ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-29-15-w-full

សិស្ស​សួរ​គ្នា​និង​ធ្វើ​លំ​ហាត់ បង្ហាញ​គ្នា​ឲ្យបាន​កាន់តែច្បាស់

 

មិត្តភាព​និង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​សិស្ស​និង​សិស្ស​គឺមាន តម្លៃ​ខ្ពស់ នៃ​ការសិក្សា​។ ជាពិសេស​សិស្ស​និង​សិស្ស​បាន​រួមរស់​ក្នុងកា​រ​សិក្សា​ជាមួយគ្នា​ដែលមាន​ការជួប​មុខ​គ្នា​រាល់ថ្ងៃ​។ ដូចនេះ​ទាំង​ពេលមុន​ម៉ោង​ចូលរៀន​និង​ពេលចេញ​លេង គេ​តែង​ឃើញ​សិស្ស​មាន​ទំនាក់ទំនង​នឹង​គ្នា​តាមរយៈ​ការសាកសួរ​គ្នា ឬ​ការ​រំលឹក​មេរៀន​ផង​និង​ការ​លើកឡើង​អំពី​ចំណុច​សំខាន់ៗ នៃ​លំ​ហាត់​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា​ផង​។ នេះ​ជា​សកម្មភាព​ដ៏​ល្អ​របស់​សិស្ស​ដែល​ធ្វើអោយ​ការសិក្សា​កាន​ត់​តែមាន​ភាព​រីកចម្រើន​។​

ជាការ​ពិតណាស់​សិស្ស​មិនអាច​រស់នៅ​ឯកោ​នោះទេ​គឺ សិស្ស​តែងមាន​សិស្ស​ជា​មិត្តភក្តិ​រួម​ថ្នាក់​ក្នុងការ​ចូលរួម​ធ្វើ​ការងារ​សិក្សា​ទៅតាម​រយៈ​ក្រុម​ដែល​គ្រូ​បាន​ចងក្រង ជា​ក្រុម​វេន​សំអាត​ក្តី ឬ​ជា​ក្រុម​នៃ​ការសិក្សា​តាមបែប​គោល​វិធី សិស្ស​ជា​មជ្ឈមណ្ឌល​ក្តី​។ ក្រៅពីនេះ​ក៏​សិស្ស​ទាំងអស់គ្នា​តែងមាន​ការស្រឡាញ់​រាប់អាន​គ្នា និង​មាន​ការជួយ​គ្នា​ទៅវិញទៅមក​។ ជាពិសេស​សិស្ស​តែង​បាន​ជួយ​ប្រាប់ ឬ​ជួយ​បង្ហាញ​នូវ​សំនួរ​ទាំងឡាយ​ដែល​មិត្តភក្តិ​បាន​សួរ​។ ការជជែក​ឆ្លងឆ្លើយ​ដោយ​មិនមាន​ការភ័យព្រួយ ឬ​ដោយ​មិន​មានការ​កោតញញើត​គ្នា​នេះហើយ​ដែល​ធ្វើអោយ​សិស្ស​បាន​រៀនសូត្រ​ពីគ្នា​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​។ ជាពិសេស​សិស្ស​និង​សិស្ស​ពុំមាន​ការលាក់លៀម​នូវ​តម្រិះវិជ្ជា​តាមរយៈ​ការ​កំណាញ់​ដោយ​រក្សាទុក ចំណេះ​នោះ​តែម្នាក់ឯង​នោះឡើយ​។ ជាទូទៅ​គេ​តែង​បានដឹងថា កាលណា​មាន​មិត្តភក្តិ​សួរ អំពី​បញ្ហា​មេរៀន​ត្រង់ចំណុច​ស្រពេចស្រពិល ឬ​ជា​ចំណុច​ពិបាកៗ នោះគេ​តែងដឹងថា ទាំង​អ្នក​សួរ​គេ ក៏បាន​ចេះ​ចាំ​ខ្លះៗ​ហើយ ចំណែកឯ​អ្នកឆ្លើយ​ប្រាប់​គេ​ឬ​អ្នកធ្វើការ​ស្រាយ​បញ្ជាក់​បង្ហាញ​គេ​នោះ​ក៏មាន​ការចេះ​ចាំ​កាន់​តែ​ភ្លឺស្វាង​ឬ​កាន់តែ​ច្បាស់លាស់​ផងដែរ​។ ចំពោះ​អ្នក​ដែល​បង្រៀន​គេ​នោះ​ក៏​មានន័យថា ជាការ​ដុសខាត់​ចំណេះវិជ្ជា​របស់ខ្លួន​អោយ​កាន់តែ​បាន​ស្វែងយល់​បន្ត​ខ្ពស់​ទៅទៀត​ដែរ​។​

