ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-29-A-32-Full

លោក​ហ៊ុន ម៉ានី​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ជិត​៤០០០​នាក់​ ដោយ​ឥត​គិតថ្លៃ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សហការ​ជាមួយ​សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ បាន​នាំ​ថ្នាំពេទ្យ​និង​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន ២០០​នាក់ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជួន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចំនួន ៣៩៩០​នាក់​នៅ​វិទ្យាល័យ​ក្រយា ស្ថិតនៅ​ឃុំ​ក្រយា ស្រុក ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។

​ លោក​លេង ផា​លី ប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ក្រយា និង​ឃុំ​សា​គ្រាម ស្រុក ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​និង​ជា ប្រធាន​ក្រុមការងារ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​លោក ហ៊ុន ម៉ា​នី​បាន​មានប្រសាសន៍ថា​ការ​ចុះពិនិត្យ​ព្យាបាល​ជំងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣៩៩០​នាក់​នៅក្នុង​វិទ្យាល័យ​ក្រយា​នា​ពេលនេះ​ គឺ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​របស់​យើង​ បាន​សហការ​ជាមួយ​សហការ​ជាមួយ សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។ លោក​បាន​បន្ត​ថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក​ហ៊ុន​ម៉ា​នី​បាន​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​នៅក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។ ប៉ុន្តែ​សំរាប់​នៅក្នុង​ស្រុក​ឱរ៉ាល់​ និង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ក្រុម​គ្រូពេទ្យ​យើង បាន​ចុះ ពិនិត្យ ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​២៣២៧៣​នាក់ នៅក្នុង​រយៈ ពេល ២៣​ខែ (៣១​លើក​) ។​

លោក​លេង​ផា​លី​បាន​បន្ថែម​ថា ចាប់​ពីពេលនេះ​ទៅ​ក្រុម​កា​ងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន​ម៉ា​នី​នឹង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជួន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​តែម្តង​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​និង​ការ​ចំណាយ​ថវិកា​របស់​ប្រជាពលរដ្ឋ​ យើង​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ​ដាច់​ស្រយាល​។

មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​លោក ហ៊ុន ម៉ា​នី បាន​ពាំនាំ​នូវ​ពាក្យ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ ពី​សំណាក់​សម្តេច​ទាំងបី​ជា​ប្រមុខ​ដឹកនាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ព្រោះថា​ជានិច្ចកាល​សម្តេច​ទាំងបី​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ជានិច្ច​។ លោក​ហ៊ុន ម៉ា​នី​បាន​មានប្រសាសន៍ថា ការដែល​លោក​នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ពិនិត្យ​សុខភាព​ជូន​ប្រជាជន​នៅ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​នា​ពេលនេះ​គឺ ក្នុង​គោលបំណង ចង់ឱ្យ​ប្រជាជន​ទាំងអស់​មាន​សុខ​ភាពល្អ គ្រប់គ្នា​នៅ​ពេល​ដែល​ប្រជាជន​មាន​សុខភាព​ល្អ​ប្រទេសជាតិ​ ក៏​មាន​ការ​អភិវឌ្ឍ​បាន​រីក​ចម្រើន​។ ជាងនេះទៅទៀត​សកម្មភាព​នេះ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ យើង​បាន​ចំណេញ​ពេលវេលា​ក្នុង​ការ​រក​ទទួលទាន​ និង​ធ្វើ​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អជា​ប្រចាំ​ដោយ​មិន​ចាំបាច់​ចំណាយពេល​ទៅ​លើ​ការទិញ​ថ្នាំពេទ្យ​និង​ទៅ​រក​គ្រូពេទ្យ​ជាប្រចាំ​ ក៏ដូចជា​ធ្វើ​ឲ្យ​ពួកគាត់​មាន​សុខ​ភាពល្អ​និង​សន្សំ​សំចៃ​ថវិកា​បាន​ថែម​ទៀត​ផង​ ពិសេស​ដើម្បី​ចូល រួមចំណែក​កាត់ បន្ថយ​ភាព ក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

លោក​ហ៊ុន ម៉ា​នី​បាន​មានប្រសាសន៍​បន្ត​ឲ្យ​ដឹង​ថា ការ​ចុះ​ជួយ​ព្យាបាល​ជំងឺ​និង​ផ្តល់​ថ្នាំពេទ្យ​នេះ​គឺជា​អំពើ​ល្អ​បរិសុទ្ធ​របស់​គណ បក្ស​ប្រជាជន​កម្ពុជា​ ហើយ​សកម្មភាព​នេះ​យើង​នឹងធ្វើ​ដូច​ភ្លៀង​រលឹម​។ លោក​បាន​បន្ថែម​ថា «​អំពើ​ល្អ​ទាំងនេះ​ក៏​ជា​កត្តា មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​គាំទ្រ​គណបក្ស ប្រជាជន​កម្ពុជា យ៉ាងច្រើន​លើសលប់​»​។

លោក​ហ៊ុន ម៉ា​នី​បាន​មានប្រសាសន៍ថា​លោក​ចង់​មើលឃើញ​ភាព​សុខសាន្ត​របស់​ប្រជាពល​រដ្ឋ​កម្ពុ​ជាពិសេស​ប្រជាជន​នៅ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ក៏​ដូច​ប្រជា​ពល​ទូទាំងប្រទេស​ព្រោះ​ថាបើ​ប្រទេសជាតិ​មាន​សន្តិភាព​ ទើប​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​បាន​ជឿនលឿន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​ពិភពលោក​។​

តាម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការព្យាបាល​ចំនួន​៣៩៩០​នាក់​មាន​បញ្ហា​ជម្ងឺ​មួយចំនួន​ដូចជា ជម្ងឺ​ផ្លូវដង្ហើម ជម្ងឺ​ប្រដាប់​រំលាយ​អាហារ ជម្ងឺ​សើ​ស្បែក ជម្ងឺ​ធ្លាក់ស ជម្ងឺ​កមរមាស់ ជម្ងឺ​ព្រូន ជម្ងឺ​ស្លេកស្លាំង ជម្ងឺ​សន្លាក់ឆ្អឹង ជម្ងឺ​រលាក​ថ្លើម ជម្ងឺ​កាមរោគ ជម្ងឺគ្រុនចាញ់ ជម្ងឺ​គ្រុនឈាម ជម្ងឺ​ភ្នែក​។​ល​។​

ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ពិនិត្យ​ព្យាបាល​ ជំងឺ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមានចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក​ហ៊ុន​ ម៉ា​នី​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មាន​តំលៃ​ដឹកនាំ​គ្រូពេទ្យ​ចុះ​មក​ព្យាបាល​ជំងឺ​ជួន​ដល់​ពួកគាត់ ​ដែល​ធ្វើ​ពួកគាត់​នេះ​ចំណេញ​ពេលវេលា​ក្នុង​ការរក​ទទួលទាន​ និង​ធ្វើ​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អជា​ប្រចាំ​ដោយ​មិន​ចាំបាច់​ចំណាយ​ទៅលើ​ការទិញ​ថ្នាំពេទ្យ​និង​ក្រុម​គ្រូពេទ្យ​ជាប្រចាំ​នោះ៕

សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684