ព័ត៍មានទាន់​ហេតុការណ៏
Search
kpt

ទស្សនៈមេរៀន បាយ័ន

 

មរតក​វប្បធម៌​នៃ ប្រាសាទបាយ័ន គឺជា​មេរៀន​ដ៏​ប្រសើរ និង​មានតម្លៃ​បំផុត​សម្រាប់​អ្នកនយោបាយ​ខ្មែរ​គ្រប់​ជំនាន់​ទាំងអស់​រៀនសូត្រ​តាម ទុកជា​ឧ​ត្ត​ម​គតិ នៃ​ជាតិខ្មែរ​។ តើ​មេរៀន​នយោបាយ​របស់​បាយ័ន​បាន​ទុកជា​បណ្តាំ​ដល់​កូន​ខ្មែរ​គ្រប់​ជំនាន់​ដូចម្តេច​?

យើង​បានឃើញ កំពូល​ប្រាសាទបាយ័ន មានមុខ​មនុស្ស​នៅ​ប្រចាំ​ទិស​ធំ​ទាំង​បួន ដែល​ប្រាសាទ​នេះ គឺជា​ការ​កសាង​ឡើង​ដោយ​ព្រះរាជ​តម្រិះ នៃ​ព្រះមហាក្សត្រ​ដ៏​ល្បីល្បាញ របស់​ខ្មែរ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ មុខ​៤​នៃ​ប្រាសាទបាយ័ន​តំណាង​ឲ្យ​ភាព​ម្ចាស់ការ ក្នុង​ការ​ការពារ និង​ការ​កសាង​ជាតិខ្មែរ ឲ្យ​ខ្លាំងពូកែ និង​មានការ​រីកចម្រើន​ខ្ពស់​។ បាន​សេចក្តី​ថា កត្តា​មនុស្សនិយម​នេះ​ហើយ​ដែល​ជា​ប្រភព​នៃ​បញ្ញាញាណ​ក្នុង​ការ​កសាង​ជាតិ​ឲ្យ​មាន​វឌ្ឍនភាព​សង្គម​បាន​គ្រប់​ជ្រុងជ្រោយ​។ មុខ​ទាំង​៤​នោះ​តំណាង​ឲ្យ​មុខ​មនុស្ស​ខ្មែរ មានការ​ចូលរួម​ទូទាំង​ប្រទេស​តែម្តង​។ បាន​សេចក្តី​ថា វប្បធម៌​អរិយធម៌​ជាតិ តែងមាន​ការលើកតម្កើង​ដោយ​ជនជាតិខ្មែរ ដែល​មនុស្ស​ខ្មែរ​មានមុខ​ដ៏​ខ្ពង់ខ្ពស់​ក្នុងការ​ច្នៃប្រឌិត​គំនិត​ផ្តើម ប្រកបដោយ​ជំនាញ និង​ទេពកោសល្យ ព្រមទាំង​ភាព​ប៉ិនប្រសប់ គ្រប់​ភារកិច្ច​ទាំងអស់​។ នេះ គឺជា​ការលើកតម្កើង និង​ទទួល ស្គាល់​នូវ​ប្រភព​នៃ​ធនធានមនុស្ស​ថា ពិតជា មាន​ភាពម្ចាស់ការ ក្នុងការ​ទទួលខុសត្រូវ​លើ ជោគវាសនា​ជាតិ ឲ្យ​មាន​ភាពរឹងមាំ និង​មានការ​រីកចម្រើន ដល់​កំពូល។

