ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-29-15-u-full

ប្រជាជន​ខ្មែរ​ប្រើប្រាស់​រទេះគោ​ធ្វើ​អំពី​ឈើ​តាំងពី​សតវត្ស​ទី​១​មកម្ល៉េះ

 

ភ្នំពេញ ៖ យោង​តាម​ឯកសារ​សំណេរ​ដៃ​មួយចំនួន​បាន​បង្ហាញ​ថា ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ប្រើប្រាស់​រទេះគោ​តាំងពី​សតវត្ស​ទី​១​មក​ម្ល៉េះ​សំរាប់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ​។ រហូតមកដល់​សម័យ​កាល​បច្ចុប្បន្ននេះ​វត្តមាន​រទេះគោ​ដែល​ផលិតឡើង​អំពី​ឈើ​ត្រូវបាន​គេ​មានការ​ព្រួយបារម្ភ​ថា​នឹង​អាច​បាត់បង់​ប្រសិនបើ​មិន​មាន​ការអភិរក្សន៍​ឲ្យ​បាន​គត់មត់​ទេ​នោះ។

ដោយឡែក​បើ​តាម​ឯកសារ​របស់​លោក​មី​សែ​ល​ត្រា​ណេ​បាន​ឲ្យ​ដឹង​ថា ស្ថិត​ក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​ប្រជាជន​ខ្មែរ​ក្នុង​អាណាចក្រ​នគរ​ភ្នំ​ក៏បាន​ខ្ចី​យានជំនិះ​នេះ​(​រទេះ​)​ពី​ពួក​ឥណ្ឌា​ចាប់​តាំងពីដើម​សតវត្ស​ទី​១​នៃ​គ្រិស្ដសករាជ​មក​ម្ល៉េះ​។ ដូច្នេះហើយ​ទើបបាន​គេ​សន្មត​ថា​រទេះគោ​ឬ​ក្របី​ត្រូវបាន​ប្រើប្រាស់​ចាប់ផ្តើម​ឡើង​តាំងពី​ពេល​នោះ​មក​និង​មាន​រហូតដល់​សព្វថ្ងៃ​បើ​ទោះបី​ជា​ពេលនេះ​មាន​លក្ខណៈ​ប្រែប្រួល​ខ្លះៗ​ក៏ដោយ។ ប្រសិនបើ​យើង​ក្រឡេក​ងាក​ក្រោយ​ទៅ​មើល​នៅ​សម័យ​បុ​រេ​អង្គរ​ក៏ដូចជា​សម័យ​អង្គរ​គឺ​រទេះគោ​ខ្មែរ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត​ក្នុង​សង្គម​ខ្មែរ ពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​ជំនឿ​សាសនា​ខ្មែរ​ផង​ដែរ​។ នៅក្នុង​ឯកសារ​សរសេរ​ដោយ​លោក​មី​សែ​ល​ត្រា​ណេ​បាន​លើក​ឡើង​ទៀត​ថា តាមរយៈ​រូបចម្លាក់​នៅ​ប្រាសាទអង្គរវត្ត​នា​សតវត្ស​ទី​១២​នៃ​គ្រិស្តសករាជ​យើង​អាច​ឃើញ​យ៉ាង​ច្បាស់​ថា​រទេះសេះ​ដែល​ព្រះបាទ​សុ​រុ​យាវ​រ័​ន្ម​ទី​២​ប្រថាប់​ពីលើ​នោះ​គឺជា​សញ្ញា​តំណាង​នូវ​ព្រះអាទិត្យ​ឬ​ព្រះ​សុរិយា​ដែលជា​និមិត្តរូប​នៃ​សន្តតិវង្ស​របស់​ទ្រង់។

