ៉ែន ឌឿ​ន អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មិន​ត្រូវ​បាន​ឃុំខ្លួន​ទេ ប៉ុន្តែ​រូបគេ​ត្រូវ​សង​ការ​ខូចខាត​ទៅ​ឲ្យ​ម្ចាស់​រថយន្ត​ឡុ​ច​សីស​ ព្រោះតែ​បាន​បើក​បុក​គូថ​គេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684