ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-04-29-full-t

នាយ​ប្លា​ទីន ​និយាយ​ពី​ដំណើរ​ជីវិត​ដ៏​លំបាក​ក្នុង​វិស័យ​សិល្បៈ

ភ្នំពេញ ​៖ ក្នុង​ជំនួប​ផ្ទាល់​មួយ​នៅ​គេហដ្ឋាន​របស់​លោក​ នៅ​ឯ​សង្កាត់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​នេះ ​តារាចម្រៀង​នាយ​ប្លា​ទីន​បាន​និយាយប្រាប់​«​កម្ពុ​ជាថ្មី​»​ថា ដំណើរ​ជីវិត​ក្នុង​វិស័យ​សិល្បៈ​របស់​គាត់​ជួបប្រទះ​នូវ​ឧបសគ្គ​ច្រើនណាស់​រហូតមកដល់​សព្វ​ថ្ងៃនេះ។​

លោក​ ឆេង ម៉ៅ ​ហៅ​នាយ​ប្លា​ទីន​បាន​និយាយប្រាប់​ពី​ដំណើរ​ជីវិត​ក្នុង​ពេល​ចូល​ប្រឡូក​សិល្បៈ​ទៀត​ថា នៅ​ឆ្នាំ​១៩៨៤​គាត់​បាន​បោះជំហាន​ចូល​សិល្បៈ​ដោយ​ច្រៀង​នៅ​តាម​វង់​តន្ត្រី​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​រហូត​មកដល់​ឆ្នាំ​១៩៩៣​ គាត់​ក៏បាន​វេច​បង្វេច​នាំ​ភរិយា​ និង​កូន​ដើរ​ផ្សងព្រេង​រក​កន្លែង​ច្រៀង​នៅ​ខេត្តបាត់ដំបង​វិញ​គឺ​ច្រៀង​នៅ​រង្គសាល​«​វិមាន​ថ្មី​»​។ នាយ​ប្លា​ទីន​បន្ត​ថា រយៈពេល​៣​ឆ្នាំ​នៃ​ការរស់នៅ​លើទឹក​ដី​ដ៏​ស៊ីវិល័យ​បាត់ដំបង​នោះ​ គាត់​បាន​ត្រឹមតែ​ដើរ​ច្រៀង​តាម​បា​ដើម្បី​ដូរ​យក​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹម​ក្រពះ​តែប៉ុណ្ណោះ លុះ​នៅ​ឆ្នាំ​១៩៩៧​គាត់​ក៏បាន​សម្រេចចិត្ត​មក​ច្រៀង​នៅ​រង្គសាល​«​វិមាន​ផ្កាយ​មាស​»​នៅ​ឯ​ខេត្តសៀមរាប​វិញ​រហូតដល់​ឆ្នាំ​១៩៩៩​។​

នាយ​ប្លា​ទីន​និយាយ​ទៀត​ថា បើ​ទោះ​បីជា​គាត់​ខំ​ឈ្មុសឈ្មុល​ដើរ​ច្រៀង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​យ៉ាង​ណា​ក្តី ​ក៏​កេរ្តិ៍ឈ្មោះ​របស់​គាត់​មិន​ត្រូវ​បាន​គេ​ស្គាល់​នោះ​ទេ ដែល​នេះ​ជា​ឧបសគ្គ​មួយ​សម្រាប់​អាជីព​សិល្បៈ​របស់​គាត់ តែ​ទោះ​យ៉ាង​ណា​លោក​មិនបាន​អស់សង្ឃឹម​ឬក៏​បោះបង់ចោល​នោះ​ដែរ​។ ផ្ទុយទៅវិញ​លោក​នៅតែ​តស៊ូ​ដើររក​កន្លែង​ច្រៀង​ដោយ​កាលណោះ​មិនបាន​គិត​ពី​ការ​ចង់​បាន​ភាព​ល្បីល្បាញ​នោះ​ឡើយ គឺ​ដឹង​តែ​ម្យ៉ាង​គត់​ចង់បាន​ប្រាក់​ដើម្បី​ចិញ្ចឹមជីវិត ​និង​គ្រួសារ​។ តារាចម្រៀង​ដែល​និយម​ច្រៀង​តែ​បទ​បែប​កំប្លុកកំប្លែង​រូបនេះ​និយាយទៀតថា ដំណើរ​ត្រាច់​ចរ​ដែល​ពឹងផ្អែក​តែ​ទៅលើ​មុខរបរ​លក់​សំឡេង​នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​វា​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​នៅ​របស់​លោក​ធូរធារ​នោះ​ទេ តែបើ​ទោះបី​យ៉ាងនេះ​ក្តី​គាត់​នៅតែ​សង្ឃឹម​ជា​និច្ច​ថា ថ្ងៃ​ណាមួយ​ដំណើរ​ជីវិត​ក្នុង​វិថី​សិល្បៈ​របស់​គាត់​នឹង​ទទួល​បាន​ជោគជ័យ​ជាក់​ជាមិនខាន​ឡើយ​។ ក្តី​ស្រមៃ​ដែល​គាត់​ធ្លាប់​គិតទុក​ជា​យូរ​មក​ហើយ​នោះ​រហូត​មក​ដល់​ពេលនេះ​នៅ​មិនទាន់​សម្រេច​បាន​ដូច​បំណង​នៅឡើយ​ទេ បើ​ទោះ​បីជា​កន្លងមក​នៅ​អំឡុង​ឆ្នាំ​២០០៧​គាត់​ធ្លាប់​ចេញទៅ​ច្រៀង​រក​ប្រាក់​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន​២​លើក​និង​ប្រទេស​បារាំង​២​លោក​ក៏ដោយ​។​

នាយ​ប្លា​ទីន​និយាយទៀតថា សព្វថ្ងៃ​គាត់​ច្រៀង​ជាប្រចាំ​នៅ​ភោជនីយដ្ឋាន​«​បុប្ផា​រាជធានី​»​ម្តុំ​ទួលគោក​ដើម្បី​ទទួលបាន​កំរៃ​ខ្លះៗ​សម្រាប់​ជីវភាព​រស់នៅ​ដែល​មិនសូវ​ជា​ធូរធារ​នោះ​។ ទៅ​ថ្ងៃ​អនាគត​គាត់​មិនមាន​បំណង​គិតថា​បោះបង់​អាជីព​សិល្បៈ​ចោល​នោះឡើយ បើទោះបីជា​ពេល​កំពុងតែ​ស្ថិតនៅក្នុង​សភាព​យ៉ាប់យ៉ឺន​ក៏ដោយ ហើយ​គាត់​សង្ឃឹមថា បងប្អូន​ទស្សនិកជន​ទូទៅ​នឹង​ជួយ​គាំទ្រ​រូបគាត់​ផងដែរ​។ តារាចម្រៀង​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​រូប​នេះ​និយាយ​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​រៀបការ​នៅ​ឆ្នាំ​១៩៨៣​មុន​ចូល​សិល្បៈ​ដែល​មាន​ភរិយា​ឈ្មោះ​ ឈុន នី រហូត​មក​ដល់​ពេលនេះ​ទទួល​បាន​ចំណងដៃ​អាពាហ៍ពិពាហ៍​កូន​៥​នាក់​(​ប្រុស​៤​ស្រី​១)​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​(​ម្តុំ​រោងចក្រ​ផលិត​មី​ម៉ែន សារុន​)​

ឥន្ទ្រី​យ៍​ទេព​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684