ព័ត៍មានទាន់​ហេតុការណ៏
Search
kpt

ទស្សនៈ មតិស្រប និងមតិ​ផ្ទុយ

 

មនុស្ស​តែងមាន​ទំនាក់ទំនងគ្នា តាមរយៈ ការ​និយាយ​ស្តី ឬហៅថា ជាការពិគ្រោះ​យោបល់​គ្នា។ ក្នុងនោះ ក៏គេឃើញមាន​មតិពីរយ៉ាងលេច​ចេញពី ភាគីនៃការសន្ទនា គឺ​មតិស្រប និង​មតិ​ផ្ទុយ។ ប៉ុន្តែ​ទោះ​ជាមាន​មតិផ្ទុយ​គ្នា​ក៏តែងប្រព្រឹត្ត​ទៅដោយ​សម​ហេតុ​សមផល អាច​ល្មម​យក​ជា​ការបាន​ដែល​តម្រូវ​ឲ្យភាគី​ម្ខាងទៀត​ មានការ​យល់ស្រប​តាមដែរ​។ ប្រការសំខាន់ក្នុងការសន្ទនា​គ្នា ប្រកបដោយ​ជោគជ័យ​នោះ គឺ​ការ​ដកចេញ​នូវភាព​អស្មិ​មានៈ ចោល​ចេញ ឬភាព​រឹង​ត្អឹង​ហៅ​ថា អត្ត​នោ​ម័ត កុំគប្បី​មាន​ឡើយ។ មានន័យ​ថា​ភាគី​ទាំងសងខាង​ ឈាន​ទៅរក​ការព្រម​ព្រៀង​គ្នា​តាមរយៈ មតិភាគច្រើន។

តាម​ទម្លាប់​ដែល​យើង​ធ្លាប់​សរសេរ​ តែងសេចក្តី​កាលនៅ​រៀន​ក៏មាន​ប្រធាន​បទ បែប​ពិភាក្សា ហើយ​ដែល​គេឃើញ​មាន មតិ​ស្រប និង​មតិ​ផ្ទុយគ្នាយ៉ាងនេះ​ដែរ។ បានសេចក្តី​ថា មតិ​ទាំងពីរ​នេះសុទ្ធតែ​មានការ​អះអាង តាមរយៈ​ភស្តុតាង​ និងមាន​ការ​លើក ឧទាហរណ៍​បញ្ជាក់​ដូច​គ្នា។ ប៉ុន្តែ​ក៏តម្រូវ​ឲ្យមាន​សំយោគ មតិ​ដើម្បី​ធ្វើ​ការ សម្រប​សម្រួល មតិ​ទាំងពីរ ដែលមាន​ការ​ខ្វែង​គ្នា​នោះ​ឲ្យមាន​ការ​ ព្រមព្រៀង​គ្នា​អាច ទទួល​យក​បានដែរ។ ជាពិសេស​ក្នុងការ​រស់នៅ​នេះ​មនុស្ស​ម្នាក់ៗ តែង​មានយោបល់​របស់ខ្លួន​ដែលមានលក្ខណៈ ប្លែកពី​អ្នក​ដទៃ។ ប៉ុន្តែ​ប្រសិន​បើ​ពុំមានការ​សម្របសម្រួល​ជាមួយគ្នា​ ឬ​ឲ្យ​ត្រូវ​ជាមួយ គ្នា​ទេនោះ ប្រាកដ​ជា​បញ្ហា​អស្មិមានៈ ឈានចូល​មក​ប្រជែងគ្នា ឬ​ដណ្តើម​គ្នាយក ត្រូវ​តែរៀងខ្លួន​ពិតប្រាកដ។ ឧទាហរណ៍​មានរឿង​​ព្រេង​និទាន​បុរាណ​ខ្មែរ​ អំពី​ឪពុក​ក្មេក​ រើសកូន​ប្រសា ក៏បាន​បង្ហាញ​នូវ​​យោបល់​ខុសគ្នា​រវាង​អ្នក​កំលោះ​ទាំងពីរ ក្នុង​ការ​ឆ្លើយ​សំនួរ របស់​តាដែលអង្គុយ​កណ្តាល​ទូក​នោះដែរ។ ម្នាក់​ឆ្លើយថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រសារ​យំ ឮ​ព្រោះ ក្រសារ​មាន​បំពង់ក​វែង​។ ឯម្នាក់​ទៀត​មិនយល់​ស្រប​តាម​ចម្លើយ​នេះ​ទេ គឺ​បានបញ្ចេញ​យោបល់​ជំទាស់​ថាៈ ចុះ​សត្វ​ហ៊ីង​កវា ខ្លីទេ​ម្តេច​ក៏វាយំ​ឮដែរ?

