ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​តូយ៉ូតា​ប្រ៊ូស បើក​បុក​ម៉ូតូ​សេ​១២៥ ពេញទំហឹង បណ្តា​លឲ្យ​បុរស​ម្នាក់​រងរបួស​ដាច់​ជើង​ម្ខាង​

កណ្តាល ៖ រថយន្ត​តូយ៉ូតា​ប្រ៊ូ​ស បើក​បុក​ម៉ូតូ​សង់​សេ​១២៥ ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ដាច់​ជើង​ម្ខាង ហើយ​បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​២៥​នាទី ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ស្ថិតនៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ជនរងគ្រោះ​មានឈ្មោះ អ៊ី​ន វុទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1H-1236 មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​តូយ៉ូតា​ប្រ៊ូ​ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-9616 បើកបរ​ដោយ​ឈ្មោះ ហ៊ុន ឈុន​ហៀក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​ប្រ៊ូ​ស ធ្វើ​ដំណើរ​យ៉ាង​លឿន​ពី​លិចទៅ​កើត ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ដល់​ចំណុចកើតហេតុ រថយន្ត​បើក​បរ​មិន​ប្រុងប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​សេ​១២៥ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដួល​អូស​ជាច្រើន​ម៉ែត្រ រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដាច់​ជើង​ម្ខាង​តែម្តង។ ហើយ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​អកុសល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ខណៈ​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​បាត់​ទៅហើយ។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​មក​លំនៅដ្ឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំពោះ​វត្ថុតាង​រថយន្ត​ និង​ម៉ូតូ​ព្រមទាំង​តៃកុង ត្រូវ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ដោះស្រាយ​បន្តទៅ​តាមផ្លូវ​ច្បាប់៕ភាវុន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684