ព័ត៍មានទាន់​ហេតុការណ៏
Search
11101626_1453562081603158_7824387106188071393_n

សម្តេច​ក្រុមព្រះ​ស្នើ​កុំ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ព្រួយបារម្ភ​ពី​សុខភាព​របស់​ព្រះអង្គ​ និង​អ្នក​ម្នាង

 

ភ្នំពេញ ​៖ ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ ប្រធាន​គណបក្ស​​ហ៊្វុន​ស៊ិនប៉ិច​​ បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងអស់​ព្រួយបារម្ភ​ពី​សុខភាព​របស់​ព្រះអង្គ និង​អ្នក​ម្នាង ដោយ​បាន​បញ្ជាក់​ថា គ្រូពេទ្យ​បាន​វះកាត់​ដោយ​ជោគជ័យ និង​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក ញ៉េប ប៊ុនជិន មន្ត្រ​អ្នកនាំពាក្យ។

លោក​ញ៉េប ប៊ុនជិន​ មន្ត្រ​អ្នកនាំពាក្យ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​បាន​លើក​ឡើង​ថា លោក​បាន​ពាំនាំ​នូវ​បន្ទូល​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ​ប្រធាន​គណបក្ស​​ហ៊្វុន​ស៊ិនប៉ិច​​ មក​ជូន​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​ទូទាំង​ប្រទេស​អំពី​សុខភាព​របស់​ព្រះអង្គ និង​អ្នក​ម្នាង អ៊ុក ផល្លា ក្រោយពី​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥​កន្លង​ទៅ។ លោក​បញ្ជាក់​ថា សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​​ហ៊្វុន​ស៊ិនប៉ិច​​ បាន​ថ្លែង​អំណរគុណ ​យ៉ាង​ជ្រាលជ្រៅ​ និង​រំភើប​យ៉ាង​ក្រៃលែង​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​តាមដាន​ដំណឹង ស្តីពី​សុខភាព​របស់​ព្រះអង្គ និង​អ្នក​ម្នាង​។​

តាម​លោក​ញ៉េប ប៊ុនជិន បាន​អះអាង​ថា ក្រោយពី​ការ​ត្រួតពិនិត្យ និង​តាមដាន​យ៉ាង​ល្អិតល្អន់ ក្រុម​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា សម្តេច​ក្រុមព្រះ នរោត្តម រណ​ឫ​ទ្ធិ មាន​ព្រះ​សុខភាព​ល្អជា​ប្រក្រតី មិន​មាន​អ្វី​ជា​ការ​បារម្ភ​នោះ​ឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បញ្ជាក់​ដែរ​ថា អ្នក​ម្នាង នរោត្តម ផល្លា រណឫទ្ធិ ដែល​ទទួល​រង​របួស​ប៉ះពាល់​ដល់​ផ្នែក​ខាង​ក្បាល​នោះ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បាន​សម្តែង​ការ​ពេញចិត្ត ចំពោះ​លទ្ធផល​ល្អ នៃ​ប្រតិបត្តិការ​វេជ្ជសាស្ត្រ វះកាត់​ធំៗ ហើយ​បាន​ឆ្លងកាត់​ពី​គ្រោះថ្នាក់ និង​មាន​អាការៈ​ធូរ​ស្រាល​ជាង​មុន។

ជាមួយគ្នា​នោះ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​​ហ៊្វុន​ស៊ិនប៉ិច​​ បាន​ផ្តាំផ្ញើ​ទៅដល់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ទូទាំង​ប្រទេស​ទាំងអស់ កុំ​ព្រួយបារម្ភ​ពី​សុខភាព​របស់​ព្រះអង្គ និង​អ្នក​ម្នាង​ហើយ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុង​ការ​បម្រើ​គណបក្ស​ដើម្បី​ទទួលបាន​ជោគជ័យ​នាពេលខាងមុខ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684