ព័ត៍មានទាន់​ហេតុការណ៏
Search
case002_students_reading_video_embed

សិស្ស ​ប្រាកដ​ជា​សិស្ស ​ទើប​ការ​សិក្សា​ទទួល​បាន​ជោគជ័យ

 

ពាក់ព័ន្ធ​នឹង​អ្នក​ដែល​មាន​ការ​ដាស់តឿន និង​ទូន្មាន​ ឬធ្វើ​ការ​រំលឹក​ជារឿយៗ​ដល់​សិស្ស​នោះ​មានតែ​មាតា​បិតា និង​អ្នក​អាណាព្យាបាល​ព្រម​ទាំង​លោកគ្រូ​អ្នកគ្រូ​ប៉ុណ្ណោះ។ ជាពិសេស​ក្នុង​ប្រពៃណី​ខ្មែរ​យើង​តែង​និយាយ​ដោយ​ចាត់​ទុក​គ្រូបង្រៀន​ជាម្តាយឪពុកទី២របស់​សិស្ស​ទៀត​ផង។ ចំពោះ​ការ​ទូន្មាន​និង​អប់រំ​សិស្ស​ ឬ​កូនចៅ​នោះ​តែង​មាន​ច្រើន​ករណី​ឬច្រើន​ប្រការ​ណាស់​ប៉ុន្តែ​ក្នុង​ខណៈ​នេះខ្ញុំ​លើក​ឡើង​តែការ​ដាស់​តឿន​សិស្ស​តាមរយៈ​ពាក្យ​មួយឃ្លា​ថា៖ សិស្ស​ប្រាកដជាសិស្ស ទើបការ​សិក្សា​ បានទទួល​ជោគជ័យ​។ តើការ​ទូន្មាន​នេះមាន​ន័យ​យ៉ាងណា?

ជុំវិញ​ការទូន្មាន​ ឬការ​អប់រំ​កូនចៅ​និងសិស្សានុ​សិស្ស​​នេះ ក៏គេ​បានដឹង​តាមរយៈ​ពាក្យ​ចាស់​ ឬជា​សុភាសិត​បាន​ពោល​ទុក​ជាការ​រំលឹក​បន្តទៀត​ថា៖ កុំអោយ​ចាប់​នេះ ចាប់នោះមិន​ឆ្ពោះត្រង់​ណា​អោយ​សោះឬ​មាន​ពំនោ​លបញ្ជាក់ថា ៈ​“​ធ្វើ​អ្វី​​​ធ្វើអោយប្រាកដទើប​បានសម្រេច​ក៏ដូច​ជាសុភាសិត​ពោល​ថា៖ “​ចេះអ្វី​ចេះអោយប្រាកដ​ ទើប​ប្រាក់​រត់តាមហៅយ៉ាង​នោះដែរ។ ជា​បន្តទៀត​នោះពាក្យ​ចាស់​ចង់​អប់រំកូនចៅ​ថា ធ្វើអ្វី​ធ្វើអោយ​មុតមាំ ដូច​សុភាសិត​ពោលថា ៈ ចាប់​កពស់​ ចាប់​អោយ​ជាប់​ ទើប​ពស់​មិនអាច​ក្រឡាប់​ខាំ​ឯប្រាណ

ជា​ធម្មតា​ចំពោះ​ការសិក្សា​ក៏ទាមទារ​អោយ​មានការ​ផ្ចិតផ្ចង់​អារម្មណ៍ ឬតាំង​ស្មារតី​អោយ​ឆ្ពោះ​តម្រង់​ទៅលើការ​សិក្សា​នោះទើប​លទ្ធផល​ល្អនៃការ​សិក្សា នឹង​កើតមានពិតប្រាកដ។ ឧទាហរណ៍ នៅក្នុង​ថ្នាក់រៀន​មួយលោកគ្រូ​អ្នកគ្រូកំពុង​តែ​ប្រឹង​អស់​ពីសមត្ថភាព​ផ្ទាល់ខ្លួន​ក្នុងការ​ពន្យល់​និងបង្ហាត់​បង្ហាញ​សិស្ស​ទាំងអស់​នៃកម្រិត​ថ្នាក់​នោះ។ គេតែង​សង្កេតឃើញ​អារម្មណ៍​សិស្ស​មានលក្ខណៈ​២យ៉ាង​ខុសគ្នា​គឺ ៈ ទី១ សិស្ស​មានការ​ផ្ចិតផ្ចង់​ចង់ចេះ​ចង់ដឹង​ និងខំប្រឹង​ស្តាប់​តាមដាន​ និងមើល​ការ​ពន្យល់​បង្ហាញ​គន្លឹះ​សំខាន់ៗ​ពីគ្រូ​។ សិស្ស​ប្រភេទនេះ​គឺតែងទទួល​បានលទ្ធផលល្អ ឬឈ្មោះ​ថា បានយល់​ និងបាន​ចេះចាំ​មេរៀន​ និងចេះ​អនុវត្ត​លំហាត់​បានប្រសើរដែលគេហៅថា សិស្ស​រៀន​បានប្រកបដោយ​ប្រសិទ្ធភាព។ សិស្ស​ប្រភេទនេះ​ នឹងត្រូវ​ទទួល​បាន​ជោគជ័យ​នៃការ​សិក្សា​នៅចុងឆ្នាំសម​តាមបំណងប្រាថ្នារបស់​ខ្លួន​ផង និង​សមតាម​បំណងប្រាថ្នានៃ​មាតាបិតា​ និងអ្នកអាណាព្យាបាល​របស់ខ្លួនផង។

