ព័ត៍មានទាន់​ហេតុការណ៏
Search
0143

ផឹកស៊ី​ក្នុង​ហាង​ឌី​ស្កូ​ប៉ះពាល់​មិត្ត​ស្រី​គេ ត្រូវ​យុវជន​៤​នាក់​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់​រង​របួស​ធ្ងន់​ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​

​កំពង់ឆ្នាំង ​៖ យុវជន​ទំនើង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ក្រោយពី​បាន​បង្ក​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​របួស​ស្នាម​បាន​មួយថ្ងៃ ដោយ​បាន​វាយ​យុវជន​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់​នៅក្នុង​ក្លិប​ឌី​ស្កូ​មួយ ព្រោះតែ​ទំនាស់​ប៉ះពាល់​មិត្ត​ស្រី​របស់​គេ​។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​វេលា​នៅ​ម៉ោង​១១​និង​៣០​នាទី​យប់ ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

លោក ញ៉ោ​ក ប៊ុន​ធី អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា យុវជន​រងគ្រោះ​មាន​ឈ្មោះ​ ជា វុទ្ធី អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​ ចំណែក​ជន​បង្ក​របួស​ស្នាម​ទាំង​៤​នាក់​មាន​១​-ឈ្មោះ មាន ឌិ​ត អាយុ​២៧​ឆ្នាំ ២​-ឈ្មោះ មាន ហេង អាយុ​២២​ឆ្នាំ ៣​-ឈ្មោះ ទុយ សុភ័ន្ត អាយុ​២១​ឆ្នាំ និង​៤-ឈ្មោះ ភុំ ចំរើន អាយុ​២៧​ឆ្នាំ ពួកគេ​ទាំង​៤​នាក់​រស់នៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង​។​

មុន​ពេល​កើតហេតុ ​ពួកគេ​ទាំង​៥​នាក់​បាន​ស៊ីផឹក​នៅក្នុង​ក្លិប​ឌី​ស្កូ SK ក្រោម​ដី​មួយ​កន្លែង ដោយ​ឈ្មោះ ជា វុទ្ធី បាន​នាំ​មិត្តភ័ក្ដិ​ស្រីៗ​ទៅ​រាំ​លេង​ជាមួយ​ផង​ ​ក្នុង​ពេល​រាំ​លេង ឈ្មោះ មាន ឌិ​ត បាន​ប៉ះ​មិត្ត​ស្រី​របស់​ឈ្មោះ ជា វុទ្ធី ពេលនោះ​ឈ្មោះ ជា​វុទ្ធី បាន​ស្ទុះ​ទៅ​វាយ​ឈ្មោះ មាន ឌិ​ត ២​ទៅ​៣​ដៃ ឃើញ​ដូច្នេះ​មិត្តភ័ក្ដិ​របស់​ឈ្មោះ មាន ឌិ​ត ក៏បាន​នាំគ្នា​វាយតប់​ឈ្មោះ ជា វុទ្ធី និង​ចោល​កែវ​មក​ចំ​ក្បាល និង​ចិញ្ចើម បណ្ដាល​ឲ្យ​បែក​ដេរ​៤​ថ្នេរ និង​មុត​.កដៃ​ស្តាំ​ដេរ​៣​ថ្នេរ​។​

ក្រោយ​ពេល​បង្កហេតុ ​ជន​បង្ក​ទាំង​៤​នាក់​ក៏បាន​នាំគ្នា​រត់គេចខ្លួន​អស់​។ ​ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​មិត្តភ័ក្ដិ​បញ្ជូន​មក​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​បាន​ស្រាវជ្រាវ​ករណីនេះ​មួយ​យប់​មួយថ្ងៃ​មក នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ សមត្ថកិច្ច​សហការ​ជាមួយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន បាន​នាំ​គ្នា​ចាប់ខ្លួន​ជន​បង្ក​ទាំង​៤​នាក់​យក​មក​ឃាត់ខ្លួន​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់​ឆ្នាំ​មួយ​យប់ កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ពួកគេ​ទាំង​៤​នាក់​និយាយ​ថា​ក្នុង​រឿង​នេះ គឺ​ពួកគេ និង​ឈ្មោះ ជា វុទ្ធី គឺ​បាន​ឈ្លោះ​គ្នា​វាយ​គេ​ទៅវិញទៅមក​។​

នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​នេះ យុវជន​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់​ឆ្នាំង បញ្ជូន​ខ្លួន​ទៅកាន់ ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំ​រឿង​បន្ថែម​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684