ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-28-15-f-full

លោក សម រង្ស៊ី ៖ ពិភពលោក​យក​គំរូ​វប្បធម៌​សន្ទនា​នៅ​កម្ពុជា​ទៅ​អនុវត្ត​នៅ​ប្រទេស​របស់​គេ​

 

ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៥ បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​បាន​ចូលរួម​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ពលករ ពល​ការិនី និង​និស្សិត នៅ​ប្រទេស​ស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​

នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក សម រង្ស៊ី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់​។ លោក​បញ្ជាក់ថា “​លទ្ធផល​គឺ​ខ្មែរ​និយាយ​គ្នា វប្បធម៌​សន្ទនា​មិន​មែនមាន​ចំពោះតែ​ថ្នាក់ដឹកនាំ​ខាងលើ ថ្នាក់ដឹកនាំ​កំពូល​ទេ គឺ​ចាប់ផ្តើម​មាន​ជាមួយ និង​ប្រជារាស្ត្រ​នៅ​មូលដ្ឋាន គឺ​អាច​មានឱកាស​មាន​លទ្ធភាព​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល ដែល​អាច​ធ្វើ​សេចក្តី​សម្រេច ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់ នេះ​ជា​ទម្លាប់​ថ្មី​ដែល​យើង​ចង់​បង្កើត ហើយ​ចង់​ឲ្យ​រីក​រាលដាល​ជា​រៀង​រហូត គឺជា​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ចាក់ឫស ចាក់​គល់ គឺ​ការ​ជជែក​គ្នា​ជា​ទម្លាប់​ធម្មតា គោរព​គ្នា​ទៅវិញទៅមក អ្នកដឹកនាំ អ្នកធំ ត្រូវ​គោរព​ប្រជាពលរដ្ឋ​តូចតាច ហើយ​ប្រជាពលរដ្ឋ​តូចតាច​មាន​សិទ្ធិ​មានឱកាស មានលទ្ធភាព​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន លោក​សម រង្ស៊ី ថ្លែង​ថា នៅក្នុង​ការសន្ទនា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ជជែក​ពី​អ្វី​ដែល​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​វប្បធម៌​សន្ទនា គឺ​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ខ្លួន ហើយ​ថ្នាក់ដឹកនាំ​ត្រូវ​ត្រៀមខ្លួន​សន្ទនា​ជាមួយ​ប្រជាពលរដ្ឋ បង្ហាញ​ឲ្យ​ច្បាស់ គឺ​ថ្នាក់ដឹកនាំ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ការពារ​ប្រជាពលរដ្ឋ ហើយ​ការដែល​ប្រជាពលរដ្ឋ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ គឺ​ក្នុង​ស្មារតី​សមាជជាតិ។ ពីព្រោះ​កាលពី​សម័យ​សង្គមរាស្ត្រនិយម សម្តេចព្រះ នរោត្តម សីហនុ គឺ​ព្រះអង្គ​បាន​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​សាមញ្ញ​មកពី​គ្រប់​ខេត្ត ក្រុង លើក​ពី​បញ្ហា​ដែល​ពួកគាត់​បាន​ជួបប្រទះ ដោយ​ព្រះអង្គ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែល​លោក និង​សម្តេចនាយក​រដ្ឋមន្ត្រី កំពុងតែ​ធ្វើ​នេះ គឺជា​គំរូ តែ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ទេ នឹង​ចង់​ឲ្យ​វប្បធម៌​សន្ទនា​រីក​ដុះដាល និង​ចាក់ឫស​ទៅដល់​ថ្នាក់​មូលដ្ឋាន។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា វត្តមាន​រូបលោក​ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ទឹកដី​ប្រទេស​ម៉ាឡេស៊ី ហើយ​ក្នុង​ឱកាស​នោះ លោក​នឹង​សម្តេច​បាន​ជួបគ្នា​ជា​សាធារណៈ ដែល​ជា​សារ​នយោបាយ​មួយ​ថា ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល គឺ​មាន​ការគោរព​គ្នា​ទៅវិញទៅមក ហើយ​ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា ដោយមាន​បណ្តា​ប្រទេស​ជា​មិត្ត​ជាច្រើន​នៅលើ​ពិភពលោក គេ​ទទួលស្គាល់ថា នៅ​កម្ពុជា​មាន​របប​នយោបាយ​មួយ​គួរ​ឲ្យ​កត់សម្គាល់ និង​គួរ​ឲ្យ​កោតសរសើរ និង​គួរ​ឲ្យ​គោរព ហើយ​គេ​ចាប់ផ្តើម​យក​គំរូ​វប្បធម៌​សន្ទនា​នេះ យក​ទៅ​គិតពិចារណា​ដើម្បី​យក​ទៅ​ដោះស្រាយ​នៅ​ស្រុក​របស់​គេ​ដែល ហើយ​លោក​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី នឹង​រក្សា​ពង្រឹងស្មារតី នៃ​វប្បធម៌​សន្ទនា ដែល​នាំមក​នូវ​ផ្លែផ្កា​ជា​វិជ្ជមាន​កាន់តែ​ច្រើនឡើង​ថែមទៀត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ៕

កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684