ម្យ៉ាងទៀត​ក្នុងការ​សំដែង​ក្បួន​រទេះ​ដូចជា​ក្នុង​រឿង​រាមកេរ្តិ៍ មហាភារតៈ​ឬក៏​ក្នុង​ជាតក​បែប​ពុទ្ធ​និយម​គេ​ក៏​ឃើញ​មាន​ការនិយម​នូវ​រទេះសេះ​ដែរ​។ រទេះគោ​និង​រទេះសេះ​ត្រូវបាន​ជនជាតិខ្មែរ​ពេញនិយម​ប្រើ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧​នេះ​បើ​យើង​ពិនិត្យ​លើ​វិស័យ​បដិមា​សាស្ត្រ​បុរាណ​។ ការស្រាវជ្រាវ​របស់​លោក​មី​សែ​ល​ត្រា​ណេ​បាន​បញ្ជាក់​ទៀត​ថា នៅក្នុង​វប្បធម៌​ខ្មែរ​បែប​ព្រហ្ម​ម​ញ្ញ​សាសនា​កង់រទេះ​ឬ​កងចក្រ​គឺជា​អាវុធ​ដ៏​ខ្លាំងពូកែ​របស់​ព្រះ​នារាយណ៍ ហើយ​វា​ក៏​ជាស​ញ្ញា​តំណាង​នូវ​ពេលវេលា​ដូចជា​ខែ​និង​រដូវ​ដែលមាន​នៅក្នុង​១​ឆ្នាំ​ឬក៏​ចំនួន​ថ្ងៃ​ទាំង​៣៦៥​ថ្ងៃ​។ ទន្ទឹមនឹង​នេះដែរ​កង​ចក្រ​ក៏​ជា​អាវុធ​របស់​ព្រះអាទិទេព​និង​ស្តេច​ចក្រ​វា​ឡ​ផងដែរ​។ ដោយឡែក​ប្រសិនបើ​ក្នុង​លទ្ធិ​ព្រះពុទ្ធសាសនា​វិញ​គេ​ឃើញ​មាន​ធម្ម​ជ​ក្រ​ដែលមាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​ការរៀបរាប់​ខាងលើ​នេះដែរ​។ កងចក្រ​តំណាង​នូវ​ធម្មទេសនា​ដំបូងបង្អស់​របស់​ព្រះពុទ្ធ​ក្នុង​ឩ​ទ្យា​ន​លម្ពិនី​ដោយមាន​ភារកិច្ច​អភិវឌ្ឍន៍​ព្រះ​ឱវាទ​ឬ​ព្រះ​វិន័យ​។​

ដូចនេះ​ឆ្លងតាម​ការបញ្ជាក់​យ៉ាង​លំអិត​របស់លោក​មី​សែ​ល​ត្រា​ណេ​យើង​អាច​យល់បាន​ខ្លះៗ​ថា​ជនជាតិខ្មែរ​បាន​ស្គាល់​រទេះគោ​និង​បាន​ជ្រាប​អំពី​និមិត្តរូប​រទេះគោ​បាន​យ៉ាង​ជាក់លាក់​តាំងពី​អំឡុង​សម័យ​បុ​រេ​អង្គរ ពិសេស​សម័យ​វប្បធម៌​នគរ​ភ្នំ​និង​សំណល់​ខ្លះៗ​ដែល​គេ​បាន​ជួប​ដែលជា​សក្ខី​ស្រាប់​។ ចាប់តាំងពី​សតវត្ស​ទី​១​មកដល់​ពេលបច្ចុប្បន្ន​នេះ​យើង​នៅ​ឃើញ​មាន​តំបន់​ខ្លះ​ប្រជាជន​នៅ​ប្រើ​រទេះគោ​សំរាប់​បំរើ​ឲ្យ​វិស័យ​កសិកម្ម​និង​ការដឹកជញ្ជូន​ផ្សេងៗ តែ​ទន្ទឹមនឹងនោះ​យើង​ក៏មាន​ការព្រួយបារម្ភ​អំពី​ការបាត់បង់​រទេះគោ​ខ្មែរ​ដែល​ផលិតឡើង​ពី​ឈើ​នៅ​ថ្ងៃ​អនាគត​ផងដែរ​៕

ឥន្ទ្រី​យ៍​ទេព



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684