ម្យ៉ាងទៀត​កំពូល ប្រាង្គ​មុខ​៤ នេះ​ក៏បាន​បង្ហាញ​អំពី​ជោគជ័យ ក្នុងសង្គម​ខ្មែរ អាស្រ័យ​ដោយ​ការ​សាមគ្គី​គ្នា ជា​ធ្លុង​មួយ ឬ​ជាការ​ពូតផ្តុំ​នៃ​បញ្ញាញាណ របស់​មនុស្ស​ដូច​សុភាសិត​បរទេស មួយ​ឃ្លា​ពោលថា “Beau Coup de têtes beaucoup de Connaissances “​ប្រែ​ថា មនុស្ស​ច្រើន​ចំណេះដឹង​ច្រើន ជាពិសេស​បញ្ហា​សា​គ្គី​ភាព​យ៉ាង​ស្អិតល្មួត​ដែល រំលេច​ចេញពី​ព្រះភ័ក្ត្រ​ទាំង​៤​នៃ​បាយ័ន នេះហើយ​ជា​មេរៀន​ដល់​កូនចៅ គ្រប់​ជំនាន់​ឲ្យ​មានការ​ត្រងត្រាប់ និង​ប្រតិបត្តិ​តាម​ឲ្យ​បាន​ជោគជ័យ​យ៉ាង​ខ្ជាប់ខ្ជួន​។ ដូច​ពាក្យចាស់​បាន​ទុកជា​បណ្តាំ​ត​មក​ថា ចង្កឹះ​តែមួយ​គេ កាច់​បាក់​ឯ​ចង្កឹះ​ច្រើន​រួមគ្នា​ប្រាកដជា​គេ​កាច់​មិន​បាក់​ឡើយ​។ នៅក្នុង​ទ្រឹ​ស្តី​ព្រះពុទ្ធសាសនា​ក៏បាន​បញ្ជាក់​ផងដែរ​ថា សុខា​សង្ឃ​ស្ស​សាមគ្គីប្រែ​ថា សេចក្តី​ព្រមព្រៀង​របស់​ពួក ឬ​ក្រុម​នាំមក​នូវ​សេចក្តីសុខ​។ បាន​សេចក្តីថា បាយ័ន​មុខ​៤ រួមគ្នា បែរ​ទៅ​រក​ទិស​ធំ​ទាំង​៤ នេះ​ហើយ​ដែល​ជា​តំណាង​នៃ​ការ​សាមគ្គី​របស់​ជាតិខ្មែរ​កាលពី​សម័យអង្គ​រ ជាពិសេស​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ តែម្តង។

ក្នុង​ន័យ​នៃ​ការ​សាមគ្គី​ដដែល គឺ​ផ្នែក​ខាង​និន្នាការ​នៃ សាសនា​ដែល​បាន​ចាក់ឫស​ក្នុង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​កាលពី​សម័យ​អង្គរ​នោះ​មាន​ព្រហ្ម​ញ្ញា​សាសនា និង​ពុទ្ធសាសនា​មហាយាន​ក៏​មាន​ការ​រួម​រស់​ជាមួយគ្នា ប្រកបដោយ​ភាព​សុខសាន្ត​ដែរ​។ គឺ​គេ​យល់ថា ជា​ព្រះភ័ក្ត្រ​ព្រះព្រហ្ម​ផង និង​ក៏​គេ​យល់ថា​ជា​ព្រះភ័ក្ត្រ​ព្រះ​ពោធិសត្វ​អ​វ​លោ​កកេ​ស្វរៈ​ផង​។ ការយល់ឃើញ​ដូចនេះ​ទើប​បាយ័ន​មុខ​៤​មាន​តួនាទី​បង្រួបបង្រួម​ជាតិ​ឲ្យ​មូលត្រកូល​ត្របាញ់ ចូលគ្នា​ជា ធ្លុង​មួយ​នោះ។

ផ្តើម​ចេញពី​កំពូល​ប្រាសាទ មុខ​៤​នៃ​បាយ័ន​នោះ​ក៏​ដូនតា​ខ្មែរ​នៅតែ​ថែរក្សា មុខ​៤​នេះ​ទុកជា​មេរៀន​នៃ​ការ​សាមគ្គី​ជា​អមតៈ​ដល់​កូនចៅ​ខ្មែរ​ដែរ។ ជាក់ស្តែង​នៅ​កំពូល​ព្រះបរមរាជវាំង​និង​នៅ​កំពូលចេតិយ​ព្រមទាំង​នៅ​កំពូល​វិមាន​រដ្ឋសភា តែង​មាន​ការស្ថាបនា​នៃ​ទស្សនៈ មុខ​៤​នេះ​ទុកជា​មេរៀន​នៃ​ភាពខ្លាំង​ពូកែ​របស់​ខ្មែរ​អាស្រ័យ​លើ​ការប្រមូលផ្តុំ​បញ្ញាញាណ​របស់​មនុ​ស្សពិត​ប្រាកដ​។​

ជា​ចុងក្រោយ​គឺ កំពូល​នៃ​វិមាន​រដ្ឋសភា​នោះ​ហើយ​ដែលមាន​ទស្សនវិជ្ជា​នៃ​មុខ​៤ គឺ​តំណាង​ឲ្យ​មានមុខ​នៃ​ជនជាតិ​ខ្មែរ​គ្រប់​ទិស​ទាំងអស់​ដែលមាន​សមាជិកសភា​ជា​តំណាង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ការ​ផ្តុំ​នូវ យោបល់​ពិភាក្សា​ដើម្បី​ផលប្រយោជន៍​ជាតិ​ជាធំ​។ ជាពិសេស​ការ​សាមគ្គី​នៃ​ថ្នាក់លើ​នេះហើយ​វា​ជា​មេរៀន​នាំមក​នូវ​ភាពសុខសាន្ត និង​ការ​រីកចម្រើន​ក្នុងសង្គម​ខ្មែរ​ពិតប្រាកដ៕

លីហាក់សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684