ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-04-29-full-J

លាក់​ទុក​កាំភ្លើង​AK​បត់​ខុសច្បាប់​ ប្រជាពលរដ្ឋ​លួច​រាយការណ៍​ជូន​នគរបាល​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​អ្នក​រស់នៅ​ក្បែរ​ខាង​គ្នា ​ដោយសារ​ឃើញ​បុរស​ម្នាក់​មាន​កាំភ្លើង​អាកា​បត់​មួយ​ដើម​នៅក្នុង​ផ្ទះ ​ដោយ​ពុំ​មាន​មុខ​នាទី​ការងារ​អ្វី​នៅក្នុង​ជួរ​សមត្ថកិច្ច​នឹង​គេ ​បែរជា​មាន​អាវុធ​បែប​នេះ​ ទើប​គេ​រាយការណ៍​ជូន​នគរបាល​ដើម្បី​ចុះ​មក​សួរនាំ​រក​ឲ្យ​ដឹង​ការពិត នៅ​ទីបំផុត​នគរបាល​បាន​ឃាត់ខ្លួន​បុរស​រូប​នេះ​ពី​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់​។​

នគរបាល​បាន​ចុះទៅ​ឆែកឆេរ​លំនៅដ្ឋាន​បុរស​នេះ​ កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី​រសៀល ​ថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​បន្ទប់​ជួល ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ជនសង្ស័យ​មានឈ្មោះ​ សន សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​មុខរបរ​កម្មករ​សំណង់ ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

លោក ​យឹម​ សារ៉ាន់​ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម​លោក​បាន​ចាត់​កម្លាំង​ឲ្យ​តាមដាន​ និង​ចុះ​ទៅ​ពិនិត្យ​នៅ​បន្ទប់​ជួល​របស់​ជន​សង្ស័យ​ ដោយ​មុនដំបូង​នឹក​ស្មាន​ថា​ជា​ក្រុម​ជនសង្ស័យ​ករណី​ប្លន់​ប្រដាប់​អាវុធ ប៉ុន្តែ​បន្ទាប់ពី​ធ្វើការ​សាកសួរ​ និង​តាមដាន​ស៊ើបអង្កេត​ប្រវត្តិ​រូប​រួចមក​ទើប​ដឹង​ថា​ជន​នេះ​មិនមែន​ធ្លាប់​ជាប់​ពាក់ព័ន្ធ​បទល្មើស​ប្លន់​អ្វី​នោះ​ទេ ពេលនេះ​ទោស​របស់​គាត់​គឺ​ត្រូវ​ចោទប្រកាន់​ពី​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់​តែ​ប៉ុណ្ណោះ​។​

តាម​ការសាកសួរ​ជនសង្ស័យ​រូប​នេះ​មិនទាន់​ផ្ដល់​ចំឡើយ​ច្បាស់លាស់​នៅឡើយ​ទេ ​ពាក់ព័ន្ធ​ទៅ​នឹង​ថា​តើ​បាន​​អាវុធ​នេះ​ពី​ណា​មក​នោះ ​ដោយ​ម្ដង​ឆ្លើយ​ថា​បាន​មកពី​ម្ដុំ​ខេត្តសៀមរាប ​និង​ម្ដង​ទៀត​ថា​បាន​មក​ពី​ម្ដុំ​ប្រាសាទ​តា​ក្របី​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។​

ពេលនេះ​នគរបាល​បាន​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684