ព័ត៍មានទាន់​ហេតុការណ៏
Search
4931

ឥទ្ធិពល​គ្រឿង​ស្រវឹង ជា​ក្តីបារម្ភ​ថ្មី​របស់​សង្គម

មិន​ខ្វះ​ទេ គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រាប់​ចាប់ពី​តម្លៃ​១៥០០​រៀល​ក្នុង​មួយ​លីត្រ រហូតដល់​រាប់​រយ​ដុល្លារ​អាមេរិក​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ គ្រឿង​ស្រវឹង​បាន​ពង្រីក​នូវ​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើងៗ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មាន​គ្រប់​រូបភាព ដូចជា​ការផ្សាយ​ពី​ការ​ផ្តល់​រង្វាន់​ពី​គ្រឿង​ស្រវឹង និង​ការ​លើកទឹកចិត្ត​ឲ្យ​អតិថិជន​ប្រើប្រាស់​ជាដើម។ គ្រឿង​ស្រវឹង​បាន​បង្ក​នូវ​បញ្ហា​មួយចំនួន​ក្នុង​សង្គម ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ការ​កាប់សម្លាប់​គ្នា និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

ថ្មីៗ​នេះ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​ជូនដំណឹង ដើម្បី​ដាស់តឿន​ដល់​ម្ចាស់​ស្ថានីយទូរទស្សន៍ និង​វិទ្យុ នៅក្នុង​ស្រុក​បញ្ឈប់​ការផ្សាយ​គ្រឿង​ស្រវឹង​ទៅតាម​ពេលវេលា​កំណត់​មួយ​។ ហេតុអ្វី​បានជា​ក្រសួង​ព័ត៌មាន​ចេញ​សេចក្តី​ប្រកាស​បែបនេះ​? ជា​ការ​ពិត​ណាស់ ដោយសារតែ​ក្រសួង​យល់​ឃើញ​ថា គ្រឿង​ស្រវឹង​មួយ​ចំនួន​ធំ​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ ដល់​អ្នកប្រើប្រាស់​រួម​ទាំង​ក្មេងៗ​មួយចំនួន​ផង​ដែរ។

គ្រឿង​ស្រវឹង​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។ ដូចជា​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ក្នុង​ប្រទេស​កម្ពុជា​មាន គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង ដោយសារតែ​គ្រឿង​ស្រវឹង​ចំនួន​៤​ករណី គិត​ចាប់ពី​ថ្ងៃទី​១៩ ខែកុម្ភៈ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ។ នេះ​គឺជា​បញ្ហា​មួយ ដែល​គួរ​ឲ្យ​បារម្ភ​ទាក់ទង​នឹង​ការ​ពិសា​គ្រឿង​ស្រវឹង។ មាន​ករណី​ថ្មី​ជាច្រើន​ទៀត ដែល​បង្កឡើង​ដោយ​ការ​ពិសា​គ្រឿង​ស្រវឹង គ្មាន​ការទទួលខុសត្រូវ​។ ឧទាហរណ៍ ដូចជា​ករណី​ថ្មីៗ​នេះ គឺ ផឹកស៊ី​ស្រវឹង​យក​កាំភ្លើង​កែច្នៃ បាញ់​លេង ត្រូវ​មិត្ត​ភ័​ក្ត​ចំ​ភ្នែក។ ករណីនេះ បាន​កើត​ឡើង​នៅ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ​។ តើ​គ្រឿង​ស្រវឹង​បាន​ចូល​រួម​ចំណែក​អ្វីខ្លះ ក្រៅពី​ការ​ចូលរួមចំណែក​បង្ក​របួស​ស្នាម?

យោង​តាម​គេហទំព័រ​សុខភាព​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​នឹងធ្វើ​ឲ្យ​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​។ លោកអ្នក​នឹង​មាន​អាការៈ​ធីងធោង ភាំងៗ។ ក្រោយពី​ការ​ពិសា​ហើយ លោកអ្នក​មិនអាច​មានការ​ចងចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ​។ លោកអ្នក​នឹង​មាន​អាការ​តានតឹង និង​ញ័រ​ខ្លួន ក្នុងករណី​ធ្ងន់ធ្ងរ​ប្រែ​ទៅជា​វង្វេងវង្វាន់ និង​មាន​ប្រកាច់​ទៀត​ផង។

មិនតែប៉ុណ្ណោះ​វា​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ ជាពិសេស​ពេល​កំពុង​បើកបរ​។ ដូច្នេះ មុន​ទទួលទាន​គ្រឿង​ស្រវឹង​មនុស្ស​គ្រប់គ្នា​គួរតែ​គិតគូរ​ពិចារណា​ឲ្យ​បាន​ច្បាស់​ពី​សមត្ថភាព​របស់​ខ្លួន​ឯង ថា​អាច​ទទួល​យក​បាន​កម្រិត​ណា។

