ព័ត៍មានទាន់​ហេតុការណ៏
Search
5721

បុរស​ម្នាក់​ស្រវឹង​ បើក​រថយន្ត​លុច​ស៊ី​ស​៣៣០​ លឿន​ដូច​ហោះ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ចំនួន​៤​កង់

ភ្នំពេញ ​៖ ​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា ​មាន​សភាព​ស្រវឹង​ស្រា​ជោកជាំ​បាន​បើក​រថយន្ត​លុច​ស៊ី​ស​៣៣០​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ប៉ើង​ខ្ទាត​ និង​បាក់​អស់​៤​កង់ ​សំណាង​ល្អ​រថយន្ត​ទំនើប​អ្នក​បើកបរ​មិន​មាន​រង​របួស។

គ្រោះថ្នាក់​នេះ​​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៥ ​ត្រង់​ចំណុច​ស្តុប​ផ្សារ​អូឡាំពិក​ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​លុចស៊ីស​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2x​ 3924 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង​ស្រា​ជោកជាំ បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង យក​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក ក្បាល​នាគ​ពុំ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​ខ្ទាត​ទ្រូងផ្លូវ ​បែក​ពេញ​ផ្លូវ​រង​ការ​ខូចខាត​ចំនួន​៤​កង់ ហើយ​រថយន្ត​ឡើង​ទៅ​លើ​ទ្រូងផ្លូវ​ទៅមុខ​លែង​រួច ប៉ុន្តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ។ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ។ សមត្ថកិច្ច​បញ្ជាក់​ថា​ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ចំនួន​៤​កង់​ត្រូវ​បាន​បាក់។

សាក្សី​បន្ត​ថា ក្រោយ​ពី​បង្កហេតុ​គេ​ឃើញ​អ្នក​បើកបរ​ចុះ​ពីលើ​រថយន្ត ​មាន​សភាព​ដើរ​ទ្រេតទ្រោត ស្រវឹង​ស្រា បន្ទាប់មក​ក៏​ទូរស័ព្ទ​ហៅ​បក្សពួក​មក​យក​ទៅ​បាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684