ប្រពៃណីជាតិខ្មែរ ដែលគេតែងបានផ្តល់ជូន និងទទួលនូវសព្ទសាធុការពរជ័យ សិរីមង្គលពីគ្នាទៅវិញទៅមកសព្វបែបយ៉ាង។ ជាពិសេសគេបានដឹងជាទូទៅថា ឆ្នាំថ្មី ចិត្តថ្មី ដែលមានន័យថាឲ្យជម្រុះជម្រះនូវចិត្តបាបអកុសលចោលចេញ ហើយទទួលយកចិត្តថ្មី ប្រកបដោយកុសលផលបុណ្យដ៏ ថ្លៃថ្លានាឆ្នាំថ្មីនេះមកវិញ។ ទន្ទឹមនេះដែរក្នុងឱកាសបុណ្យចូលឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងគ.ស ២០១៥ នេះ គឺជាឆ្នាំថ្មី គួរឲ្យរីករាយ ក្រៃលែង លើសពីបណ្តាឆ្នាំ មុនៗ ទាំងអស់ គឺឆ្នាំថ្មី ស្ពានថ្មី ចិត្តថ្មី។
ពាក្យចាស់យើងកន្លងមក មានតែត្រឹម បញ្ជាក់ផ្តល់ជូនជន ប្រុសស្រី គឺឆ្នាំថ្មី ចិត្តថ្មី ប៉ុណ្ណោះ។ ប៉ុន្តែ ដោយចិត្តរំភើបរីករាយ ឥតអ្វីប្រៀបបាន ឬមិនដែលមានទាល់តែសោះនោះ គឺស្ពានដ៏អស្ចារ្យ ឬមហាស្ពាន ឆ្លងកាត់ទន្លេ អ្នកលឿង បានសណ្ដូកខ្លួនរង់ចាំ ស្វាគមន៍អ្នកដំណើរ គ្រប់យានយន្តទាំងអស់ប្រកបដោយសុវត្ថិភាព និងមានភាពកក់ក្តៅ ដ៏ក្រៃលែង ក្នុងការឆ្លងកាត់ត្រើយសមតាមបំណងប្រាថ្នារៀងៗខ្លួន។ ត្រង់ប្រការដែលស្ពានក៏អច្ឆរិយ ផុសឡើងលេចធ្លោដោយមិនដែលធ្លាប់មាននោះ ស្របនឹងបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែរនោះទើបកាន់តែធ្វើឲ្យទឹកចិត្តប្រជាពលរដ្ឋខ្មែរ មានសង្ឃឹមជឿជាក់ជាថ្មីទៀតថែមទៅលើពាក្យថា ឆ្នាំថ្មី ស្ពានថ្មី ចិត្តថ្មី ដ៏ត្រចះត្រចង់ ក្នុងសម័យសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងអាណត្តិទី៥នេះ។
ជាការពិតណាស់ចំពោះការកសាងផ្លូវ និងការកសាង ស្ពានខ្លីៗ យើងបានឃើញរួចហើយកន្លងមកដែលបានបន្សល់ ភស្តុតាង តាំងពីសម័យអង្គរមកម្ល៉េះ។ ដោយឡែកចំពោះបញ្ហាស្ពានចម្លងអ្នកដំណើរ បុរាណាចារ្យខ្មែរ ច្រើនសង់ ដែលមានបង្កាន់ដៃ នាគគឺ នាគជាស្ពានចម្លងទៅកាន់ឋានសួគ៌។ មានន័យថា នាគជាតំណាងស្ពានសម្រាប់ធ្វើទំនាក់ទំនងរវាងឋានមនុស្ស ទៅកាន់ឋានទេវលោក។ នេះហើយដែលជាការសម្រេចនូវបំណងរបស់មនុស្ស។ ការសម្រេចនូវគោលបំណងនេះហើយ ជាទីឋានដ៏រីករាយសប្បាយ រុងរឿង ក្សេមក្សាន្ត ដែលពិតជាស្ពាននេះ ស័ក្តិសមនឹងពាក្យដូនតា បញ្ជាក់ថា ជានាគ ចម្លងទៅកាន់ឋានសួគ៌មែន។
ទន្ទឹមនេះផងដែរចំពោះ ទេវតាឆ្នាំថ្មីក៏បានយាងចុះពីឋានសួគ៌ ក្នុងការប្តូរផ្លាស់តាមវេន មកគ្រប់គ្រង ភពផែនដីនេះ ជារៀងរាល់ឆ្នាំដែរ។ ទេវតាថែរក្សាទឹកដីខ្មែរ រាប់លានឆ្នាំ មកហើយក៏មិនដែលបានឃើញ ស្ពានអ្នកលឿងសន្ធឹងខ្លួនកាត់ផ្ទៃទន្លេ ដែលមានចម្ងាយប្រវែង ជាង២ពាន់ម៉ែត្រនេះដែរ។ សូម្បីតែទេវតា ដែលធ្លាប់ផ្លាស់ប្តូរវេនគ្នា តាមឆ្នាំទាំង១២តាំងពី កទឹក កដីខ្មែរ នោះ តែងមានការចម្លែកក្នុងព្រះទ័យ ហើយបានកោតសរសើរដល់លទ្ធផលនៃការអភិវឌ្ឍន៍ ជាតិខ្មែរ នាសម័យនេះពិត ប្រាកដ។ ជាពិសេសទេវតាឆ្នាំថ្មីតែង សរសើរអំពីស្នាដៃ ដ៏អស្ចារ្យនៃទេវតាចាស់ ថាបានដឹកនាំជាតិខ្មែរឲ្យមានការរីកចម្រើន ខ្លាំងក្លាប្រកបដោយជោគជ័យថ្មីៗ ថែមទៀត។
ទាំងអស់នេះជាជំនឿបន្តជាប្រពៃណី ជាតិខ្មែរក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ដែលយើងបានកើនអាយុ មួយឆ្នាំ ទៀតផង។ ម្ល៉ោះហើយយើងតែងមានក្តីសង្ឃឹមកាន់តែខ្ពស់ជាថ្មីទៀតថា ពិតជាឆ្នាំក្រោយៗ ទៀតយើង កាន់តែមានការរីកចម្រើន ខ្លាំងទៀតជាមិនខាន។ ហេតុនេះហើយទើបបុរាណាចារ្យ និងដូនតា បានបញ្ជាក់ថា ឆ្នាំថ្មី ចិត្តថ្មី។ ដោយឡែកបុណ្យចូលឆ្នាំថ្មី នាឆ្នាំនេះយើង មានការសប្បាយរីករាយ ដ៏កក់ក្តៅថ្មីមួយទៀត គឺស្ពានថ្មី នាំឲ្យមានជោគជ័យថ្មី ដ៏ឆាប់រហ័សនៃសន្ទុះសេដ្ឋកិច្ចជាតិពិតប្រាកដ៕