ព័ត៍មានទាន់​ហេតុការណ៏
Search
4-5-15-sp1

ទឹម រដ្ឋា​មាន​អ្នក​តាម​សុំ​ស្អំ​បេះដូង​គរ​ជើង​គ្នា​ ក្រោយពី​បែកបាក់​ស្នេហ៍​ជាមួយ​សង្សារ​សញ្ជាតិ​ប៉ា​គី​ស្ថាន

ភ្នំពេញ ៖ ដោយសារតែ​សម្រស់​មន្ត​ស្នេហ៍​ ដ៏​ទាក់ទាញ​របស់​នាង​នោះ​បាន​ធ្វើ​ឲ្យ​បុរសៗ​ជា​ច្រើន​មាន​ទាំង​សក់ល្បាយអាចម៍ខ្លា ពោះម៉ាយ​ទើប​លែងប្រពន្ធ អ្នកជំនួញ​វ័យក្មេង ឧកញ៉ា​មាន​លុយ​ចាយ​មិន​អស់ និង​មន្ត្រី​គ្រាក់ៗ​មួយចំនួន​ផង​ដែរ​ បាន​និងកំពុង​តាម​សុំ​ស្អំ​បេះដូង​របួស​ក្រោយពី​បាន​ដឹងថា តារា​សិល្បៈ​នាង​ទឹម រដ្ឋា​បាន​ចែកផ្លូវ​គ្នា​ដើរ​ជាមួយ​គូស្នេហ៍​ ជា​អ្នកជំនួញ​ជនជាតិ​ប៉ា​គី​ស្ថាន​ឈ្មោះ​Zak Ky​នោះ​។​

​ តារា​ម៉ូដែល​និង​សំដែង​នាង​ទឹម រដ្ឋា​បាន​និយាយប្រាប់​«​កម្ពុ​ជាថ្មី​»​កាលពី​ម្សិលមិញ​ថា នាង​ទទួល​ស្គាល់ថា​ ពិតជា​មាន​បុរសៗ​ជាច្រើន​នាក់​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ព្យាយាម​ថ្ពក់​បេះដូង​របស់​នាង​មែន តែ​នាង​នៅ​មិនទាន់​បើកភ្លើង​ខៀវ​ទទួលយក​បុរស​ណា​ម្នាក់​មក​ស្អំ​បេះដូង​ឲ្យ​មាន​កំដៅ​ឡើងវិញ​នៅឡើយ​ទេ បើ​ទោះបីជា​ពេលនេះ​នាង​បាន​ដឹងថា អតីត​សង្សារលោក​Zak Ky កំពុង​តែ​កៀកកើយ​ជាមួយ​គូស្នេហ៍​ថ្មី​ដែល​ជា​អ្នក​សិល្បៈ​ដូច​នាង​ក៏ដោយ​នោះ​។​

ចំពោះ​ដំណឹង​អតីត​គូស្នេហ៍​កំពុងតែ​ផ្អែមល្ហែម​ជាមួយ​ស្រី​ថ្មី​នេះ​ដែរ ​នាង​ទឹម រដ្ឋា​បាន​និយាយ​បន្ថែមថា នាង​មិន​មាន​ការ​ឈឺ​ចិត្ត​ស្អិត​ទ្រូង​អ្វី​នោះ​ឡើយ ពីព្រោះ​ពួកយើង​ទាំង​ពីរបានផ្តាច់ទំនាក់​ទំនង​គ្នា​អស់​រយៈពេល​ជា​យូរ​ក្រែល​មក​ហើយ ដូច្នេះ​គេ​ចង់​ធ្វើ​អ្វី​ជា​រឿង​របស់​គេ​សំខាន់​ កុំ​ឲ្យ​តែ​ពាក់​ព័ន្ធ​ដល់​នាង​។ ដោយ​មិន​ចង់​គាស់កកាយ​នូវ​ស្រមោល​អតីតកាល​ ដ៏​សោកសៅ​នេះ​តទៅទៀត​តារា​សិល្បៈ​រាង​ខ្ពស់ស្រឡះ​នាង​ទឹម រដ្ឋា​ក៏បាន​បង្វែរ​មក​និយាយ​ពី​ការងារ​សិល្បៈ​វិញ​ថា ពេលនេះ​នាង​កំពុង​តែមាន​យីអ៊ុន​ឡើង​គ្រាន់បើ​ទាំង​ការសំដែង ច្រៀង​រាំ និង ដើរ​ម៉ូដ​ជាដើម ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​នាង​បាននិងកំពុង​តែ​ត្រៀមខ្លួន​ចូលកាន់​ការងារ ​ជា​ពិធី​ការិនី​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​មួយ​ដែល​មាន​ឈ្មោះថា PNN​ថែម​ទៀតផង​។​

តារា​សិល្បៈ​ដែល​ជួប​តែ​រឿង​ស្នេហា​មិន​សមប្រកប​រូប​នេះ ​បានលើកឡើង​ទៀតថា ចាប់​តាំង​ពី​ដើមឆ្នាំ​២០១៥​មក​អាជីព​សិល្បៈ​របស់​នាង​មមាញឹក​ស្ទើរតែ​រក​ពេល​សម្រាក ​ដើម្បី​ថែរក្សា​សម្រស់​មិនបាន​ផង ដែល​នេះ​ គឺជា​ឱកាស​មួយ​សម្រាប់​កសាង​កេរ្តិ៍ឈ្មោះ​បន្ថែម​ ក្នុង​វិស័យ​សិល្បៈ​ក៏ដូចជា​ឱកាស​មាស​ឱកាស​ប្រាក់​សម្រាប់​នាង​ផង​ដែរ​។ មហិច្ឆតា​សិល្បៈ​ទៅ​ថ្ងៃ​អនាគត​នាង​មិន​បញ្ឈប់​ត្រឹម​នេះ​ឡើយ ហើយក៏​មិន​លក់​កិត្តិយស​ដើម្បី​ភាព​ល្បី​នោះ​ដែរ​ដោយ​នាង​សង្ឃឹមថា ទស្សនិកជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​នឹង​ជួយ​គាំទ្រ​រូប​នាង​ជាក់​ជាមិនខាន​ឡើយ​៕

ឥន្ទ្រី​យ៍​ទេព



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684