ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​លឹម គានហោ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ អញ្ជើញ​ទៅ​ចូលរួម​វេទិកា​ទឹក​ពិភព​លោក​លើក​ទី៧ នៅ​សាធារណរដ្ឋ​កូរ៉េ​

ភ្នំពេញ ៖ លោក​លឹម គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក​និង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​គណៈប្រតិភូ មួយ​ក្រុម​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​ទឹក​ពិភពលោក​លើក​ទី​៧ នៅ​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​១២-១៧​មេសា ២០១៥ នៅ​ទីក្រុង Daegu & Gyeongbuk នៃ​សាធារណរដ្ឋ​កូរ៉េ​។

អ្នកនាំពាក្យ​ក្រសួង លោក ចាន់ យុ​ត្ថា បានឲ្យដឹងថា វេទិកា​នេះ​មាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ប្រទេស​នានា​ក្នុង​ពិភពលោក និង​អ្នកវិទ្យាសាស្ត្រ ជំនាញ​ទឹក​ជុំវិញ​ពិភពលោក ហើយ មានការ​ចូល​រួម​បើកដោយ លោកជំទាវ Park Geun-hye, ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ​។ ប្រធានបទ​សំខាន់​នៃ​វេទិកា​ទឹក​ពិភពលោក លើក​ទី​៧ នេះ គឺ Water For Our Future ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​កិច្ចការ​ទឹក​, ការចូលរួម​គ្រប់លំដាប់​ថ្នាក់​ទាំង​ថ្នាក់ដឹកនាំ​ប្រទេស អ្នកវិទ្យា​សាស្ត្រ ដើម្បី​ការគ្រប់គ្រង ការប្រើប្រាស់​ទឹក ការអភិវឌ្ឍ​ន៏​ទឹក តំរូវការ​ទឹក ការរក្សា​អេកូ​ឡូ​ស៊ីទឹក​, ដំណោះស្រាយ​បញ្ហា ទំនាស់​ទឹក​ក្នុង​តំបន់ និង​ពិភពលោក​, ការចូលរួម និង​ពង្រឹង​កិច្ចសហការណ៍​ក្នុង​សហគមន៍​ទឹក​, ភាពជា​ដៃគូ​នៃ​ទឹក​។

លោក​បន្តថា​ក្រោយពី​កិច្ចប្រជុំ​វេទិកា​ទឹក​ពិភពលោក​លើក​ទី ៧ ក្រោម​អធិបតីភាព​លោកជំទាវ​ប្រធានាធិបតី Park Geun-Hey នៅ​ទីក្រុង Daegu និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី្ត​នៅ​ទីក្រុង Gyeongbuk រួចមក កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៥ នេះ លោក​លឹម គាន​ហោ រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្តដំណើរ​ទស្សន​កិច្ច​ពិនិត្យ​សំណង់ Gang​cheon ដែលជា​សំណង់​កាត់​ទន្លេ​ហាន ( Han River) ស្ថិតនៅក្នុង​ខេត្ត Gyeonggi-Do មាន​ចម្ងាយ​ប្រមាណ ១២០ គម ភាគ​ខាងកើត​រដ្ឋធានី​សេអ៊ូល។ សំណង់ Gangcheon ជា​សំណង់​មួយ​ក្នុង​ចំណោម​សំណង់​កាត់​ទន្លេ​ហាន ដែល​បាន​សាងសង់​រួច​ចំនួន ០៣ កន្លែង។ សំណង់​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​កាត់បន្ថយ​ជំនន់ ( Flood Control) និង​បញ្ចាល់ទឹក​ទុក​បាន​ចំនួន​ប្រមាណ ១៥ លាន​ម៉ែត្រគូប សម្រាប់​ប្រ​ល​ប្រាស់​ក្នុង​ការ​ផ្គត់ផ្គង់​ទឹកស្អាត ការស្រោចស្រព និង​ការផលិត​ថាមពល​វារីអគ្គិសនី​ខ្នាតតូច៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684