ព័ត៍មានទាន់​ហេតុការណ៏
Search
100926538

អាថ៌កំបាំង​ នៃ​ប្រាសាទ​ឃ្លាំង​ខាង​ជើង​ និង​ខាង​ត្បូង

 

នៅខាង​​ក្រោយ​ប្រាសាទ​សួព្រ័ត្រ​តាមផ្លូវ​ពី​ព្រះ​បរមរាជវាំង​ទៅទ្វារ​ជ័យ គេឃើញ​មានប្រាសាទ​ពីរ​មានលក្ខណៈ​សំណង់​ស្រដៀង​គ្នាគឺ​សាងសង់​អំពី​ថ្ម​ភក់​នៅ​ចុង​សតវត្សរ៍​ទី១០ និងនៅ​ដើម​សតវត្សរ៍​ទី១១ ដោយព្រះមហាក្សត្រ​២អង្គគឺ ព្រះបាទ​ជ័យវរ្ម័នទី​៥ និងព្រះបាទ​សុរិយាវរ្ម័នទី១។ ប្រាសាទ​ទាំងពីរនេះ​មានឈ្មោះ​ដូចគ្នា​គឺ ប្រាសាទ ឃ្លាំង​ដោយ​គ្រាន់តែ​ប្រាសាទ​មួយនៅ​ចំហៀង​ខាង​ជើងផ្លូវ​ហៅថា ប្រាសាទ​ឃ្លាំង​ខាង​ជើង និង​ប្រាសាទ​មួយ​ឋិត​នៅ​ចំហៀង ខាងត្បូង​ផ្លូវ​គេហៅថា ប្រាសាទ​ឃ្លាំងខាងត្បូង។ ប៉ុន្តែ​ទោះជា​មាន​សិលាចារឹក​បញ្ជាក់ថា ប្រាសាទ​ឃ្លាំង​ខាងត្បូង​សង់ក្រោយ​ក្តី​ក៏លក្ខណៈ​សំណង់​មានការ​ចម្លង​គ្នា​មើលទៅ​ស្រដៀង​គ្នា​ឬមាន​ទ្រង់​ទ្រាយ​ហាក់ដូច​ជាចេញ​ពីពុម្ព​គំរូ​តែមួយដូច​គ្នា។

តាមរយៈ​សៀវភៅ​តំបន់​ទេសចរណ៍​នៃព្រះរាជា​ណាចក្រកម្ពុជា របស់លោក កែវ.ភួង​ទំព័រ​១៣១ ផ្នែក​ខាងក្រោមមាន​ការបញ្ជាក់​អោយ​ដឹងថា ៖ តាម​​មតិប្រជាជន​សព្វថ្ងៃនេះ​បាននិយាយ​ថា ៖ ឃ្លាំង​ខាង​ត្បូងគឺ​ឋិតនៅ​ផ្នែក​ខាង​ត្បូង​ផ្លូវទ្វារ​ជ័យ និងឃ្លាំង​ខាងជើងឋិតនៅផ្នែក​ខាង​ជើង​ផ្លូវ​នៃទ្វារ​ជ័យ។ ការហៅ​ដូចនេះ​ ព្រោះ​គេយល់ថា​(ប្រាសាទទាំងពីរ)​ មាន​សណ្ឋាន​ជា​ឃ្លាំង​សម្រាប់​ដាក់អ្វី​មួយ។ ក្នុងឯកសារ​ដដែល​ត្រង់​ទំព័រ​១៣២ បាន​បញ្ជាក់​អោយដឹងថា៖ ប្រវតិ្ត​វិទូខ្លះ គិតថា​ឈ្មោះ​ឃ្លាំង​នេះមិន​សក្តិ​សម នឹង​ប្រាសាទ​ទាំង​ពីនេះ​ទេ ហើយពួកគេ​យល់ថា ប្រាសាទ​ទាំងនេះជា​កន្លែង​សម្រាប់​ទទួល​ប្រតិភូបរទេសទៅវិញ។

