ព័ត៍មានទាន់​ហេតុការណ៏
Search
5723

អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​បិទ​អាជីវកម្ម​ខារ៉ាអូខេ​ និង​ប៊ៀ​ហ្កា​ឌិន​ពន្លឺ​ថ្មី​ទាំងយប់ ក្រោយពី​បង្ក​សម្លេង​រំខាន​ និង​មានការ​ណែនាំ​ពី​អាជ្ញាធរ​ឲ្យ​បិទ​ជា​បណ្ដោះអាសន្ន​

ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌទួលគោក ​ដឹកនាំ​ដោយ​លោក ​សាំង សុភៈ​វិចិត្រ អភិបាលរងខណ្ឌ​កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​មេសា វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី ​បាន​ដឹកនាំ​កម្លាំង​ចុះ​បិទ​អាជីវកម្ម​ខារ៉ា​អូខេ​ និង​ប៊ៀ​ហ្កា​ឌិន​ពន្លឺ​ថ្មី​ទាំងយប់ ក្រោយពី​បង្ក​សម្លេង​រំខាន​ និង​មានការ​ណែនាំ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឲ្យ​បិទ​ជា​បណ្ដោះអាសន្ន​នោះ​។​

ខារ៉ាអូខេ ​និង​ប៊ៀ​ហ្កា​ឌិន​ពន្លឺ​ថ្មី មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៦០០​ កែង​ផ្លូវ​៣០៧​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ហើយ​ជុំវិញ​ និង​ជិត​ទីតាំង​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា មានផ្ទះ​អ្នកធំ អ្នកមាន​បុណ្យ​សក្ដិ​ជាច្រើន​គ្រួសារ​រស់នៅ​ក្បែរ​គ្នា​នោះ​ផង​ដែរ​។​

លោក​ សាំង សុភៈ​វិចិត្រ អភិបាលរង​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា ខារ៉ាអូខេ​ និង​ប៊ៀ​ហ្កា​ឌិន​ពន្លឺ​ថ្មី​នេះ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចុះ​ធ្វើ​ការណែនាំ​ដើម្បី​ឲ្យ​បន្ថយ​សម្លេង​រំខាន​នៅពេល​យប់​ជ្រៅ​ចំនួន​២​លើក​រួចមកហើយ ប៉ុន្តែ​ទោះបីជា​មានការ​ណែនាំ​ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ជៀសវាង​កុំ​ឲ្យ​មានការ​រំខាន​បន្ត​ទៀត​យ៉ាងណាក្តី ក៏​ភាព​រំខាន​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង​នៅតែ​បន្ត​កើតមាន ហាក់​មិន​ស្តាប់​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ​ឡើយ​។ ​លោក​បន្ត​ថា ចុងក្រោយ​នេះ​ស្របពេល​ដែលមាន​ប្រតិកម្ម​ពី​អ្នករស់នៅ​ក្បែរ​ខាង​ជាថ្មី​ម្តងទៀត​ និង​ក្រោយពី​មានការ​ណែនាំ​ពីសា​លា​រាជធានី​ភ្នំពេញ​នោះ ទើប​លោក​អភិបាលខណ្ឌ​ទួលគោក​បញ្ជា​ឲ្យ​ចុះ​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​ទាំងយប់​តែម្តង​។ ជុំវិញ​ការ​ចុះ​បិទ​អាជីវកម្ម​ខារ៉ាអូខេ​និង​ប៊ៀ​ហ្កា​ឌិន​ពន្លឺ​ថ្មី​ទាំងយប់​នេះ ត្រូវ​បាន​ម្ចាស់​ហាង​មាន ប្រតិកម្ម​ផង​ដែរ ដោយ​គាត់​លើក​ឡើង​ថា ហាង​របស់​គាត់​បាន​បើក​អាជីវកម្ម​ចំនួន​១៣​ឆ្នាំ​មក​ហើយ​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ មិន​គួរ​មក​បិទ​អាជីវកម្ម​ភ្លាមៗ​ដូច្នេះ​ឡើយ គាត់​មិនអាច​ទទួល​យក​បានទេ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​អាជ្ញាធរ​ខណ្ឌទួលគោក​នៅ​តែ​ធ្វើ​លិខិត​បិទ​​បណ្ដោះអាសន្ន ។ ចំពោះ​ការ​កើត​ទុក្ខ​មិន​សុខចិត្ត​បែប​ណា​នោះ ក្រុមចម្រុះ​ដែល​ចុះ​អនុវត្ត​លើ​កិច្ច​ការងារ​នេះ​សុំ​ឲ្យ​ម្ចាស់​ហាង​ទៅ​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​សាលា​ខណ្ឌ​ទួលគោក​ និង​សាលា​រាជធានី​ភ្នំពេញ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684