ព័ត៍មានទាន់​ហេតុការណ៏
Search
4931

តំណែង​ព្រះឥន្ទ​មក​ទល់​ពេល​នេះ

នៅ​ក្នុង​វណ្ណកម្ម​ផ្នែក ​សាសនាព្រាហ្មណ៍​ក៏​ដូច​ជាក្នុង​ព្រះពុទ្ធ​សាសនាដែរ តែងមាន​តួអង្គ​ព្រះឥន្ទចូលរួម​ធ្វើសកម្មភាព ឬមានវត​្ត​មាន ក្នុង​ការជួយ​ដល់សង្គម​មនុស្ស ឲ្យបាន​រួចចាកផុត​ពីទុក្ខភ័យ​ទាំងឡាយ​ទាំងពួង​។ ជាពិសេស​គេ​បាន​ដឹងថា ព្រះឥន្ទ​ជាស្តេច​នៃទេវតា ឯឋានសួគ៌​ផង ហើយដែលព្រះ​ឥន្ទ​តែងមាន​ទំនាក់ទំនង​ល្អក្នុង​ការជួយ​សង្គមខ្មែរ ដោយហាក់ដូច​ជាការ​ផ្សា​​ភ្ជាប់ ឋានកណ្តាល និងឋានទេវលោក ឲ្យ​មាន​ភាព​ជិតស្និទ្ធ​នៅជិតបង្ហើយជាមួយគ្នា។ ជាក់ស្តែង​តាមរយៈរឿង​ព្រេង​បាន​បង្ហាញ​អំពី​ប្រាសាទអង្គរវត្ត​គឺ ស្នាដៃ​របស់​ជាង​សំណង់​មក​ពី​ឋានសួគ៌ ហើយ​ប្រាសាទ​នេះ​គេបាន​និយាយ​​​​ថា​មាន​លំនាំ​ជា​ក្រោល​គោរបស់​ព្រះឥន្ទ​ទៀត​ផង។

គប្បី​បញ្ជាក់​តាម​រយៈ​ព្រះសង្ឃ​ទេសនាដែល​ពុទ្ធរិស័ទ យើងមាន​ការ​ចេះចាំ និង​ចំណាំ​តែ​និយាយ​​តៗ គ្នាមកបាន​ឲ្យដឹង អំពី​ប្រវត្តិ​​​អតីត​ជាតិ​របស់​ព្រះឥន្ទ​នោះ​ថាៈ កាលពី​មិនទាន់​បាន​​​​​​​​​​កាន់តំណែងដោយ​កុសលផលបុណ្យ​ ​​បាន​កើត​​​​ជា​ព្រះឥន្ទនោះគឺ កាលពីជាតិខាង​​ដើម ជា​មនុស្ស​នៅឋានកណ្តាល​នោះមាន​ឈ្មោះ ថា «​មគ្គមាណព »។ មគ្គមាណព​ជាមនុស្ស​ដែល​​​​​បាន​កសាង​ផ្លូវ​ តូចធំ ជាច្រើន​​​ដើម្បី ជា​​ប្រយោជន៍​​សាធារណៈ​ដល់អ្នកដំណើរ​ទូទៅ បានឆ្លងកាត់​ទៅ​មកប្រកបដោយ​ប្រសិទ្ធភាព។ ដោយសារ​ផលា​និសង្ឃ​នៃ​ការ​កសាងផ្លូវនេះហើយ​ទើប​មគ្គមាណព​បានទៅកើតជា​ព្រះឥន្ទ​ មកទល់​នឹង​បច្ចុប្បន្ន​នេះ។ ជាមួយ​នេះដែរគេបាន​​​​​​​ដឹង​​​ថា​ មគ្គ​​​មាណព​​ មានប្រពន្ធ៤ នាក់​សុទ្ធតែ​ជា​អ្នក​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ការធ្វើទាន​ដូចគ្នា។ នៅ​ពេល​ដែលបានដឹងថា ស្វាមី​របស់ខ្លួន​កសាង​ផ្លូវ​ហើយនោះ​ភរិយា​ទាំង៤នាក់​ឆ្លៀត​កសាង​កុសល​ជូនដល់សង្គម​មនុស្ស​ដែរ។ ភរិយាទាំង​៤នាក់នោះមានខ្លះ ​​​កសាង​ សាលា​សំណាក់​ ខ្លះ​ជីកអណ្តូង ឬជីកស្រះសម្រាប់​ផ្តល់ផល​ប្រយោជន៍​ដល់​អ្នក​​​​ដំណើរ​តាម​ផ្លូវ​បាន​ស្នាក់​អា​ស្រ័យ​ប្រកបដោយ​ភាព​​រីករាយ​។ ក្រោយពេល​ស្លាប់​ពី​​​ជាតិ​ជា​មនុស្ស​ទៅ​នោះ ភរិយា​ទាំង​៤នាក់​បាន កើត​នៅ​ឋានសួគ៌ ហើយ​បាន​ធ្វើ​ជាមហេ​សី​ របស់​ព្រះឥន្ទ​ ដែល​ភរិយា ទី១​ឈ្មោះ នាង​សុធម្មា​, ភរិយាទី២ នាង សុនន្ទា, ភរិយាទី៣ នាង​សុចិត្តា និង​ភរិយាទី៤ នាង​ សុជាតា។