ចំពោះ​ចំណុចទី២ គឺចង់​បង្ហាញ​អំពី​អារម្មណ៍​រាយមាយ​របស់សិស្ស​ក្នុង​ពេល​រៀន​ ឬជា​ពេល​ដែល​លោកគ្រូអ្នកគ្រូកំពុងបង្ហាត់បង្ហាញ។ ព្រោះឱកាសនៃការបង្រៀនរបស់គ្រូ​នោះមាន​សារៈសំខាន់បំផុត ដែលសិស្សត្រូវទទួលយក​អោយ​បានទាន់​ពេលវេលា ដើម្បី​កុំអោយ​ពេល​វេលា​ដ៏មាន​តម្លៃ​នោះ​កន្លងហួសទៅ​ចោលទទេ​ដោយ​ចុង​បញ្ចប់​នៃការ​​បង្រៀន​ និង​រៀន​បែរជា​ដូចពាក្យគេថា៖ ដូចចាក់​ទឹក​ដាក់​ក្បាលទា​ទៅវិញ។ លក្ខណៈ​បែបនេះ​ហើយដែលគេតែង​​រិះគន់​ថា ៖ ឃើញ​រូបភាព​ជាសិស្ស​តែមិន​មែន​ជាសិស្ស​នោះ​ទេ។ មានន័យ​ថា​មានរូបភាព​ជា​សិស្ស​កំពុង​តែអង្គុយ​រៀន​មែន​តែសិស្ស​នោះបាន​ធ្វើអោយ​អារម្មណ៍​ឃ្លាតឆ្ងាយ​ពី​ការរៀន។

ទិដ្ឋភាព​មួយ​បែបទៀត​ដែល​ចាស់ទុំ​ចំណាំ​តែ​និយាយ​នោះ​គឺ សិស្សមាន​រូបភាព​តាម​រយៈ​ការ​ស្លៀកពាក់​ ការធ្វើ​ដំណើរ​ទៅ​សាលារៀន​ ឃើញ​ថាជាសិស្ស​មែនតែ​សិស្សនោះ​បែរជា​​មានការ​ប្រព្រឹត្ត​ខុស​ពីភារកិច្ចជាសិស្ស​ទៅវិញ។ អ្វីដែល​ជាការ​កត់​សំគាល់​នោះគឺ សិស្សនោះ​មិន​ខំប្រឹង​រៀន​តាម​បែប​ស្វ័យ​សិក្សា​នៅផ្ទះ​ពេល​ទំនេរនោះទេ ដោយ​សិស្សនោះ​បែក​គំនិត​ទៅប្រព្រឹត្ត​អំពើ​ណា​ដែល​ប្រាសចាកពី​ការរៀន​សូត្រ​ទៅវិញនោះ ទើប​មជ្ឈដ្ឋាន​ជុំវិញ​គេមើល​ឃើញថា សិស្ស​តែមិនមែន​ជាសិស្ស​។ មាន​ន័យ​ថា​មើល​ទៅ​មួយ​ជ្រុង​មាន​លក្ខណៈ​ជាសិស្ស​និង​មើល​មួយ​ជ្រុង​ទៀត​គឺ​ជាអ្នក​ដើរលេងចោល​ការងារ​របស់​ខ្លួន។

យ៉ាងនេះហើយ​ទើបអ្នក​អប់រំ​និងទូន្មាន​បាន​រំលឹក​សិស្ស​ ឬកូនចៅ​ថាបើ​ធ្វើជា​សិស្ស​អោយ​ប្រាកដ​ជាសិស្ស​ទើប​ការសិក្សា​បាន​ទទួល​ជោគជ័យ​។ ផ្ទុយទៅវិញ​បើសិស្ស​មិនមែន​ជា​សិស្ស​នោះ​ត្រូវ​តែចោល​លុយ​មែន​ហើយ​ ព្រោះ​សិស្ស​មិន​ប្រាកដ​ក្នុងការ​សិក្សា​នោះទេ៕

លី ហាក់សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684