ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងកដ្ឋមណ្ឌូ បានធ្វើពិធីអុជភ្លើងទៀន ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតរបស់ពួកគេ នៅក្នុងមហាសោកនាដកម្មគ្រោះមហន្តរាយរញ្ជួយដី ដ៏អាក្រក់បំផុតមិនធ្លាប់ដែលបានវាយប្រហារមកលើប្រទេសនេប៉ាល់ ក្នុងរយៈពេល៨១ឆ្នាំកន្លងមកនេះ។
យោងតាមអះអាងពីក្រសួងមហាផ្ទៃនេប៉ាល់បានឲ្យដឹងថា ចំនួនមនុស្សសរុបជាង៥ពាន់ បានស្លាប់ និងជាង៩២៤០នាក់ផ្សេងទៀត បានរងរបួស។
ប៉ុន្តែនាយករដ្ឋមន្ត្រីនេប៉ាល់ បានធ្វើការក្រើនរំឭកដែរថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់១ម៉ឺននាក់។
រយៈពេល៣ថ្ងៃ ក្រោយពីគ្រោះរញ្ជួយដីកើតឡើង ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងកដ្ឋមណ្ឌូ បាននាំគ្នាស្រុះស្រួលគ្នា រៀបចំពិធីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់។
អ្នកស្រុកម្នាក់ឈ្មោះស៊ូរីនឌឺ បាននិយាយថា ពួកលោករៀបចំពិធីអុជភ្លើងទៀននេះ ឡើង គឺដើម្បីអធិដ្ឋានដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតរបស់ពួកគេ នៅក្នុងមហាសោកនាដកម្មរញ្ជួយដី និងបងប្រុស បងស្រី និងអ្នកជិតខាងរបស់ពួកលោក។
ដោយឡែក ក្រុមមន្ត្រីនេប៉ាល់ បានទទួលស្គាល់ថា ពួកគេមានការតក់ស្លុតយ៉ាងខ្លាំង នឹងទំហំខូចខាតនៃគ្រោះមហន្តរាយលើកនេះ។
ខណៈនោះដែរ ជំនួយអន្តរជាតិ បានចាប់ផ្តើមមកដល់ប្រទេសនេប៉ាល់ ប៉ុន្តែដំណើរការជួយសង្គ្រោះហាក់ដូចនៅយឺតយ៉ាវនៅឡើយ ដោយសារព្រលានយន្តហោះមួយចំនួន ត្រូវបិទ ចរាចរណ៍ ដែលនេះបណ្តាលមកពីផលប៉ះពាល់នៃការរញ្ជួយដី៕