ព័ត៍មានទាន់​ហេតុការណ៏
Search
5809

ឈ្លោះ​ជាមួយ​ប្រពន្ធ​ពី​ល្ងាច​ ព្រឹក​ឡើង​គេ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​

​ភ្នំពេញ ៖ សព​ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​ឃើញ​ដេក​ស្លាប់​ម្នាក់ឯង​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ​បន្ទាប់ពី​ជនរងគ្រោះ​រូប​នេះ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​កាលពី​ល្ងាច ​លុះ​ព្រឹក​ឡើង​ដោយសារ​ជនរងគ្រោះ​ដេក​ម្នាក់ឯង​ គេ​មិនឃើញ​ក្រោក​ទៅ​ធ្វើ​ការងារ ​ក៏​នាំគ្នា​មើល​តាម​បង្អួច​ទើប​ដឹង​ថា​ជនរងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ​ដែល​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា​ បណ្ដាលមកពី​ជំងឺ​គាំងបេះដូង​។​

គេ​បាន​ដឹង​ថា​ ស្លាប់​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ​ថ្ងៃទី​២៨​ ខែមេសា ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​បន្ទប់​ជួល ​ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង​ សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​មាន​ឈ្មោះ ​ណុប ចាន់ថុល​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​កើត​ហេតុ​ខាងលើ​ មាន​ស្រុកកំណើត​នៅ​ភូមិ​សុ​ក្រម ឃុំ​អូរ​សារាយ​ ស្រុក​ត្រាំកក់ ​ខេត្តតាកែវ​។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ កាលពី​ល្ងាច​ថ្ងៃទី​២៧ ​ខែមេសា​ ជនរងគ្រោះ​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ដោយ​ពាក្យសម្ដី ក្រោយមក​នាង​ជា​ប្រពន្ធ​បាន​ទៅ​ដេក​នៅ​បន្ទប់​ជួល​របស់​បងប្អូន​ដែល​នៅ​ក្បែរ​គ្នា​នោះ​ដែរ​ ហើយ​ជនរងគ្រោះ​ក៏​ដេក​ម្នាក់ឯង​នៅក្នុង​បន្ទប់​ជួល​របស់​ខ្លួន​។​

ប្រភព​បន្ត​ថា​ លុះ​ព្រឹក​ឡើង​បងប្អូន​សាច់ញាតិ​ដែល​ជួល​ផ្ទះ​នៅ​ក្បែរ​គ្នា​នោះ​មិនឃើញ​ជន​រង​គ្រោះ​ក្រោក​ពី​ដេក​ទៅ​ធ្វើការ​ កកើត​ការសង្ស័យ​ និង​បាន​នាំ​គ្នា​ទៅ​អើតមើល​តាម​បង្អួច​ឃើញ​ជន​រង​គ្រោះ​ដេក​ម្នាក់ឯង​ ហើយ​គេ​បាន​ស្រែកហៅ​ខ្លាំងៗ​យ៉ាងណា​ក៏​មិន​ឮសូរ​ឆ្លើយ នៅ​ទីបំផុត​គេ​បាន​គាស់​ទ្វារ​ចូល​ទៅ​មើល​ទើប​ដឹង​ថា​ជនរងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។​

ក្រោយមក​គេ​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​មក​ជួយ​ពិនិត្យ ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​ស្លាប់​ដោយ​ជំងឺ​គាង​បេះដូង​។ ​ពេលនេះ​សព​ជន​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684