ក្រៅ​ពី​នេះ​វា​បង្ក​ជា​អំពើ​ហិង្សា​នៅក្នុង​គ្រួសារ​ទៀត​ផង។ អំពើ​ហិង្សា​ទាំងនោះ​ហើយ ដែល​ហុច​ផល​មិនល្អ​ចូល​ទៅ​ក្នុង​សង្គម​ខ្មែរ។ ឧទាហរ​ណ៍ គ្រួសារ​មួយ ដែល​មាន​ឪពុក​ជា​ជន​ប្រមឹក នោះ​ការ​កើតមាន​អំពើ​ហិង្សា​ងាយស្រួល​ក្នុង​កើតឡើង​ខ្លាំង​ណាស់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឥទ្ធិពល​នេះ​ក៏​អាច​បន្ត​ដល់​កូន​របស់​ខ្លួន​ផង​ដែរ។

“ផឹកៗ​ឲ្យ​គេ​សែង ផឹក​ដើរ​ខ្លួនឯង ផឹក​ធ្វើ​ស្អី​!” នេះ​គឺជា​ទស្សនៈ​របស់​មនុស្ស​មួយចំនួន ដែល​ចូលចិត្ត​គ្រឿង​ស្រវឹង។ ប្រយោគ​ខាងលើ​នេះ ត្រូវ​បាន​មនុស្ស​ជាច្រើន​ប្រើ​បន្តបន្ទាប់​គ្នា ដែល​បង្ហាញថា​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​កំពុង​តែ​បន្ត​ពី​មនុស្ស​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់​ទៀត។ នៅ​ពេលដែល​ពួកគេ​ចង់​ផឹកស៊ី ពួកគេ​តែងតែ​ទន្ទិញ​ប្រយោគ​នេះ​នៅ​ជាប់​នឹង​មាត់។

មិន​ត្រឹមតែ​ប៉ុណ្ណោះ មនុស្ស​មួយចំនួន​បែរជា​ឲ្យ​តម្លៃ​ទៅលើ​គ្រឿង​ស្រវឹង​ជាជាង​មិត្តភាព​ទៅទៀត។ ឧទាហរណ៍ បើ​គេ​ហៅ​មិត្ត​ភ័​ក្ត​ទៅ​ពិសា​គ្រឿង​ស្រវឹង ហើយ​មិត្ត​របស់​គេ​មិន​ចូលរួម នោះ​គេ​យក​ចំណងមិត្តភាព​មក​ធ្វើជា​ការដោះដូរ​។ “បើ​មិន​ផឹក​ជាមួយគ្នា​ទេ យើង​មិនមែន​ជា​មិត្ត​នឹង​គ្នា​ទៀត​ទេ​!” នេះ​បញ្ជាក់​ថា តម្លៃ​នៃ​មិត្តភាព​ស្មើនឹង​តម្លៃ​នៃ​គ្រឿង​ស្រវឹង ឬ​មិន​មាន​តម្លៃ​ស្មើនឹង​គ្រឿង​ស្រវឹង​ផង​។ តើ​អ្នក​នឹង​យល់ព្រម​បោះបង់​មិត្ត​ម្នាក់ ដែល​មិន​ចេះ​ផឹក​គ្រឿង​ស្រវឹង​ជាមួយ​អ្នក ឬ​យ៉ាងណា​? គេ​អាច​ទិញ​គ្រឿង​ស្រវឹង​បាន​ច្រើន​រាប់មិនអស់ តែ​គេ​មិនអាច​ទិញ​មនុស្ស ឬ​មិត្ត ដែល​មាន​ភក្តីភាព​នោះ​ទេ។ នេះ​អាច​ជា​ប្រយោគ​មួយ ដាស់តឿន​ដល់​មនុស្ស​មួយចំនួន ដែល​ចូលចិត្ត​យក​ចំណងមិត្តភាព​មក​ទាក់​ទាញ​មិត្ត​ភ័​ក្ត​ឲ្យ​ផឹក​ជាមួយ​ខ្លួន។

ដូច​ការ​រៀបរាប់​មក​ខាងលើ​នេះ តើ​មាន​ចំណុច​ណាមួយ ដែល​បញ្ជាក់ថា​ការទទួល​ទាន​គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​វិជ្ជមាន​។ ចម្លើយ​គឺ​គ្មានទេ ឥទ្ធិពល​វិជ្ជមាន​។ គ្រឿង​ស្រវឹង​ប្រៀប​បាន​នឹង​គ្រឿងញៀន​ដូច្នេះ​ដែរ​។ បើ​ពិសា​កាន់​តែ​ច្រើន កាន់​តែ​មាន​បញ្ហា​ច្រើន​។ ម្យ៉ាងវិញទៀត ការ​ហាម​ឃាត់​មិន​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម​មិនមែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ការ​បង្កើន​ការ​យល់ដឹង​តាមរយៈ​ការ​ជ្រាប​ចំណេះដឹង​ពី​ផល​អវិជ្ជមាន​របស់​គ្រឿង​ស្រវឹង​អាច​ជា​ជម្រើស​ល្អ​ជាង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684