ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​២​ករណី​ផ្សេង​​គ្នា ​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​ និង​ស្រី​២​នាក់​ ដកហូត​ថ្នាំញៀន​១៥​កញ្ចប់​

ភ្នំពេញ​ ៖ ​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់ ​ក្នុង​នោះ​ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ផ្សេង​ពី​គ្នា​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១៧​ល្ងាច ​ថ្ងៃទី​២៨​ ខែមេសា ​ឆ្នាំ​២០១៥​ នៅ​ចំណុច​១៧៤​ កែង​ផ្លូវ​លេខ​៥១​ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ​ខណ្ឌដូនពេញ​។​

មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ជនសង្ស័យ​ប្រុស​ និង​ស្រី​២​នាក់​ដែល​កម្លាំង​ជំនាញ​បង្ក្រាប​បាន​២​នាក់​ក្នុង​២​ករណីនេះ​ទី​១ឈ្មោះ​ វ៉ន រស្មី ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​ឌុប​ ស្នាក់​នៅផ្ទះ​លេខ​២៨៣ ​ផ្លូវ​លេខ​៩៣​ សង្កាត់​អូរឫស្សី​៣​ ខណ្ឌ​៧​មករា​ ​ត្រូវ​បាន​ដកហូត​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច លុយ​ខ្មែរ​៣​ម៉ឺន​រៀល​ លុយ​ដុល្លារ​៥៥​ដុល្លារ និង​កាបូប​ស្ពាយ​មួយ​។ ​ចំណែក​ជនសង្ស័យ​ទី​២​ឈ្មោះ ​កែវ ស្រី​ធា ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះ​ជួល​ជាន់​ទី​២​ប្លុក​តាន់​ប៉ា ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​។ ​ត្រូវ​បាន​ដកហូត​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់​តូច លុយ​ខ្មែរ​៣​ម៉ឺន​រៀល​ និង​ទូរស័ព្ទ​មួយ​គ្រឿង​។​

លោក​ ញ៉ែម សៅ​ណុល អធិការរង​ព្រហ្មទណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​លោក​អធិការ​ខណ្ឌដូនពេញ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ ដូច្នេះហើយ​ទើប​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ដាក់​កម្លាំង​ចេញ​ពួនស្ទាក់ ​និង​ល្បាត​គ្រប់កន្លែង​លុះ​មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​បាន​ទទួល​ព័ត៌មាន​សំងាត់​ថា​មាន​ជន​សង្ស័យ​២​នាក់​ប្រុសស្រី​ជា​មុខសញ្ញា​ផ្សេង​ពី​គ្នា​បាន​កំពុងតែ​ជួញដូរ​គ្រឿងញៀន​នៅ​ទីនោះ កម្លាំង​ជំនាញ​ចុះ​មកដល់​ឃើញ​ជាក់ស្តែង​ក៏​ឃាត់​ខ្លួន​ឆែកឆេរ​ឃើញ​លាក់​ទុក​ថ្នាំញៀន​នៅ​ជាប់​ខ្លួន​ដើម្បី​ចរាចរ​តទៅទៀត​នោះ​ ក៏​នាំ​ខ្លួន​ពួកគេ​ទៅ​សួរ​នាំ​នៅ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​ស្រាវជ្រាវ​តាម​រក​មេខ្លោង​ធំ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684