ចំពោះ​ទឹកចិត្ត​បុព្វបុរស​ខ្មែរ បាន​បន្តនូវ​ជំនឿ​ផ្នែក​សាសនា ជាពិសេស តាមរយៈ រឿង​និទាន​ អំពីមគ្គមាណព តែងយល់​ឃើញថា ការកសាង​​ផ្លូវបាន បុណ្យកុសលច្រើនណាស់។ ដូនតាខ្មែរ​តែងបាន​ អនុវត្តនូវ ទ្រឹស្តីដ៏ប្រសើរនេះ ក្នុងការ​កសាង​សង្គមជាតិ ឲ្យមានការរីកចម្រើន។ ជាក់​ស្តែង​ ដូចពាក្យ​ចាស់បាន​ពោលថាៈ «មាន​​​ ផ្លូវ »គឺ​មានសង្ឃឹម ឬមានការសម្រេច​​បំណង។ ទម្លាប់ដ៏ល្អនេះ ដូនតាបាន​តាំងទី​​លំនៅ ទោះ​ជានៅ​ទីណាក៏គាត់បានគិត​គូរ ពី​ ផ្លូវ​ជា​បញ្ហាចម្បង ក្នុងការ​ធ្វើ​ទាន ដល់​អ្នក​ដំណើរ​​ជាចាំបាច់បំផុត។ បើទោះជា តាមគ្រួសារ​នីមួយៗ មិន​​​មាន​លទ្ធភាព ធនធានសម្រាប់កសាង ឬ​ជួយ​​ជុល​ផ្លូវ​ក៏ដោយក៏បាន​ត្រឹមតែ ​​បញ្ហា ជួស​ជុល​ផ្លូវខាង​មុខ​ផ្ទះរបស់ខ្លួនឲ្យបានល្អ និងមាន​ការងាយស្រួលដល់អ្នក ដំណើរ​ទៀតផង។

លើសពីនេះទៅទៀត បើមាន​គេដើរ​រៃ​អង្គាស​ប្រាក់​ក្នុងការ​កសាង ឬ​ជួយ​​ជុល​ផ្លូវនោះ ក្នុង​ទឹក​ចិត្ត​ប្រជាពលរដ្ឋ ខ្មែរ​តែងមានសទ្ធាជ្រះថ្លាចាប់​កុសល​ទោះតិច ឬច្រើន​ក្នុងការចូលរួមចំណែក មិនដែលខាននោះទេ។ នេះជា​អំពើល្អ ឬ​ជា​កុសល​កម្ម ដែល​គេហៅ​ថា បានបុណ្យ​ច្រើនណាស់​ក្នុងការ​កសាង​ ឬជួសជុល​ផ្លូវ ដូចមគ្គមាណព​បាន​កើតជា​ព្រះឥន្ទ​ឯឋានសួគ៌ព្រោះ​ពី​អតីតជាតិ​ជា​​​អ្នក​កសាង​ផ្លូវ​ពិតប្រាកដ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684