តាមរយៈ​ព័ត៌មាន​ប៉ុណ្ណេះ យើង​ហាក់ដូច​យល់​ឃើញ​ថា ប្រាសាទ​ឃ្លាំង​ទាំងពីរ បានឋិតនៅ​ជាអាថ៌កំបាំង​នៅឡើយ។ ដ្បិត​ជាធម្មតា​អ្វីដែល​មានឈ្មោះ​ថា ជា​ប្រាង្គ​ប្រាសាទ​នោះសំដៅ​ទៅជាគ្រឿង​តំណាង​ដ៏​ឧត្តុង្គ​ឧត្តម​នៃវិមាន​ព្រះ​អាទិទេព​។ បានសេចក្តីថា តួប៉ម​នៃ​ប្រាសាទ​តែងមានតម្កល់​បដិមា​ជាទេវរូប​ ឬតំណាង​អោយ​ព្រះអាទិទេព សម្រាប់​ធ្វើ​សក្ការ​បូជា ក្នុងពិធី​បុណ្យ​សំខាន់​ៗរបស់ជាតិ​។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ចំពោះ​មតិទី១ យល់ថា ជាឃ្លាំង​ដាក់​របស់​អ្វីមួយ​ទៅវិញ។ ដូចនេះ​យើង​ធ្វើការវិភាគថា ប្រហែល​ជាឃ្លាំង​ដាក់​គ្រឿង​សំណង់​ទេដឹង? ឬ​ជាឃ្លាំង​នៃមរតក​វប្បធម៌​របស់ជាតិ​ដែល​ចាត់ទុក​ស្មើ​នឹង​ឃ្លាំង​ធម៌ ឬឃ្លាំងវិជ្ជា ដូចជា​បណ្ណាល័យ? ឬក៏ជាឃ្លាំង​​ដែលផ្ទុក​ទៅដោយ​អាវុធសម្រាប់​ទុក​ការពារ​ប្រទេស​ជាតិ​នៅពេល​ប្រទេស​ជាតិ​មាន​សឹកសង្គ្រាម? ឬក៏​ជាឃ្លាំង​សម្រាប់​ផ្ទុកទៅដោយ​ស្បៀង​អាហារ​ក្នុងការ​ផ្គត់​ផ្គង់​ក្នុង​ព្រះបរមរាជវាំង​? ឬ​ក៏ជា​ឃ្លាំងមាស​ ឃ្លាំង​ប្រាក់និង​សម្ភារៈ​មានតម្លៃ​សម្រាប់​ព្រះមហាក្សត្រ​ប្រើប្រាស់​ជាមរតក​របស់​ប្រទេសជាតិ​? ទាំង​អស់នេះ​វាជាអាថ៌កំបាំង​ដែល​មិនមាន​ឯកសារ​​ណាបាន​បញ្ជាក់​ច្បាស់​នោះទេ។ ប៉ុន្តែ​បើនិយាយ​ថា ជាឃ្លាំង​នៃព្រះ​រាជទ្រព្យ​ ដ៏មាន​តម្លៃ​របស់​ប្រទេសជាតិ​នោះឃើញ​ថា អាច​សមហេតុ​ផល​ច្រើន​ដែលជាឃ្លាំង​គឺជា​ទីកន្លែង​ទុក​ដាក់​ហៅថាជាការ​បញ្ចេញ​បញ្ចូល​សម្ភារៈ​ប្រើប្រាស់​ជា​បច្ច័យ៤ក៏ថា​បានដែរ។

ចំពោះ​មតិ​ម្យ៉ាង​ទៀត​ក្នុង​ឯកសារ​បានបញ្ជាក់​ថា ប្រាសាទ​ឃ្លាំង​ ជាកន្លែង​ទទួល​ភ្ញៀវ​បរទេស​ប្រកបដោយ​កិត្តិយស​នោះ​ ព្រោះ​គេឃើញមាន​ទិដ្ឋភាព​ និង​សោភ័ណ​ភាព​ប្រាសាទ​គួរអោយ​ទាក់ទាញ។ បាន​សេចក្តីថា ភ្ញៀវ​កិតិ្តយស​ទាំង​អស់​មុននឹង​អញ្ជើញ​ចូលព្រះ​បរមរាជវាំង​ ត្រូវ​បាន​ទទួល​ការធ្វើ​គារវកិច្ច នៅទីនោះ​ជាមុន​ទើប​មានតំណាង​មន្ត្រី​ជាន់ខ្ពស់ជូន​ដំណើរ​ចូល​ព្រះ​បរមរាជវាំង​។ ប្រាសាទ​ទាំងពីរ​នេះ​ប្រៀប​ដូចជា​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​យើង​បច្ចុប្បន្ន​នេះក៏​ថាបានដែរ។

ប៉ុន្តែ​អ្វីទាំងអស់​ដែល​បានលើក​បង្ហាញ​នេះគ្រាន់​តែ​ជាមតិ​មួយផ្នែក​នៃការ​វិភាគ​ទៅតាម​ព័ត៌មាន​ពីឯកសារ​ប៉ុណ្ណោះ​ ព្រោះ​ប្រាសាទ​ឃ្លាំង​ទាំងពីរ​នេះ​ពុំមាន​ព័ត៌មាន​បង្ហាញ​ជាក់លាក់​នោះទេ ពោលគឺ​នៅជា​អាថ៌កំបាំង​ក្នុងរយៈ​ពេល​ជាង​មួយ​ពាន់ឆ្នាំ​មកហើយ៕

ឥន្ទ្រីយ៍ខ្មៅ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684