ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​ដុំ​ វណ្ណឌី​ និង​លោក មន្ត​ ករី​ កាំកុងត្រូល​ចុះ​ផ្សព្វផ្សាយ​ និង​ត្រួតពិនិត្យ​អាហារ​ខូចគុណភាព​នៅ​តាម​សាលា​ និង​នៅ​តាម​ទីផ្សារ​នានា​

បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែមេសា ​ឆ្នាំ​២០១៥​ លោក​ ដុំ វណ្ណឌី ប្រធាន​ការិយាល័យ​ជំនាញ​ពាណិជ្ជ នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រី​ចូលរួម​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ដែល​ដឹកនាំ​ដោយ​លោក ហុង លៀង អនុប្រធាន​ទីមួយ​ទទួលបន្ទុក​ទីផ្សារ ​ហើយ​បាន​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចុះ​ត្រួតពិនិត្យ គុណភាព សុវត្ថិភាព លើ​ទំនិញ​ម្ហូបអាហារ និង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​សិស្សា​នុសិស្ស​នៅ​វិទ្យាល័យ​សិរីសោភ័ណ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ជាច្រើន​កន្លែង​។

​លោក​ដុំ​វណ្ណឌី​បាន​និយាយ​ថា ​រយៈពេល​កន្លងមក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​យក​ទំនិញ​គ្រឿង​ហូប​ខូចគុណភាព​យក​ទៅ​ចៀន​លក់​នៅ​តាម​សាលារៀន​ដោយ​ពុំបាន​ត្រួតពិនិត្យ​ពី​នាយក​សាលា ឬ​កាំកុងត្រូល​ឡើយ​ដាក់​លក់​ឲ្យ​ក្មេង​ហូប​យ៉ាង​អានាធិបតេយ្យ ​ក្មេង​ខ្លះ​ក្រោយពី​ហូប​ហើយ​រាករូស ​និង​ឈាន​ទៅ​ដល់​ខូចសុខភាព​ក្មេង​នៅ​ថ្ងៃមុខ​ទៀត​ផង​។ ​លោក​បាន​និយាយ​ទៀត​ថា ​ចំណែក​នៅ​តាម​ទីផ្សារ​វិញ​មាន​គេ​លួច​ដាក់​របស់​ខូចគុណភាព​ ឬ​ហួស​ឌឺ​លេ​ជាច្រើន​ដាក់​លក់​យ៉ាង​អានាធិបតេយ្យ ​ដែល​ជាហេតុ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​ខូចសុខភាព​យ៉ាង​ខ្លាំង​ ដូច្នេះ​ទើប​លោក​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ផ្សារ​ និង​តាម​សាលារៀន​ធំៗ​ហើយក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សិស្សសាលា​ទាំង​ឲ្យ​យល់ដឹង​អំពី​ទំនិញ​ដែល​ខូចគុណភាព ​និង​មុខទំនិញ​ហួយ​ឌឺ​លេ​កំណត់​។​ លោក​បាន​បន្ត​ទៀត​ថា ​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​មុខទំនិញ​នៅ​តាម​ផ្សារ​ និង​នៅ​តាម​សាលារៀន​រួចមក​ពុំ​មាន​អ្វី​ប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ ​លោក​សង្ឃឹម​ថា​សិស្សសាលា​ និង​អាជីវករ​ទៅ​ថ្ងៃមុខ​នឹង​យល់ដឹង​អំពី​ទំនិញ​ខូចគុណភាព​ ហើយ​នឹង​ជៀសវាង​ឲ្យ​ឆ្ងាយ​អំពី​ទំនិញ​ខូច​គុណភាព​ទាំង​អស់​នេះ​៕

គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684