​ ​ជាធម្មតា​សិស្ស​ម្នាក់ៗ​មិន​ដែលមាន​សិស្ស​ណា​ចេះ​ចាំ​ទាំងអស់​ហើយក៏​មិនមាន​សិស្ស​ណា​ល្ងង់​ដប់គត់ ឬ​ហៅថា ឆ្ងាយ​ហៅ​មិន​ឬ​នោះឡើយ​។ បានសេចក្តីថា ត្រង់ចំណុច​ដែល​សិស្ស​ម្នាក់​មិនចេះ​គឺ​តែងតែមាន​សិស្ស​ជា​អ្នកចេះ​ដក​ពិសោធន៍​ពីគ្នា និង​មានការ​ចែករំលែក​គ្នា​រហូតដល់​គេ​តែង​បានដឹងថា ចំណេះវិជ្ជា​របស់​សិស្ស​ក្នុង​ក្រុម​មាន​សមត្ថភាព​ស្មើគ្នា ពោលគឺ​សិស្ស​មានការ​ចេះ​ចាំ​ដូចគ្នា​ទាំងអស់​។ ព្រោះ​ការប្រាស្រ័យ​ទាក់ទង​គ្នា​នេះហើយ​ដែលជា​ការបង្ហាញ​គ្នា​ដោយ​សុទ្ធចិត្ត ដោយ​ផ្អែក​ទៅតាម​ការ​សួរ​និង​ការ​ឆ្លើយឆ្លង​គ្នា​នេះហើយ​ទើប​មានន័យថា ជាការ​បំពេញ​នូវ​ចំណេះដឹង​របស់​សិស្ស​ដែល​បាន​សិក្សា​ពី​គ្រូបង្រៀន​។​

​ ​ជាក់ស្តែង​ក្នុងការ​បញ្ចប់​ម៉ោង​បង្រៀន​របស់​គ្រូ​នោះ សិស្ស​ទាំងអស់​តែងមាន​កន្លែង​ដែល​បាន​ចេះ​ចាំ​ផង​និង​ក៏មាន​ចំណុច​ស្ទាក់ស្ទើរ ឬ​ជាការ​ស្តាប់​មិនទាន់​ផង​។ ប៉ុន្តែ​ចំពោះ​បញ្ហា​សិស្ស​សួរ​សិស្ស​នេះហើយ​ដែលជា​ពន្លឺ​មួយ​នៃ​សមូហភាព​សិស្ស​ក្នុង​ការជួយ​ទ្រោល​បំភ្លឺ​ឲ្យបាន​សម្រេច​បំណង​របស់ខ្លួន តាមរយៈ​ការនឹកឃើញ​ច្បាស់​អំពី​ការបង្រៀន​ពី​គ្រូ​កន្លងមក​ពិតប្រាកដ​។ គេ​តែងដឹងថា នៅ​ចំពោះមុខ​គ្រូ​ចំពោះ​សិស្ស​រៀន​ខ្សោយ មិនសូវ​ហ៊ាន​សួរ​គ្រូ​ទេ គឺ​មានតែ​សិស្ស​រៀន​ពូកែ​ទេ​ដែល​ហ៊ាន​សួរ​គ្រូ​។ ដូចនេះ​ចំពោះ​សិស្ស​រៀន​ខ្សោយ​តែងមាន​ការ​សួរ​តែ​សិស្ស​គ្នាឯង​ប៉ុណ្ណោះ​។ ទាំង​សំនួរ​ផ្ទាល់មាត់​និង​ទាំង​ការលើក​លំ​ហាត់​បង្ហាញ​ដើម្បីអោយ គ្នា​គេ​បាន​ជួយ​ផង​។ ប្រការ​ដែល​គួរឲ្យកត់សំគាល់​នោះ​គឺ សិស្ស​សួរ​សិស្ស​, សិស្ស​ស្តាប់​សិស្ស​និង​សិស្ស​មើល​សិស្ស​ស្រាយ​បំភ្លឺ​នោះ​តែងមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការជួយ​សិស្ស​ឲ្យបាន​ចេះ​ចាំ​និង​យល់​មេរៀន​។​

​ ​សរុបមក​ដោយសារតែ​ហេតុផល​ល្អ​យ៉ាងនេះ​ហើយ​ទើប​គ្រូបង្រៀន​តែងមាន​ការរៀបចំ​ជា​ក្រុមសិស្ស​ឲ្យ​សិស្ស​មាន​ទម្លាប់​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​ដើម្បី​រកឲ្យឃើញ​ភាពជោគជ័យ​នៃ​ការសិក្សា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684