ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-29-A-28-Full

សិស្ស​ក្រីក្រ​ហើយ​រៀន​ពូកែ​៨០​នាក់​នៅ​សាលាបឋមសិក្សា​ដង្កោ​ ទទួល​បាន​ប្រាក់ អាហារូបករណ៍​សម្រាប់​ការសិក្សា​

​ ភ្នំពេញ ៖ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ផ្តល់​អាហារូបករណ៍​ជា​សាច់ប្រាក់ ដល់​សិស្ស​ក្រីក្រ ហើយ​រៀន​ពូកែ​ចំនួន ៨០​នាក់ ដែល​កំពុង​សិក្សា​នៅក្នុង​សាលាបឋមសិក្សា​ដង្កោ ស្ថិត​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ អាហារូបករណ៍​ដែល​ត្រូវ​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស​ក្រីក្រ​ទាំង​៨០​នាក់ គឺ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា ៣០​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​ទី​១ និង​៦០​ដុល្លារ សម្រាប់​ឆ្នាំ​បន្ទាប់​ប្រសិនបើ​មក​រៀន​បាន​ទៀងទាត់​។ ក្នុងឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ធ្វើការ​អបអរសាទរ​ចំពោះ​ក្មួយៗ​ជា​សិស្សានុសិស្ស ដែល​មាន​ជីវភាព​ខ្វះខាត ហើយ​រៀន​ពូកែ ដែល​បាន​ទទួល​ប្រាក់​អាហារូបករណ៍​លើកទឹកចិត្ត សម្រាប់​ការសិក្សា​បន្ត​ទៀត ហើយ​នេះ​ជាការ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ជំរុញ​ឲ្យ​កុមារ​ទទួល​បាន​នូវ​ការអប់រំ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​នា​ថ្ងៃ​អនាគត​។

លោក​អភិបាល ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អាណាព្យាបាល​សិស្ស​ទាំង​៨០​នាក់ ដែល​បាន​ទទួល​ប្រាក់​អាហារូបករណ៍​នា​ថ្ងៃនេះ ត្រូវ​បន្ត​លើកទឹកចិត្ត និង​ជំរុញ​កូន​របស់​ខ្លួន​ឲ្យ​បន្ត​ការសិក្សា ជៀស​វាង​បោះបង់​ការសិក្សា ព្រោះ​ក្មួយៗ​ទាំងនេះ​សុទ្ធសឹង​ជា​កុមារ​ ដែល​រៀន​ពូកែ ហើយ​ត្រូវ​បានទទួល​ប្រាក់​អាហារូបករណ៍ ដើម្បី​ប្រើប្រាស់​ក្នុង​ការទិញ​សម្ភារៈ​សិក្សា និង​ចំណាយ​នានា​សម្រាប់​ការរៀន​សូត្រ​។

លោក នុត ពុធ​ដា​រ៉ា ក៏បាន​ស្នើ​ឲ្យ​ឪពុកម្តាយ អាណាព្យាបាល​ទាំងអស់ អប់រំ​កូនចៅ​ទាំងអស់​ជៀសវាង​ការ​លេង​ហ្គេម គេច​សាលារៀន និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ដែល​នេះ​នឹង​បណ្តាល​ខូចអនាគត​ពួកគេ​។ សូម​បញ្ជាក់​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាហារូបករណ៍​តាមរយៈ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដោយ​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន ២១៩៩​នាក់ ខណ្ឌ​ចំនួន ៤ ក្នុង​នោះ​ខណ្ឌដង្កោ ទទួល​បាន​ចំនួន ៣០៨​នាក់។ នា​ថ្ងៃនេះ​សាលា​បឋមសិក្សា​ដង្កោ មាន​សិស្ស​ក្រីក្រ ហើយ​រៀន​ពូកែ ទទួល​បាន​អាហារូបករណ៍ ចំនួន ៨០​នាក់៕

រ៉ាវុទ្ធិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684