នៅក្នុង​ការងារ​ដទៃទៀត​របស់​មនុស្ស​នៅក្នុង​សង្គម ក៏គេឃើញ​មានលក្ខណៈ​ខុសៗ គ្នា​ទៅតាម​ការ​ច្នៃប្រឌិត​ផ្សេងៗ គ្នា​ឬពីជំនាន់​មួយ​ទៅ​ជំនាន់​មួយ​មានវប្បធម៌​ ឬការ​និយម​ខុសគ្នា។ ទាំង​អស់នេះវាស្តែង​ចេញ​អំពី​គំនិត​និងយោបល់​របស់មនុស្ស​តែងមាន​ការវិត្តប្រែ​ប្រួល​ មិន​ដូចគ្នា​នោះទេ។ បានសេចក្តី​ថានេះ ហើយ​ដែល​ជាវិចារណញ្ញាណរបស់​មនុស្ស​ដែល​តែងមាន​ការដុះ​ដាល់​ និងរីក​ចម្រើន​ ប្លែក​ៗ គ្នា​ពោលគឺ មិនមែន​តាមបែប​សភាវគតិ​ ដូច​ជាសត្វ​តិរច្ឆាន​នោះ​ឡើយ។ នៅក្នុងមេរៀន​ទស្សនវិជ្ជា​គេតែ​ងបាន​ដឹង​អំពី​សភាវគតិ​ ដូចឃ្មុំ​ធ្វើសំបុក ចាប​ធ្វើ​សំបុក កណ្តៀរពូន​ជាដំបូក….។ ទាំងអស់​នេះ​ពុំមាន​អ្វី​ដែលជាការច្នៃប្រឌិត​នោះឡើយ គឺ​ពី​មុន​មកយ៉ាង​ណា នៅពេល​នេះក៏យ៉ាងនោះដែរ។ បានសេចក្តីថា សត្វ​ពុំមាន​យោបល់​ ឬគំនិត​ប្រកប​ដោយ​ការច្នៃប្រឌិត​នោះឡើយ។

ក្នុងសុភាសិត​បរទេស តែងបាន​បញ្ជាក់​ថាៈ មនុស្ស​ច្រើន មានគំនិត​ច្រើន ឬ​ការប្រជុំផ្តុំ​ បញ្ញា​ញាណ​របស់​មនុស្ស​វាជាធានាគានៃគំនិត។ បានសេចក្តី​ថា មតិ​ដែល​យល់ស្រប​ក្នុង​អង្គប្រជុំ​ក៏មាន​តម្លៃ​ម្យ៉ាង​ហើយ ប៉ុន្តែ​ក៏មាន​មតិ​ជំទាស់​ ឬជាការ​ខ្វែង​យោបល់​គ្នានោះ​ក៏ជាពន្លឺ​មួយ​សម្រាប់​បំភ្លឺ​ផ្លូវ​ត្រូវ​នោះដែរ។ កន្លងមក​ ឬកាលពី​សម័យ​មុនដោយ​សារតែមាន​យោបល់​ខាងយោបល់​​​យល់​ស្រប​ច្រើន​ហួសហេតុ​ពេកទើប​បណ្តាល​ឲ្យសង្គម​ជាតិត្រូវ​ទទួល​គ្រោះ​ថ្នាក់​តាមបែប​​ហៃអើៗ អាជ័យធ្លាក់ទឹក​។ ដូចនេះ​ហើយ​ចំពោះ​យោបល់​ជំទាស់​ ឬការ​ខ្វែង​យោបល់​គ្នា​មានតម្លៃ​ដើម្បី​ទប់ស្កាត់​ឧបសគ្គ​ទៅវិញ។ ដូច​ពាក្យចាស់​ពោល​ថាៈ គេ​និន្ទា​ឲ្យ​រស់បើសរសើរ លើកខ្ព​ស់​ទុកដូច​ឲ្យស្លាប់។

សរុប​មក​ការ​ស្តាប់​យោបល់​គ្នា​ទៅវិញ​ទៅមក​ជារឿង​សំខាន់​ក្នុងការរួមរស់​ជាមួយគ្នា​គឺ​យើង​ទទួលយក​យោបល់​គេ ឬ​ហៅថា ឲ្យគេត្រូវ​ផង​ទើប​ការរីកចម្រើន​ នឹងកើត​មានឡើង​ពិតប្រាកដ។​ ប៉ុន្តែ​បើយើង​បដិសេធយោបល់​គេទាំងស្រុងនោះ​នឹងនាំឲ្យ​មានការ​ខ្វែងយោបល់​នោះ​វាក្លាយទៅជាទំនាស់​វិបត្តិតាម​រយៈ​ការជិះសេះ​លែងដៃ​​ជាមិនខាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684